វាសនា​សង្គ្រោះ​ជាតិ​​នឹង​ទៅជា​យ៉ាងណា​​បើ​ក្រសួង​មហាផ្ទៃ​​មិន​ផ្ដល់​សុពលភាព​​ក្បាលម៉ាស៊ីន​ថ្មី​?​

ដោយ៖ ខាត់ សុធី 15-03-2017 11:47 am 28905

កាលពី​ថ្ងៃ​ទី​១៤ មីនា លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លើកឡើង ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​៥១ និយាយថា​ទំនង​មាន​ការលំបាក​ក្នុង​ការផ្ដល់​សុពលភាព​ដល់​សមាសភាព​ក្បាលម៉ាស៊ីន​ថ្មី នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដ្បិត​គណបក្ស​នេះ​បាន​ធ្វើ​ខុស​ពី​លក្ខន្តិកៈ​គណបក្ស​។​លោក ស ខេង បញ្ជាក់ថា ក្រសួងមហាផ្ទៃ ដែល​មាន​ភារកិច្ច​ផ្ដល់​សុពលភាព​គណបក្ស​នយោ​បាយ នឹង​សិក្សា​ឲ្យបាន​ច្បាស់លាស់​ថា តើ​គេ​អាច​ផ្ដល់​សុពលភាព​ដល់​គណបក្ស​ប្រឆាំង ឬ​យ៉ាងណា នៅពេលដែល​លោក​ទទួលបាន​ព័ត៌មាន​បឋម​ថា គណបក្ស​នេះ​បាន​ជ្រើសរើស​ក្បាលម៉ាស៊ីន​ថ្មី​របស់​បក្ស ខុស​ពី​អ្វី​ដែល​មានចែង​ក្នុង​លក្ខន្តិកៈ​។​

 

​បើ​តាម​ការលើកឡើងរ​បស់​លោក​ស ខេង ដែល​ផ្សព្វផ្សាយ​ដោយ​វិទ្យុ​បាយ័ន ថាបើ​តាម​លោក​ដឹង លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពីមុន​ថា កាលណា​អវត្តមាន​ប្រធាន​មិន​ដល់ ១៨​ខែ គឺ​កន្លែង​ហ្នឹង​គេ​ទុក​ទំនេរ ប៉ុន្តែ​ឥឡូវនេះ​គឺ​សល់​តែ ២​ខែ​ជាង​មកទល់នឹង​សមាជ​របស់​គាត់​ហ្នឹង វា​មាន​ទៅដល់ ១៨​ខែ​ឯណា​! ដូច្នេះ​ម៉េច​ក៏​គណបក្ស​សង្គ្រោះ​ជាតិ ជ្រើសរើស​ប្រធាន​? ប៉ុន្តែ​យ៉ាងណា​លោក​នៅ​មិនទាន់​ច្បាស់​ទេ ដោយ​ត្រូវ​ពិនិត្យ​ឯកសារ​សិន តែ​លោក​ថា បើ​អ៊ីចឹង​មែន គឺ​ពិបាក​នឹង​ទទួល​ស្គាល់​។​

 

​បើ​តាម​ការបញ្ជាក់​កន្ល​ង​មក សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃ​ទី​២ ខែ​មីនា គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើឡើង​ដោយ​ការបង្ខំចិត្ត ។​ប៉ុន្តែ​គណបក្ស​នេះ ក៏​បាន​កែប្រែ​ប្រការ​ចំនួន​ពីរ​នៅក្នុង​លក្ខន្តិកៈ​គណបក្ស​រួចហើយ​ដែរ​។​សមាជ​វិសាមញ្ញ​ធ្វើឡើង​នៅ​ក្រោយពេល​លោក សម រង្ស៊ី លាលែង​ពី​ប្រធាន​បក្ស​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ នោះ បាន​ផ្ដល់​សេចក្ដីទុកចិត្ត​ឲ្យ​លោក កឹម សុខា ធ្វើជា​ប្រធាន ហើយ​អ្នកស្រី មូរ សុខ​ហួរ លោក​ប៉ុល ហំ​ម និង​លោក អេង ឆៃអ៊ាង ជា​អនុប្រធាន​។​សមាជ​វិសាមញ្ញ​ធ្វើឡើង ដើម្បីឲ្យ​ទៅនឹង​ច្បាប់​គណបក្សនយោបាយ​ដែល​ទើបនឹង​វិសោធនកម្ម​ថ្មី​។​

ប្រសិនបើ​ក្រសួង​មហាផ្ទៃ មិន​ផ្ដល់​សុពលភាព​ដល់​សមាសភាព​ក្បាលម៉ាស៊ីន​ថ្មី នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មែន តើ​វាសនា​គណបក្សប្រឆាំង​មួយ​នេះ​នឹង​ទៅជា​បែបណា​?

 

​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​លោក​មាស នី សម្តែង​ក្តីបារម្ភ​ជាខ្លាំង ចំពោះ​ជីវិត​នយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​បារម្ភ ព្រោះ​ពេល​នេះ សង្គ្រោះ​ជាតិ​គឺជា​ឆ្អឹង​ទទឹង​ក របស់​គណបក្ស​កាន់អំណាច​។​លោក​ប្រៀបធៀប​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ពីមុន​ជា​សត្វ​តូច ដែល​ពស់​អាច​លេប​បាន​ស្រួល តែ​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​សត្វ​ដ៏​ធំ ដែល​ពស់​ពិបាក​លេប​។​ដូច្នេះ​មានតែ​វាយ​កម្ទេចចោល​…..

 

​សំឡេង​លោក​មាស នី​៖

 

​យ៉ាងណា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក​ហង្ស ពុទ្ធា បញ្ជាក់ថា រហូតមកដល់​ពេលនេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ទទួល​ចុះបញ្ជី​គណបក្សនយោបាយ និង​បេក្ខជន គណបក្ស​សង្គ្រោះ​ជាតិ រួចរាល់​ហើយ ដោយ​ផ្អែក​លើ​ឯកសារ​ដើម​របស់​ក្រសួងមហាផ្ទៃ​។ ប៉ុន្តែ​នៅពេល​សួ​ថា បើ​ក្រសួង​មហាផ្ទៃ ពិតជា​មិន​ផ្ដល់​សុពលភាព​ដល់​សមាសភាព​ក្បាលម៉ាស៊ីន​ថ្មី គណបក្ស​នេះ នៅតែ​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ឃុំ​-​សង្កាត់​នៅ​ពេល​ខាងមុខ​ដដែល​ឬ​យ៉ាងណា​? លោក​ហង្ស ពុទ្ធា សុំ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ជោគវាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ …

 

​សំឡេង​លោក​ហង្ស ពុទ្ធា​៖

 

​សូមបញ្ជាក់​ថា ការសម្រេចចិត្ត​រុះរើ​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​បន្ទាប់​រដ្ឋសភា​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ ដែល​បាន​ហាមប្រាម​មិន​ឲ្យ​មេដឹកនាំ​បក្ស​ដែល​មាន​ទោស​ធ្វើជា​ប្រធាន អនុប្រធាន​គណបក្ស រហូត​ដល់​សមាជិក​គណៈកម្មការ​នាយកឈ​ប់​ធ្វើ​នយោបាយ​ក្នុង​រយៈពេល ៥​ឆ្នាំ​។ លើសពីនេះ គណបក្សនយោបាយ អាច​នឹង​ត្រូវ​រំលាយ​ចោល ប្រសិនបើ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​។ វិសោធនកម្ម​ច្បាប់​ដែល​អនុម័ត​ដោយ​គណបក្សកាន់អំណាច បាន​រង​ការរិះគន់​ពី​ក្រុម​អ្នកវិភាគ និង​អ្នកតាមដាន​សង្គម​ថា គឺជា​ចេតនា​ចង់​រំលាយ និង​បញ្ចប់​ជីវិត​នយោបាយ​បក្សប្រឆាំង​ឲ្យបាន​មុន​ការបោះឆ្នោត​ឆ្នាំ ២០១៨៕

 

​ដោយ​៖​ខាត់ សុធី​

ព័ត៌មានផ្សេងទៀត