តើ «​របាំ​ភ្លយ​សួយ​» ​មាន​ប្រវត្តិ​យ៉ាងដូចម្ដេច​?​

ដោយ៖ ចេន សុជាតា 10-03-2017 4:01 pm 850

​របាំ​ភ្លយ​សួយ គឺជា​របាំ​ប្រពៃណី​ដ៏​ចំណាស់​តែ​ក៏​ជា​របាំ​ដែល​មាន​ភាពរស់រវើក​មួយ របស់​បងប្អូន​ជនជាតិភាគតិច​សួយ ដែល​រស់នៅ​តំបន់​ព្រៃ​ភ្នំ​នា​ទឹកដី​ខេត្ត​កំពង់ស្ពឺ​។ របាំ​នេះ​មានកំណើត​ចេញពី​ជនជាតិភាគតិច​សួយ ដែល​រស់នៅ​ក្នុង​ស្រុក​ឱ​រ៉ាល់​ខេត្តកំពង់ស្ពឺ​។ ជនជាតិភាគតិច​សួយ​បាន​បង្កើត​ជា​តន្ត្រី និង​របាំ​ជាច្រើន​ប្រភេទ​ផ្សេងៗ​គ្នា ទៅ​តាម​តំបន់​ដែល​គេ​រស់នៅ ដូចជា​របាំ​ស្គរ របាំ​តប់​អំ​បក់ (​ភាសា​ខ្មែរ​ថា របាំ​បុក​អំបុក​) របាំ​សែន​ព្លយ របាំ​ហែរ​សង្ឃឹក​ជាដើម​។ របាំ​ទាំងនេះ គេ​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ខែ​ពិសាខ និង​ខែជេស្ឋ ត្រូវ​នឹង​ខែ​មេសា​-​ឧសភា​។ សូម​ស្ដាប់​នាទី មរតក​វប្បធម៌​ដែល​រៀបចំ​ជូន​ដោយ​ចេន សុជាតា​៖

​សំឡេង​៖

​របាំ​ភ្លយ​សួយ សិល្បករ​-​សិល្បការិនី​ទាំងអស់​មុន​នឹង​សំដែង​ត្រូវ​ក្រាប​សំពះ​បួងសួង​ជា មុន​សិន ហើយ​ក៏​ចាប់​ច្រៀង​បទ «​ឃាំង​» ឯ​មេកន្ទ្រាញ​ចេញ​សំដែង​នោះ​គេ​ច្រៀង​បទ «​ព្រើ​ត​»​។ ចំណែកឯ​តួ​សំដែង​ឲ្យ​នាង​ឃ្លី​ន​វិញ ក៏​ច្រៀង​បទ​ព្រើត​ដែរ​។ ចំណែកឯ​សិល្បករ​-​សិល្បការិនី​ដទៃទៀត​ក្នុង​របាំ​នេះ​ក៏​ចេញ​សំដែង​ដោយ ច្រៀង​បទ​ម៉ញ​។ បទ​ចម្រៀង​ទាំងអស់​គឺជា​សំនៀង​ប្រកប​ដោយ​សម្លេង​យ៉ាង​ក្រអៅ​ក្រអួន​ឮ គ្រលួច​អុស​បន្លាយ​ពីរោះ​គួរអោយ​ស្រណោះស្រណោក​ពេក​ក្រៃ ធ្វើអោយ​អ្នក​ស្ដាប់​ងាយ​ចាំ ហើយ​ដ​ក់ជាប់​ក្នុង​ចិត្ត​ជា​និច្ច​។
​សិល្បៈ​របាំ​ភ្លយ​នេះ បងប្អូន​ជនជាតិភាគតិច​សួយ ក៏​តែងតែ​យក​មក​សំដែង​ក្នុង​ពិធី​ឡើង​សំណំ (​ពាក្យ​ខ្មែរ​ថា ឡើង​អ្នកតា​) សម្រាប់​ឧទ្ទិស​ដល់​ព្រលឹង​បុព្វការី​ជន​របស់គេ និង​អ្នកតា​ម្ចាស់​ស្រុក​ភូម​របស់គេ ដើម្បី​សុំ​សេចក្ដីចំរើន​ដល់​មនុស្សម្នា​ក្នុង​ភូមិឋាន សត្វ​ចិញ្ចឹម​របស់គេ និង​ដំណាំ​ដាំ​ដុះ​របស់​ពួកគេ​ផង​ដែរ ។​

ទម្រង់​សិល្បៈ​របាំ​ភ្លយ​សួយ​ទាំងនោះ ត្រូវបាន​មន្ទីរ​វប្បធម៌​ខេត្ត​កំពង់ស្ពឺ​កត់ត្រា​ចងក្រង​ប្រមូលផ្ដុំ​របាំ​ទាំងអស់ នោះ​ឡើង ជា​របាំ​ភ្លយ​ធំ​តែ​មួយ ឲ្យស្រប​តាម​រឿងព្រេង​និទាន​របស់​បងប្អូន​ជនជាតិភាគតិច​សួយ ដែល​តំណាល​ថា : កាលពីព្រេងនាយ​មាន​មេកន្ទ្រាញ​ម្នាក់​កាំ​ម៉ាក់ គាត់​មាន​ប្រពន្ធ​បីនាក់​។ ប្រពន្ធ​ទី​១ ឈ្មោះ​នាង​ឃ្លីន ទី​២ ឈ្មោះ​នាង​តី និង​ទី​៣ ឈ្មោះ​នាង​ម៉ី​។ ថ្ងៃមួយ​មេកន្ទ្រាញ​បាន​នាំ​សេនា​របស់​ខ្លួន​ចេញ​ទៅ​បរបាញ់​សត្វ​ក្នុង ព្រៃ រីឯ​ប្រពន្ធៗ​នៅ​ផ្ទះ​ក៏​នាំ​គ្នា​ជជែក​លេង​ពី​នេះ​ពី​នោះ រហូត​ដល់​ភ្នាល់​គ្នា​ថា នៅ​ពេល​ប្ដី​ត្រឡប់មកវិញ តើ​គាត់​សម្រាន្ត​ជាមួយ​អ្នកណា​? ម្នាក់ៗ​សុទ្ធតែ​អះអាង​យក​ប្រៀប​រៀងៗ​ខ្លួន​ថា "​ពិតជា​នៅ​ជាមួយ​ខ្លួន​"​។ នាង​ឃ្លីន ដែល​ជា​ប្រពន្ធ​ទី​១ បាន​អះអាង​ថា បើ​ប្ដី​វិល​វិញ​ហើយ​មិន​នៅ​ជាមួយ​ខ្លួន​ទេ​នោះ​ខ្លួន​នឹង​ចាកចេញ​ពី​ផ្ទះ ទាំង​យប់​ហើយ​ទៅ​រស់នៅ​ក្នុង​ល្អាង​ភ្នំ​ជា​រៀងរហូត​។​

​លុះ​មេកន្ទ្រាញ​ជា​ស្វាមី វិលត្រឡប់​មក​ដល់​ផ្ទះ គាត់​ក៏​បាន​ចូល​ទៅ​សម្រាន្ត​ជាមួយ​ប្រពន្ធ​ទី​៣ ព្រោះ​នាង​ប៉ិនប្រសប់​លួងលោម​ថ្នាក់ថ្នម​យកចិត្ត​ប្ដី​ជា​ពិសេស​។ ចំណែក​នាង​ឃ្លីន ជា​ប្រពន្ធ​ទី​១ បានដឹង​រឿង​នេះ​ហើយ​ក៏​ម្នីម្នា​រៀបចំខ្លួន មាន​បង្វេចខោអាវ​សាវ​ស្បៃ ហើយ​លួច​គេចចេញ​ពី​ផ្ទះ​ទៅ​ល្អាង​ភ្នំ​ដែល​ខ្លួន​បាន​ភ្នាល់​ក្នុង​គ្រា យប់​នោះ​ទៅ​។​

​លុះ​ព្រឹក​ឡើង​មេកន្ទ្រាញ​បាត់​ប្រពន្ធ​ទី​១ ពុំ​ឃើញ គាត់​ក៏​សាកសួរ​គេឯង​ដឹង​ពី​រឿងរ៉ាវ​នោះ រួចហើយ​ក៏​អោយ​គ្រូ​ហោរា​ទស្សន៍ទាយ ឈ្មោះ​ឃាំង ទស្សន៍ទាយ​គន់គូ​មើល​។ បន្ទាប់​មក​មេកន្ទ្រាញ​ក៏​បាន​ចាត់​សេនា​ជំនិត​ម្នាក់​ឈ្មោះ​នាយ ម៉ញ អោយ​ទៅ​តាម​រក​ប្រពន្ធ​តាម​ទំនាយ​របស់​លោកគ្រូ​ឃាំង​។

​នាយ​ម៉ញ បាន​ដើរ​តាមរក​អស់​រយៈពេល ៧​យប់ ៧​ថ្ងៃ ពុំ​ឃើញ លុះ​មកដល់​ល្អាង​ភ្នំ​មួយ គាត់​ក៏​ឈប់​សម្រាក​នៅ​ទីនោះ​។ បរិយាកាស​នៅ​ជុំវិញ​បរិវេណ​មាត់​ល្អាង​ភ្នំ​នោះ​មាន​ទេសភាព​ល្អ​ណាស់ មាន​ទឹក​ហូរ​រឹមៗ ឮសូរ​ពីរោះ​រណ្ដំ​ផ្សំ​ទៅនឹង​ជំនោរ​ខ្យល់​បក់​មករ​ហៀកៗ​ដែល​នាំ​មក​ជាមួយ នូវ​គន្ធពិដោរ​ផ្កា​ព្រៃ និង​សំឡេង​សត្វ​រៃ​យំ​កណ្ដឹង សត្វ​កន្លង់​យំ​រងំ លាយឡំ​ដោយ​សម្រែក​បក្សាបក្សី ម្រឹគីម្រឹគា​យំ​ឆ្លើយឆ្លង​គ្នា​កងរំពង​ពេញ​ព្រៃ​។ រំពេច​នោះ​សត្វ​ក្ងោក​ក៏​ចេញ​មក​ពត់ពេន​ប្រឡែង​គ្នា​រេ​រាំលេង​យ៉ាង​សប្បាយ រីករាយ សត្វ​ក្ដាន់ ប្រើ​ស រមាំង ទន្សាយ ក៏​ចេញ​មក​លោតកញ្ឆេង​ប្រឡែង​ប្រដេញ​គាគ​ង​រេ​រាំ​ទន្ទាំ​ង​ផ្អៀងផ្អង​ដាក់ គ្នា​យ៉ាង​សប្បាយ​សុខដុមរមនា​តាម​បែប​ធម្មជាតិ មើលទៅ​ហាក់ដូចជា​ផ្ទាំងទស្សនីយភាព​មួយ​យ៉ាង​ល្អ​ឧ​ប​ក្ដិ​ក​ពី​ស្ថាន សួគ៌ា​ល័យ​មក​ពិតៗ​។ នាយ ម៉ញ កំពុងតែ​ជក់ចិត្ត​ផ្ដិតអារម្មណ៍​គយគន់​វិកាល​ភាព​នេះ ស្រាប់តែ​ឃើញ​នាង​ឃ្លីន ចេញពី​ក្នុង​ល្អាង​មក​ប្រឡែង​លេង​ជាមួយ​សត្វ និង​ធម្មជាតិ​នៅពេល​នោះ​យ៉ាង​សប្បាយរីករាយ​ផងដែរ​។ នាយ​ម៉ញក៏​រត់​ទៅ​ជួប​នាង ហើយ​ខំ​និយាយ​អង្វរករ​យ៉ាងណា​ក្ដី​ក៏​នាង​ឃ្លីន​បានប្រកែក​យ៉ាងដាច់ អហង្កា​រ ថា​ពុំ​ព្រម​វិលត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​ឡើយ ហើយ​នា​ក៏​គេចខ្លួន​រត់​ចូល​ទៅ​ល្អាង​ភ្នំ​នោះ​បាត់ទៅ​។​

​នាយ​ម៉ញ ក៏​ត្រូវ​នាំយក​ដំណឹង​នេះ​មក​ប្រាប់​មេកន្ទ្រាញ​តាម​ដំណើរ​រឿង​ដែល​ខ្លួន បាន​ជួបប្រទះ​។ មេកន្ទ្រាញ​ឈ្មោះ​កាំ​ម៉ាក់​ក៏​ចាត់​គេ​បង្កើត​ឧបករណ៍​ភ្លេង​ភ្លយ ដើម្បី​លេង​អោយ​ឲ្យ​ឮ​ពីរោះ​ដូច​សម្លេង​សត្វ និង​ធម្មជាតិ និង​ឲ្យគេ​រៀបចំ​ក្រុម​របាំ​ត្រាប់​តាម​សត្វ​ក្ងោក រមាំង ទន្សាយ ប្រើ​ស ក្ដា​ន់ ប្រឡែង​លេង​នឹង​គ្នា​ដូច​ដែល​នាយ ម៉ញ ពោល​ប្រាប់ ដើម្បី​ទៅ​សំដែង​នៅ​មាត់​ល្អាង​ភ្នំ​នោះ​ដូច​លើក​មុន​។ នាង​ឃ្លីន បាន​ឮ​សម្លេង​តន្ត្រី​ប្រគំ​ហើយ​ក៏​សប្បាយរីករាយ​ចិត្ត ហើយ​ចេញ​មក​លេង​ប្រឡែង​ដូច​គ្រា​មុនៗ​ជាធម្មតា​ទៀត​។ លុះ​មួយសន្ទុះ​ក្រោយមក​ទើប​នាង​ដឹងថា ពុំមែន​ជា​សម្លេង​សត្វ​ក្នុង​ធម្មជាតិ​ពិតៗ​ទេ នាង​ក៏​ចង់​គេចខ្លួន​។​

​ប៉ុន្តែ​ទាំង​មេ​កន្ទ្រាញ និង​អ្នកភូមិ​ទាំងអស់គ្នា​បាន​អង្វរករ​អោយ​នាង​ឃ្លីន​ត្រឡប់ទៅផ្ទះ​វិញ នាង​ឃ្លី​នក៏​នៅតែ​ពុំ​សុខចិត្ត ខណៈ​នោះ​ម្ចាស់​ល្អាង​ភ្នំ ឬ​ជា​អ្នកតា​ភ្នំ ដែល​ថែរក្សា​តំបន់​នោះ​ក៏​ចេញមក​សួរ​កាំ​ម៉ាក់​ជា​ប្ដី​ថា បើ​នាង​ព្រម​វិលត្រឡប់​ទៅវិញ តើ​អោយ​អ្វី​ដល់​គាត់​? កាំ​ម៉ាក់​ឆ្លើយថា អោយ​អ្វី​ក៏​បាន​ដែរ អោយ​តែ​បាន​នាង​ឃ្លីន ជា​ប្រពន្ធ​ត្រឡប់ទៅផ្ទះ​វិញ​។​

​ក្រោយពេល​បាន​នាង​ឃ្លីន ត្រឡប់​ទៅ​ផ្ទះ​ជួបជុំ​គ្រួសារ​មាន​សេចក្ដីសុខសាន្ត​ហើយ ពួកគេ​ក៏​ភ្លេច​ពាក្យសន្យា​ជាមួយនឹង​ម្ចាស់​ល្អាង​ភ្នំ​។ ថ្ងៃ​មួយ​ពេល​មេកន្ទ្រាញ​កំពុង​រៀបចំ​ពិធី​បង្កក់កូន​ជាមួយ​នាង​ឃ្លីន ស្រាប់តែ​ម្ចាស់​ល្អាង​ភ្នំ​ចេញមុខ​បង្ហាញខ្លួន​ក្នុង​ពិធី​នោះ​ហើយ​ធ្វើ ជា​ខឹង​នឹង​កាំ​ម៉ាក់ ដោយ​ពោល​ថា "​យើង​មក​យក​នាង​ឃ្លីន​ត្រឡប់ទៅវិញ​"​។ កាំ​ម៉ាក់​សូម​អង្វរក​រថា នឹង​បូជាយញ្ញ​ស្រី​ក្រមុំ​ថ្វាយ​ជា​រៀងរាល់ឆ្នាំ​។ ម្ចាស់​ល្អាង​ភ្នំ​នៅ​តែ​ពុំ​ព្រម កាំ​ម៉ាក់​សុំ​អង្វរ​ទៀតថា នឹង​ថ្វាយ​កូន​កំពុង​បង្ក​ក់​នោះ​តែម្ដង​។ ម្ចាស់​ល្អាង​ភ្នំ​បាន​ឆ្លើយថា "​បាន​ហើយ​យើង​ពុំ​ចង់បាន​អ្វី​ពី​ឯង​ទេ គឺ​ចង់​អោយ​តែ​អ្នកឯង​គ្រប់ៗ​គ្នា​និយាយ​ពិត ធ្វើ​ពិត​បាន​ហើយ​"​។ អ្នក​ទាំងអស់​គ្នា​ក៏​សំដែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់ខ្ពស់​ចំពោះ ម្ចាស់​ល្អាង​ភ្នំ ហើយ​ក៏​នាំគ្នា​គោរពបូជា​ពិធី​នោះ​ជា​រៀងរាល់ឆ្នាំ ដោយ​បូជាយញ្ញ​ស្រី​ក្រមុំ​មួយ​ឆ្នាំ​មួយ​នាក់ៗ តែ​លុះ​ចំណេរ​កាល​ក្រោយមក ដោយ​ពិបាក​រក​ស្រី​ក្រមុំ​មក​បូជាយញ្ញ អ្នកស្រុក​ក៏​ប្ដូរដ​ង្វា​យ​ជា​ក្របីឃ្លៀច​វិញ​ម្ដង ហើយ​លុះ​យូរ​ឆ្នាំ​ក្រោយមក​ការបូជា​នោះ​នៅត្រឹមតែ​មាន់​ឆ្កាង និង​សម្ភារៈ​សក្ការ​បន្តិចបន្តួច​ប៉ុណ្ណោះ​ជា​ទម្លាប់​រហូតមក ដល់​បច្ចុប្បន្ន​នេះ​។​

​ដោយសារ​ការគោរព​បូជា​នោះ​ធ្វើ​ប្រចាំ​រៀងមក ទើប​ជនជាតិភាគតិច​សួយ បានប្រែក្លាយ​ពិធី​នោះ​ឲ្យទៅ​ជា​ទំនៀមទម្លាប់​របស់​ជន​ជាតិ​ខ្លួន​ជា​រហូត មកដល់​សព្វថ្ងៃនេះ​។ ហើយ​នៅពេល​ដែល​គេ​បាន​ប្រារព្ធ​ធ្វើ​ពិធី​នេះ គេ​ក៏​ពុំ​ដែល​អាក់ខាន​នាំយក​របាំ​ភ្លយ សំដែង​ជូន​ព្រលឹង​វិញ្ញាណ​ដូនតា​តាម​ប្រពៃណី​របស់​គេ​ផង​ដែរ​។ ឯ​ឧបករណ៍​ភ្លេង​ភ្លយ ក៏​ចាប់ផ្ដើម​មាន​កំណើត​តាំង​ពី​ពេល​បុរាណ​នោះមក​។ ចំណែក​របាំ​ឬ​ចម្រៀង​ក៏​ត្រូវបាន​គេ​រៀបរាប់ឲ្យ​មានឈ្មោះ​តួអង្គ និង​សកម្មភាព​ត្រាប់​តាម​ក្នុង​សាច់​រឿងព្រេង​នោះ​ផង​ដែរ​៕ ប្រភពពី៖វីគីភីឌា

ព័ត៌មានផ្សេងទៀត