ព្រឹត្តិការណ៍សំខាន់ៗ  |  បទយកការណ៍

ការសោក​ស្តាយ​និង​ក្តីសង្ឃឹម​​របស់​​យុវតី​​ក្រោយ​ពេល​​បោះ​បង់​ការសិក្សា​​​

20-02-2017 7:03 pm
 ចំនួនទស្សនា 6526

​បើទោះបីជា​មាន​ការ​យក​ចិត្ត​ទុកដាក់ លើកកម្ពស់​សមភាព​យេនឌ័រ និង​ការអប់រំ​ចំពោះ​ក្មេងស្រី ពី​សំណាក់​រដ្ឋាភិបាល ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក្តី ក៏​អត្រា​នៃ​ការបោះបង់​ចោល​ការសិក្សា របស់​ក្មេងស្រី​នៅ​កម្ពុជា នៅតែមាន ពិសេស​នៅតាម​ទី​ជនបទ​ដាច់ស្រយាល​។ កត្តា​នៃ​ការខ្វះ​អគារសិក្សា ហាក់​មិនសូវ​ជា​មាន​ការព្រួយបារម្ភ​នោះទេ ដោយសារ​តែ​សាលា​រៀនមាន ស្ទើរ​គ្រប់​ទីកន្លែង​។ ប៉ុន្តែ​កត្តា ដែល​នាំឲ្យមាន ការ​បោះបង់​ការសិក្សា ភាគច្រើន ដោយសារ​បញ្ហា​ជីវភាព​គ្រួសារ​ខ្វះខាត ក្រីក្រ​។​

​យ៉ាងណាក៏ដោយ តាមរយៈ​អង្គការ​ភ្លែន​អន្តរជាតិ បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​យុវជន​ដែល​បោះបង់​ការសិក្សា អោយ​ទទួលបាន ការបណ្តុះបណ្តាល វិជ្ជាជីវ​: និង​ជំនាញ​បច្ចេកទេស​។ ផែនការ​នេះ ត្រូវបាន​ដាក់ឲ្យ​អនុវត្ត​នៅលើ​ទឹកដី នៃ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ​។​

​ជំនាញ​វិជ្ជាជីវៈ​លើ​ការ​កាត់ដេរ​សម្លៀកបំពាក់ គឺជា​មុខជំនាញ​មួយ ក្នុងចំណោម​ជំនាញ​បច្ចេកទេស​ជា​ច្រើន​ទៀត ដែល​អង្គការ​ភ្លែន​អន្តរជាតិ បាន​ផ្តល់​ដល់​យុវជន បោះបង់​ការសិក្សា ទទួលបាន​ការបណ្តុះបណ្តាល ដោយ​ឥតគិតថ្លៃ ព្រមទាំង​ទទួល​បាន​ការ​ទំនុកបំរុង​លើ​ការ​ស្នាក់នៅ និង​ម្ហូបអាហារ​ផងដែរ​។ ការទទួល​បាន​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នេះ ស្ថិតនៅក្នុង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តេជោ​សែន សៀមរាប​។​

​យុវតី ភួន អ៊ី​ន អាយុ​២១ ជា​សិស្ស​ទទួល​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​កាត់ដេរ ពី​អង្គការ​ភ្លែន​អន្តរជាតិ បានឲ្យដឹង​ថា​រូប​នាង​បាន​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៨ ដោយសារ​តែ​ជួប​បញ្ហា​សុខភាព និង​គ្រួសារ​ក្រីក្រ​។ ស្រី​អ៊ី​ន បានបង្ហាញ​អារម្មណ៍​សោកស្តាយ ក្រោយពេល​បោះបង់​ការសិក្សា ប៉ុន្តែ​មិន​អស់សង្ឃឹម​នោះទេ ដោយសារ​បច្ចុប្បន្ននេះ រូប​នាង​កំពុង​ចាប់​យក​អាជីព​មួយ ជា​ជាង​កាត់ដេរ​សម្លៀក​បំពាក់​។​

សំឡេង​

​ជា​យុវតី​មួយរូប ដែល​ទទួល​បាន​ការ បណ្តុះបណ្តាល​រយៈពេល​៤​ខែ លើ​ជំនាញ​កាត់ដេរ​នេះដែរ បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ បន្ទាប់​ពី​ទទួលបាន​ការសិក្សា​លើ​ជំនាញ​កាត់ដេរ ក្រោយ​ពី​ខ្លួន​បាន​បោះបង់​ចោល​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៦​។ យុវតី​ជឿន សុខ បានឲ្យដឹងថា ក្រោយ​ចេះ​ស្ទាត់​នូវ​ជំនាញ​មួយ​នេះ រូប​នាង​នឹង​ខិតខំ​ធ្វើ​យ៉ាង​ស្វែងរក​ប្រាក់ ឲ្យបាន​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ នៅ​ថ្ងៃ​ខាងមុខ យុវតី​រូបនេះ ចង់​បើកហាង​កាត់ដេរ​មួយ​ដោយ​ខ្លួនឯង​។​

សំឡេង

​តែ​យ៉ាងណាក៏ដោយ យុវតី​ជឿន សុខ ក៏​បាន​បង្ហាញ​អារម្មណ៍​ក្តុកក្តួល និង​ស្តាយក្រោយ​ពេល​បោះ​បង់ការ​សិក្សា​។ យុវតី​រូបនេះ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ខ្សឹប​ខ្សួល​ថា​៖.......

​សំឡេង​

​ជា​ចុងក្រោយ​យុវតី​រូបនេះ បាន​ផ្តាំផ្ញើ​ទៅ​អ្នក​ដែល​កំពុង​សិក្សា​ទាំងអស់ មិន​ថា​ប្រុស ឬ​ស្រី​នោះទេ ត្រូវតែ​ប្រឹងប្រែង​រៀនសូត្រ បើទោះបីជា​ជួប​បញ្ហា​លំបាក​យ៉ាង​មិច​ក៏ដោយ​។​
​អតីត​អ្នក​ដែល​ធ្លាប់​បាន​ទទួល​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ពី​អង្គការ​ភ្លែន​អន្តរជាតិ កញ្ញា​សុវណ្ណ ស្រី​លី​ស្ស វ័យ​២១​ឆ្នាំ បច្ចុប្បន្ន​កំពុង​បំរើ​ការងារ នៅ​សណ្ឋាគារ​ល្បី​ឈ្មោះ​មួយ  នៅ​ក្រុង​សៀមរាប​។ ស្រី​លី​ស្ស ត្រូវបាន​ចាត់ទុក​ថា ជា​ក្មេងស្រី​គំរូ​មួយ សម្រាប់​យុវជន​ក្រៅ​សាលា និង​អ្នក​បោះបង់​ការសិក្សា ដោយសារ​តែ​រូប​នាង បាន​ខិតខំ​តស៊ូ ជម្នះ​ឧបសគ្គ ក្នុង​ការសម្រេច​គោលដៅ​របស់​នាង​។​

សំឡេង​

​ស្រី​លី​ស្ស ក្នុងនាម​ជា​តំណាង​យុវជន ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​វិជ្ជាជីវ​: បញ្ជាក់ថា បើទោះបី មាន​ស្ថានភាព​គ្រួសារ​ក្រីក្រ​លំបាក ស្រី​លី​ស្ស ត្រូវ​តែពិចារណា ថ្លឹងថ្លែង​រវាង​ការសិក្សា និង​ប្រាក់​ចំណូល​គ្រួសារ ប៉ុន្តែ​នាង​មិន​បាន​បោះបង់​ការសិក្សា​ឡើយ​។​

​ស្រី​លី​ស្ស បាន​បញ្ចប់​ថ្នាក់​ទី​១២ ដោយ​ជោគជ័យ ហើយ​រូប​នាង ជា​ក្មេងស្រី​១​រូប ក្នុងចំណោម​ក្មេងស្រី ប្រុស​កម្ពុជា ជាង​កន្លះ​លាន​នាក់ ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​ការអន្តរាគមន៍​របស់​អង្គការ​ភ្លែន​អន្តរជាតិ​។​

សំឡេង

​ស្ត្រី ពិសេស​ក្មេងស្រី​អាច​នឹង​ត្រូវ​ផាត់​ចេញពី​សង្គម នៅ​ថ្ងៃ​ខាងមុខ ប្រសិនបើ​មិន​មាន​ការយកចិត្តទុកដាក់ ក្នុង​ការផ្លាស់ប្តូរ​ជីវិត​របស់​ពួកគេ​អោយ​ល្អ​ប្រសើរ​ឡើង​។ នេះ​ជា​ប្រសាសន៍​លើក​ឡើង ពី​សំណាក់​លោក​យី គីម​ថា​ន ប្រធាន​កម្មវិធី​ថ្នាក់​ជាតិ​របស់​អង្គការ​ភ្លែន​អន្តរជាតិ​។​

​លោក​បន្តថា អង្គការ​ភ្លែន​អន្តរជាតិ​នឹង​បន្តផែន​ការ​សកម្មភាព​៥​ឆ្នាំ របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ពិសេស​គឺ​ការកាត់បន្ថយ​អត្រា​បោះបង់​ការសិក្សា របស់​ក្មេងស្រី និង​ក្មេងប្រុស នៅ​ថ្នាក់​អនុវិទ្យាល័យ ដើម្បី​ឲ្យ​ពួកគេ​បាន​ទទួល​ការអប់រំ និង​ការបណ្តុះបណ្តាល​លើ​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​។​

សំឡេង​

​លោក​ហង់ រី​ហា អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា អង្គការ​ភ្លែន​អន្តរជាតិ តែងតែ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ខេត្ត​សៀមរាប ដើម្បី​រួមចំណែក​ក្នុង​ការលើកកម្ពស់​លើ​វិស័យ​សុខាភិបាល អប់រំ  ដូចជា​ការសាងសង់​អគារសិក្សា មណ្ឌល​សុខភាព និង​ប្រព័ន្ធ​ទឹក​ស្អាត​ជា​ដើម​។ ជាមួយគ្នានេះ អង្គការ​ភ្លែន​អន្តរជាតិ ក៏​បាន​រួមចំណែក​កាត់បន្ថយ​ជីវភាព​ក្រីក្រ របស់​ប្រជាពលរដ្ឋ លើកកម្ពស់​សិទ្ធិ​កុមារ ពិសេស​ក្មេងស្រី អោយ​ទទួលបាន​ការការពា​រ អប់រំ រស់នៅ និង​ជំនាញ​វិជ្ជាជីវ​:​។​

​សំឡេង​

​សូមបញ្ជាក់​ថា អង្គការ​ភ្លែន​អន្តរជាតិ បានចាប់ផ្តើម​ប្រតិបត្តិ​កម្មវិធី​របស់​ខ្លួន​តាំងពី​ឆ្នាំ​២០០២ ដែល​ផ្តោត​ការយកចិត្តទុកដាក់​លើ​កុមារ ក្នុង​ខេត្ត​១៧ ក្នុង​ការ​ផ្តល់​អត្ថប្រយោជន៍​ផ្ទាល់​ដល់​កុមារ​ជាង​៦០​ម៉ឺន និង​ប្រជាជន​ជិត​៨​ម៉ឺន​គ្រួសារ​។ បច្ចុប្បន្ន​អង្គការ​មួយ​នេះ កំពុង​អន​វត្ត​គម្រោង​ផែនការ​របស់​ខ្លួន នៅ​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​សៀមរាប ត្បូងឃ្មុំ ស្ទឹងត្រែង និង​រតនគិរី​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត

 
x