ស្ដ្រី​ជនជាតិ​​កូរ៉េ​ខាងជើង​បី​នាក់​​រៀបរាប់​ពី​​ការរំលោភ​​សិទ្ធិមនុស្ស​

ដោយ៖ ពេញ ផេង 18-03-2017 10:09 am 2928
ស្ដ្រីរងគ្រោះ​កំពុងថ្លែង​ក្នុងកម្មវិធី

​ស្ដ្រី​បី​នាក់​ដែល​បាន​គេចខ្លួន​ចេញពី​ប្រទេស​កូរ៉េខាងជើង បាន​និយាយ​ជា​សាធារណ​អំពី​ការរំលោភ​សិទ្ធិមនុស្ស ដែល​ពួកគេ​រងគ្រោះ​នៅ​កូរ៉េ​ខាងជើង​និង​នៅក្នុង​ប្រទេស​ចិន​។​ស្ដ្រី​ទាំង​បី​នាក់​ដែល​រស់នៅ​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក បាន​រៀបរាប់​ពី​បទ​ពិសោធន៍​ឈឺចាប់​របស់​ពួកគេ ដោយ​ថ្លែង​ក្នុង​ព្រឹត្ដិការណ៍​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ទី​១៧​មីនា រៀបចំ​ដោយ​អង្គការក្រៅរដ្ឋាភិបាលរ​បស់​អាមេរិក​ឈ្មោះ​North Korea Freedom Coalition ជា​សម្ព័ន្ធ​សេរីភាព​កូរ៉េខាងជើង​។​

​ស្ដ្រី​ម្នាក់​បាន​លើកឡើង​ថា នាង​បាន​គេចខ្លួន​ចេញពី​ប្រទេស​កូរ៉េខាងជើង​ក្នុង​ឆ្នាំ​២០០៨​។​នាង​បាន​បញ្ជាក់ទៀតថា ស្ដ្រី​នៅ​ទីនោះ​រងគ្រោះ​ដោយសារ​ការរើសអើង​ជា​ប្រព័ន្ធ ហើយ​កម្រ​នឹង​ទទួលបាន​ការថែទាំ​សុខភាព​ណាស់​។​ចំពោះ​ស្ដ្រី​រត់គេច​ទៅ​ចិន​ត្រូវ​រងគ្រោះ​ដោយ​ការជួញដូរ​ក្នុងតម្លៃ​ប្រមាណ​៤០០​ដុល្លារ​ក្នុង​ម្នាក់ ប្រសិន​បើ​ពួកគេ​ស្ថិតក្នុង​វ័យ​២០​ឆ្នាំ​។​រីឯ​ស្ដ្រី​ដែល​មាន​វ័យ​ប្រមាណ​ជា​៣០​ឆ្នាំ​មាន​តម្លៃ​ប្រហែល​ជា​៣០០​ដុល្លារ​។​

​ស្ដ្រី​ម្នាក់​ទៀត​បាន​និយាយថា នាង​អាច​គេចខ្លួន​បាន​ដោយ​ធ្វើដំណើរ​ទៅ​ប្រទេស​កូរ៉េខាងត្បូង​។​ប៉ុន្ដែ​នាង​បញ្ជាក់ថា​នៅក្នុង​ប្រទេស​ចិន ប៉ូលិស​បាន​ចាប់​ដោះ​សម្លៀក​បំពាក់​នាង​ចេញ​ឲ្យនៅ​អាក្រាតកាយ និង​បាន​ធ្វើ​ទារុណកម្ម​។​នាង​រៀបរាប់​ទាំង​ទឹកភ្នែក​ថា បាន​បាត់​ដំណឹង​ពី​កូន​របស់​នាង​នៅក្នុង​ប្រទេស​ចិន​ដែរ​។​

ស្ដ្រី​ម្នាក់​ទៀត​ឈ្មោះ​Lee So-yeon ដែល​ត្រូវបាន​អញ្ជើញ​ឲ្យចូល​រួម​ជា​វាគ្មិន ក្នុង​ព្រឹត្ដិការណ៍​រៀបចំ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបា​ល​អាមេរិក បាន​និយាយ​ថា​សហគមន៍​អន្ដរជាតិ​គួរតែ​បន្ដ​ដាក់​សម្ពាធ​លើ​ការដឹកនាំ​របស់​កូរ៉េខាងជើង ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​។​

​បន្ទាប់​ពី​ព្រឹត្ដិការណ៍​បានបញ្ចប់ អង្គការក្រៅរដ្ឋាភិបាល​របស់​អាមេរិក​មួយ​នេះ បាន​ផ្ញើ​លិខិត​ទៅ​កាន់​បេសកជន​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ដោយ​ទាមទារ​ឲ្យ​ទីក្រុង​ប៉េកាំង​ត្រូវការពារ​អ្នក​គេចខ្លួន​ពី​កូរ៉េខាងជើង ចាត់ទុក​ពួកគេ​ដូច​ជា​ជនភៀសខ្លួន​អ៊ីចឹង​ដែរ និង​បញ្ឈប់​ធ្វើ​បត្យាប័ន​ពួក​គេ​ដូច​ជនអន្ដោប្រវេសន៍​ខុស​ច្បាប់​ទៀត​៕

ព័ត៌មានផ្សេងទៀត