ប្រភព​កំណើត​នៃ​របាំ​គែ​ន​

ដោយ៖ ចេន សុជាតា 17-03-2017 4:51 pm 2278
ប្រភពរូបពីហ្វ៊េសប៊ុក

​របាំ​គែន ជា​របាំ​ប្រពៃណី​របស់​ជនជាតិភាគតិច​ឡាវ​។ របាំ​នេះ​បច្ចុប្បន្ន​ត្រូវបាន​គេ​និយម​សម្ដែង ឬក៏​រាំ​លេង​កម្សាន្ត​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​។ របាំ​នេះ​បាន​ច្រើន​រាំ​ជា​ក្រុមៗ ដែល​មាន​គ្នា​ចាប់ពី​៦​នាក់​ឡើងទៅ ដែល​មាន​ជា​គូ​រវាង​បុរស និង​នារី​។ នៅ​ពេល​រាំ​គេ​បាន​ប្រើ​ឧបករណ៍ គែ​ន ជា​ឧបករណ៍​ពិសេស​ដើម្បី​ផ្លុំ​ប្រគុំ​ជា​ចង្វាក់​។ ដើម្បី​ជ្រាប​ច្បាស់​ពី​ប្រវត្តិ​នៃ​របាំ​ជនជាតិ​មួយ​នេះ ជា​បន្ត​សូម​ស្ដាប់​ការអត្ថាធិប្បាយ​ពី​ចេន សុជាតា​៖

ស្ដាប់ជាសំឡេង៖

របាំ​គែន ឬ​ឡាំ​គែ​ន ត្រូវបាន​គេ​ស្គាល់​ថា​មាន​កំណើត​ពី​ជនជាតិដើម​ភាគតិច​ឡាវ ដែល​រត់​ភៀសខ្លួន​មក​រស់នៅ​ក្នុង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ក្នុង​សតវត្ស​ទី​៦ និង​ទី​៧​។ ឯកសារ​មួយចំនួន​បាន​អះអាង​ថា របាំ​នេះ​ពុំ​សូវ​មាន​អ្នក​ស្គាល់​ប៉ុន្មាន​ទេ ព្រោះ​ត្រូវ​សម្ដែង​ម្ដងម្កាល​ប៉ុណ្ណោះ ពោល​គឺ​សម្រាប់​ឲ្យ​អ្នកធំ​មើល​។ ឯកសារ​ខ្លះ​ទៀត​និយាយថា របាំ​នេះ​មិន​ត្រូវបាន​អនុញ្ញាត​សម្ដែង​ឲ្យ​មនុស្ស​ទូទៅ​មើល​ទេ គេ​ទុក​សម្ដែង​តែ​ក្នុង​ព្រះបរមរាជវាំង​ប៉ុណ្ណោះ សម្រាប់​មហាក្សត្រ​ទត​កម្សាន្ត​។​

​តាមរយៈ​សៀវភៅ​ទស្សនីយភាព​ខ្មែរ ដែល​រៀបចំ​ដោយ​គណៈកម្មាការ​ស្រាវជ្រាវ​សិល្បៈ​វប្បធម៌ បោះ​ពុម្ព​នៅ​ឆ្នាំ​២០០៣ បានបញ្ជាក់​ថា ល្ខោន​គែន​មាន​លក្ខណៈ ខុសប្លែក​ពី​ល្ខោន​ឡាំ​របស់​ឡាវ​។ ទម្រង់​ល្ខោន​គែ​ន ដែល​មាន​នៅ​ព្រះបរមរាជវាំង គឺជា​ប្រភេទ​ល្ខោន​ច្រៀង​រាំ​បែប​បុរាណ​មួយ ដែល​អ្នក​សំដែង​សុទ្ធតែ​ស្រី​ទាំងអស់ ហើយ​អ្នក​សំដែង​ត្រូវ​ច្រៀង និង​និយាយ​ដោយ​ខ្លួនឯង ដោយ​យក​កាយវិការ​របស់​ល្ខោន​ព្រះ​រាជទ្រព្យ ជា​ក្បាច់​បាត​របស់ខ្លួន​។​

​បច្ចុប្បន្ន​របាំ​គែន ត្រូវបាន​គេ​ច្នៃ​ឱ្យ​ក្លាយជា​ទាន់សម័យ គឺ​អ្នក​រាំ​ច្រៀង​មាន​រហូត ១២ នាក់​។ ក្នុងនោះ​ស្រី​ចំនួន ៦ នាក់​រាំ​អម​ហើយ​បុរស​ជា​អ្នក​ផ្លុំ​គែន​។
​គែ​ន គឺជា​ឧបករណ៍​តន្ត្រី​គ្រឿង​ផ្លុំ ដែល​ធ្វើ​អំពី​បំពង់​ឫស្សី​តូចៗ បិទ​ផ្អោប​ជាប់​គ្នា​។ គែន​មាន​ប្រវែង​ចាប់ពី ៩​តឹក ទៅ ១ ម៉ែត្រ ២ តឹក​។ ឫស្សី​គែន គេ​រៀប​ជា​ពីរ​ជួរ ហើយ​អណ្តាត​ផ្លុំ​របស់​វា គេ​ធ្វើ​អំពី​ប្រាក់​លាយ​ជាមួយ​ទង់​ដែង ទើប​សំលេង​ឮ​ពីរោះ​ល្អ​។ វា​ជា​ឧបករណ៍​ដើម​មួយ​របស់​ជនជាតិ​អំបូរ​មន​-​ខ្មែរ ហើយ​ឥឡូវ​ក្លាយជា​ឧបករណ៍​តំណាង​ឲ្យ​លក្ខណៈ​ពិសេស​គឺ​របស់​ជ​ន​ជាតិ​ឡាវ​សព្វថ្ងៃ​។
​ឧបករណ៍​តន្ត្រី​សម្រាប់​ប្រគុំ​ក្នុង​របាំ​គែន​មានដូចជា​៖ គែន​ចំនួន ៤, រនាដ​ឯក​, រ​នាង​ធុង​, តា​ខេ​, ទ្រ​អ៊ូ​, ទ្រ​សោ​, ទ្រ​ឆេ និង​ក្រាប់​...​។ ចំណែក​ខាង​សម្លៀក​បំពាក់ និង​គ្រឿង​តុបតែង​វិញ មាន​សំពត់​ចងក្បិន​សូត្រ ឬ​សំឡុយ​គ្រប់​ពណ៌ អាវ​រឹប​រាង​ដៃ​វែង ឬ​ដៃខ្លី មាន​ពានា​ក្រមា ហើយ​ពាក់​ប្រដាប់​ដៃ ប្រដាប់​ជើង គ្រប់​បែប​ដូច​ល្ខោន​បុរាណ​ដែរ​។ ជួនកាល​អ្នករាំ​ត្រូវ​ទម្លាក់​សក់ ជួន​ក៏​បួង​សក់ ដែល​លម្អ​ទៅ​ដោយ​ភួងផ្កា​ផ្សេងៗ​ទៀតផង​។

​ជាទូទៅ​មុនពេល​ចាប់ផ្ដើម​សម្ដែង​ល្ខោន​គែន​នេះ គេ​តែង​នាំគ្នា​ធ្វើ​ពិធី​សំពះគ្រូ ដោយ​មាន​រណ្ដាប់​ផ្សេងៗ ប្រហាក្រ់​ហែល​នឹង​ពីធី​សំពះ​គ្រូ​របាំ​ក្បាច់បុរាណ​ដែរ របាំ​ព្រះ​រាជ្យទ្រព្យ​ដែរ គ្រាន់តែ​បន្ថែម​នូវ​រណ្ដាប់​មួយចំនួន ដូចជា​៖ បាយ​ដំណើប ប្រហុក ចេកទុំ​ស្វាយ​ទុំ​។ ឯ​បទ​ភ្លេង​ពិសេស​ក្នុង​ពិធី​សំពះគ្រូ​មាន​៤​បទ​៖ បទ​ស៊ុំ បទ​តា​ឡិន​តិន បទ​សារ៉ាក់​បូរី និង​បទ​តា​ឡត​ខៃ​។ ចំណែក​បទ​សម្ដែង​ក្នុង​សាច់​រឿង​វិញ ភាគច្រើន​គឺ​ខ្ចី​មក​ពី​បទ​ភ្លេង នៃ​វង់ភ្លេង​មហោរី​។ ឯ​រឿង​ដែល​ត្រូវ​យក​មក​សម្ដែង គឺ​ច្រើន​តែ​លើកយក​អន្លើ ឬ​ឈុត​នានា​នៃ​រឿង ក្រៃ​ថោង​មក​សម្ដែង​។

​សូមបញ្ជាក់​ថា តាំងពីដើម​រៀងមក ទម្រង់​ល្ខោន​គែន​នេះ​កម្រ​សម្ដែង​ឲ្យ​ប្រជាជន ឬ​មហាជន​ឃើញ​ណាស់ គឺ​សម្ដែង​តែ​ក្នុង​ព្រះបរមរាជវាំង ដើម្បី​កែ​កម្សាន្ត ឬ​ពិធីបុណ្យ​ក្នុង​ព្រះបរមរាជវាំង​តែប៉ុណ្ណោះ​... ដូច្នេះហើយ​ទើប​មិនសូវ​មាន​អ្នក​ស្គាល់ ឬ​ចេះ​ចាំ​ទម្រង់​នេះ​ប៉ុន្មាន​ទេ​។ ក្រោយមក​ក្នុង​អំឡុង​ឆ្នាំ​២០០០ ទើប​គណៈកម្មាការ​ស្រាវជ្រាវ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​មាន​លោក​ពេជ្រ​ទុំ​ក្រវិល​ជា​ប្រធាន ដោយ​មាន​ជំនួយ​ពី​អង្គការ UNISCO ផង ក៏​បាន​អញ្ជើញ​គ្រូ​ដែល​មាន​ដែល​ធ្លាប់បាន​ហាត់​របាំ​គែន​នេះ នៅ​ព្រះបរមរាជវាំង​ឲ្យមក​បង្ហាត់ សិល្បការិនី ផ្នែក​របាំ​បុរាណ នៃ​នាយកដ្ឋាន​សិល្បៈ ដោយ​បាន​លើកយក​អន្លើ​មួយ​នៃ​រឿង​ក្រៃ​ថោង​មក​សម្ដែង​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា ក្នុង​ថ្ងៃ​ទិវា​វប្បធម៌​ជាតិ ៣​មេសា ឆ្នាំ​២០០០​។ គ្រា​នោះ​ក៏​មាន​ការថត​ផ្សាយ​តាម​រយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា ហើយ​ចាប់ពីពេលនោះ​មក​ក៏​ធ្វើឲ្យ​ខ្មែរ​បាន​ស្គាល់​របាំ​នេះ​ឡើងវិញ​៕

(ប្រភពរូបពីហ្វ៊េសប៊ុក)

ព័ត៌មានផ្សេងទៀត