ម្ចាស់​​រោង​​ម៉ាស៊ីន​កិន​ស្រូវ​​រារែក​​មិន​​ចង់​​ខ្ចី​​លុយ​​រដ្ឋាភិបាល​

ដោយ៖ ធុច ធារ៉ា 17-02-2017 6:16 pm 3060

ដើម្បី​ទប់ស្កាត់​វិបត្ត​ធ្លាក់ថ្លៃ​ស្រូវ​ដែល​កើតមាន​កន្លង​មក រដ្ឋាភិបាល​បាន​ទម្លាក់​លុយ​ចំនួន​២៧​លាន​ដុល្លារ ដល់​ធនាគារ​អភិវឌ្ឍន៍ជនបទ​កាលពី​ខែ​កញ្ញា ដើម្បី​ផ្ដល់​កម្ចី​ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ​ទិញស្រូវ​ស្តុក​ទុក​។​ក៏ប៉ុន្តែ​លុយ​សម្រាប់​ផ្តល់​កម្ចី​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​នេះ ប្រើប្រាស់​អស់​ប្រមាណ​១២​ភាគរយ​ប៉ុណ្ណោះ​។​

​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន ៥​បាន​ទទួលយក​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​៣,៥ លាន​ដុល្លារ​ប៉ុណ្ណោះ នេះ​បើ​យោង​តាម​លោក​កៅ ថាច​នាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ ដែល​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​។​

លោក​ស៊ុយ ទី​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ម្នាក់​នៅ​ខេត្ត​បាត់ដំបង​បាន​ថ្លែង​ប្រាប់​វិទ្យុ​វាយោ​ថា តាម​ការសង្កេត​របស់​លោក​នា​ពេលបច្ចុប្បន្ន​នេះ ការ​ខ្ចី​លុយ​មក​ពង្រីក​រោង​ម៉ាស៊ីន អាច​ប្រឈម​នឹង​ការ​ក្ស័យ​ទុន ដោយសារ​តម្លៃ​ស្រូវ​ថោក​ធ្វើឲ្យ​តម្លៃ​អង្ករថោក​ទៅ​តាម​នោះ​ដែរ​។ លោក​ថា ទោះជា​ទិញស្រូវ​មក​ច្រើន​ក៏​គ្មាន​ចំណេញ​ដែរ​…..

សំឡេង​លោក​ស៊ុយ ទី​៖

​បើ​តាម​លោក​ស៊ុយ ទី​បានឲ្យដឹងថា ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​រារែក​មិន​ចង់​ខ្ចីលុយ ដើម្បី​ពង្រីក​រោង​ម៉ាស៊ីន​បន្ថែម​ទេ ដោយសារ​តម្លៃ​ស្រូវ អង្ករ​ថោក កិន​លក់​មិន​ចំណេញ​។​

​គួរបញ្ជាក់​ថា កញ្ចប់​ថវិកា​ដែល​នៅសល់​នឹង​បង្វែរ​ទៅ​រដ្ឋាភិបាល​វិញ នៅ​ខែ​មិថុនា​ហើយ​ប្រសិនបើ​រដ្ឋាភិបាល​អនុម័ត​កញ្ចប់​ថវិកា​នេះ​ជាថ្មីទៀត វា​នឹង​ចាប់ផ្ដើម​នៅ​រដូវ​បន្ទាប់​នៅ​ខែ​កញ្ញា​។ គួរ​រំឭក​ដែរ​ថា កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​រដ្ឋាភិបាល​បាន​បញ្ចេញ​កញ្ចប់​ថវិកា​របស់​ខ្លួន​ចំនួន ២៧ លាន​ដុល្លារ​ឲ្យ ធនាគារ​ធ​ភិ​វឌ្ឍន៍​ជនបទ ដើម្បី​ឲ្យ​ធនាគារ​នេះ​អាច​ផ្ដល់​កម្ចី​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ឲ្យ​ពួក​គេ​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​អត្រា​ការប្រាក់​ប្រចាំឆ្នាំ ៧ ភាគរយ ដែល​ការផ្ដល់​កញ្ចប់​ថវិកា​នេះ គឺ​ក្រោយពេល​ផ្ទុះ​វិបត្តិ​ទីផ្សារ​ស្រូវ ពោល​គឺ​ស្រូវ​ធ្លាក់​ថ្លៃ​ខ្លាំង​៕

ដោយ៖ធុច ធារ៉ា

ព័ត៌មានផ្សេងទៀត