អ្នកនាំពាក្យ​៖​ថវិកា​៧៥​ម៉ឺន​ដុល្លារ ​​ស័ក្តិសម​​នឹង​​កិត្តិយស​ឥស្សរជន​​គោរមងារ​«​សម្តេច​»​

ដោយ៖ ចេន សុជាតា 16-03-2017 6:18 pm 36128

​ក្រៅពី​សារ​រំលែក​ទុក្ខ​ដែល​បង្ហោះ​ឡើង​ព្រោងព្រាត​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ចំពោះ​ការបាត់បង់​វត្តមាន​លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន ពី​ជួរ​រដ្ឋាភិបាល និង​ឆាក​នយោបាយ​កម្ពុជា ក៏​មាន​មិនតិច​ដែរ​នូវ​ការរិះគន់ ។ ការរិះគន់  ចំពោះ​ការចំណាយ​ថវិកាជាតិ រៀបចំ​ពិធី​បុណ្យសព​លោក ដែល​គ្រោង​ចំណាយ​ចំនួន ៣០០០ លាន​រៀល (៧៥​ម៉ឺន​ដុល្លារ​អាមេរិក​)​។ ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ រង​ការទិតៀន​ថា ខ្ជះខ្ជាយ​ថវិកាជាតិ និង ខ្លះ​លើក​ឡើង​ថា ចំណាយ​គ្មាន​តម្លាភាព ដោយ​រដ្ឋាភិបាល​បាន​អនុវត្ត​ស្ដង់ដារ​ពីរ​។

ឮ​លោក​មាស នី អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម បាន​លើកឡើង​ថា បើ​ទោះបីជា​លោក​សុខ អាន ធ្លាប់​ជា​បុគ្គល​មួយរូប ដែល​ជន​មួយចំនួន​ចាត់ទុកជា​បុគ្គល​អាក្រក់ ក្នុង​ក្រសែភ្នែក​ក្ដី ប៉ុន្តែ​ទន្ទឹម​នោះ​លោក​សុខ អាន​ក៏​ជា​វីរជន​មួយ​រូប​សម្រាប់​កម្ពុជា ដែល​បាន​បន្សល់​ស្នាដៃ​ជាច្រើន និង​បាន​លើកតម្កើង​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។ បើទោះបីជា​ចំណុច​វិជ្ជមាន​របស់​លោក​ច្រើន​បែប​ណា​ក្ដី ក៏​ប៉ុន្តែ​ចំពោះ​ការ យក​ថវិកា​ជាតិប្រមាណ​៣០០០​លាន​រៀល រៀបចំ​ពិធី​បិណ្យ​សព​គឺ​សម្បើម​មែនទែន .....

សំឡេង​លោក​មាស នី​៖

ចំណែក​លោក​សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក និង​ជា​អ្នកតាមដាន​ស្ថាន​ការ​សង្គម​កម្ពុជា យល់ថា ការចំណាយ​ថវិកា​រៀបចំ​ពិធី​បុណ្យសព​នេះ មិន​មាន​តម្លាភាព​ទាល់តែសោះ​។ លោក​អះអាង​ថា រដ្ឋាភិបាល​ធ្វើ​បែប​នេះ គឺ​បាន​អនុវត្ត​ស្ដង់ដារ​ពីរ​ក្នុង​ការប្រើប្រាស់​ថវិកាជាតិ​។ លោក​បាន​ប្រៀបធៀប​ការចំណាយ​នេះ ជាមួយ​ឥស្សរជន​នយោបាយ​ផ្សេងទៀត និង​មន្ត្រីរាជការ ប៉ូលីស​ទាហាន​ដទៃទៀត ដែល​បាន​ពលី ជីវិត​ដើម្បី​ជាតិ​មាតុភូមិ ពោល​គឺ​មាន​ភាពខុសគ្នា​ខ្លាំង​មែនទែន​។

សំឡេង​លោក​សន ជ័យ​៖

ជាទូទៅ​ឥស្សរជន​នយោបាយ​នៅ​កម្ពុជា​សុទ្ធតែ​មាន​ការ​គាំពារ​ពី​ថវិកា​រដ្ឋ​នៅពេល​ដែល​ឥស្សរជន​រូប​ណាមួយ​ទទួលមរណភាព​។ ក៏ប៉ុន្តែ​មិន​គួរណា​ចំណាយ​ថវិកាជាតិ​ដ៏​ច្រើន​លើសលុប​លើ​ពិធី​បុណ្យ​សព​ឡើយ ព្រោះថា​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​បន្ទាត់​នៃ​ភាពក្រីក្រ ហើយ​ថវិកា​ជាតិ​ក៏​នៅមានកម្រិត​។ នេះ​ជា​ការលើកឡើង​ពី​សំណាក់​លោក​សូ ចន្ថា អ្នកវិភាគ​សង្គម នយោបាយ​កម្ពុជា​។

សំឡេង​លោក​សូ ចន្ថា​៖

អ្នកវិភាគ​រូបនេះ​ក៏​បាន​ទិតៀន​ស្រដៀង​គ្នា​នឹង​លោក​សន ជ័យ ដែរ ដោយ​លោក​បាន​ប្រៀបធៀប​នឹង​ពិធី​បុណ្យ​សព​លោក​ប៉ែន សុវណ្ណ អតីត​សមាជិក​រដ្ឋសភា និង​ជា​ឥស្សរជន​រំដោះជាតិ ថា​រដ្ឋ​បាន​ចំណាយ​ក្នុង​គំលាត​មួយ​ខុសគ្នា​ឆ្ងាយ​មែនទែន​។​

យ៉ាងណាក្ដី​ជា​ការឆ្លើយតប​ពី​សំណាក់​រដ្ឋាភិបាល លោក​ផៃ ស៊ីផា​ន បាន​ប្រតិកម្ម​តប​ថា «​តួលេខ​ចំណាយ​នេះ មិន​អាច​គណនា​ទូទាត់​នឹង​សមិទ្ធិផល ដែល​លោក សុខ អាន បាន​បន្យល់​ទុក​សម្រាប់ ប្រទេស​កម្ពុជា​ឡើយ​។ លោក សុខ អាន មានគុណ​វឌ្ឍិ​សំខាន់ៗ​ជាច្រើន រាប់​ចាប់ពី ការចូលរួម​បង្កើត គណៈកម្មាធិការ​កសាង​សន្តិភាព នា​ទសវត្ស​ទី​៨០ ការចចារ​ជា​មួយ​អន្តរជាតិ​ក្នុង​ការរៀបចំ​សាលាក្តី​ខ្មែរក្រហម ការអភិរក្ស និង​អភិវឌ្ឍ​អង្គរ ព្រមទាំង​ការដាក់​ប្រាសាទ​ព្រះវិហារ ចូល​ក្នុង​បញ្ជីបេ​តិកភ័​ណ្ឌ​ពិភពលោក ជាដើម​។ លោក ផៃ ស៊ីផា​ន បន្ថែមថា តួលេខ​នេះ មិន​ខ្ជះខ្ជាយ​ពេក​ទេ ព្រោះ​រួមបញ្ចូល​ការចំណាយ​ថ្លៃ​យន្តហោះ​ដឹក​សព មាតុភូមិនិវត្តន៍​ពី​ប្រទេស​ចិន មក​កម្ពុជា​វិញ និង​ការរៀបចំ​ពិធី ឲ្យបាន​សមរម្យ តាម​ទំនៀមទម្លាប់​ប្រពៃណី ស័ក្តិសម​នឹង​កិត្តិយស​របស់​សព​»​។ លោក ផៃ ស៊ីផា​ន បញ្ជាក់ថា ការប្រកាស​ខ្ទង់ចំណាយ​នេះ គឺជា​ចេតនា​បង្ហាញ​តម្លាភាព របស់ គណៈរដ្ឋមន្ត្រី  ហើយក៏​ជា​កម្រិតស្តង់ដា​មួយ ដែល រាជរដ្ឋាភិបាល​ធ្លាប់​ចំណាយ​រៀបចំ​បុណ្យសព​កន្លងមក សម្រាប់ គោរម​ងារ ជា «​សម្តេច​»​។ នេះ​ជា​អ្វី​ដែល​លោក​បាន​លោក​ឡើង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​។​

លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន គឺ​ជា​ឥស្សរជន​ទី​៨ ដែល​ទទួលបាន​គោរម​ងារ ជា​«​សម្ដេច​»​ពី​ព្រះមហាក្សត្រ ។ កាលពី​ថ្ងៃ​ទី​១៣ មីនា ឆ្នាំ​២០១៧ ពោល​២​ថ្ងៃមុន លោក​ទទួលមរណៈភាព ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាដ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ព្រះរាជទាន​គោរមងារ​លោក​សុខ អាន ជា «​សម្ដេច​វិបុល​បញ្ញា​សុខ អាន​» ព្រោះ​ព្រះអង្គ​យល់ថា លោក​សុខ អាន ជា​អ្នកដឹកនាំ​មាន​ស្វាមីភក្តិ​ចំពោះ​រាជបល្ល័ង្គ ការពារ​និង​គោរព​ព្រះពុទ្ធសាសនា ការពារ​យុត្តិធម៌​សង្គម និង​ដើម្បី​និរន្តរភាព​រាជានិយម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។  
​សូម​ជម្រាប​ថា​ឥស្សរជន​ជាន់ខ្ពស់​មួយ​រូប​នេះ ក្រៅពី​មាន​តួនាទី​សំខាន់​ក្នុង​ឆាកនយោបាយ លោក​ក៏​ធ្លាប់​បាន​កាន់​នូវ​ដំណែង​មិនតិចជាង​២០​ទេ ក្នុង​ជួរ​រដ្ឋាភិបាល​តាំងពីដើម​រៀងមក ក្នុងនោះ​លោក​ជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី សមាជិក​រដ្ឋសភា​មណ្ឌល​ខេត្តតាកែវ ជា​ប្រធាន​ក្រុមប្រឹក្សា​កំណែទម្រង់រដ្ឋបាល ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អតីត​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រេងកាត​...​ជាដើម​។ ជា​ការ​គួរ​កត់សម្គាល់ ក្រៅ​ពី​រូបលោក​ជា​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល កូនប្រុស​របស់​លោក​ទាំ​ង​៤​នាក់ ក៏​ជា​មន្ត្រី​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ផងដែរ​៕

ដោយ​៖ ចេ​ន សុជាតា​

ព័ត៌មានផ្សេងទៀត