រដ្ឋាភិបាល​​សម្រេច​​អនុម័ត​​គម្រោង​​វិនិយោគ​​ចំនួន​​២​​លើ​​វិស័យ​​អគ្គីសនី

ដោយ៖ ធុច ធារ៉ា 17-02-2017 5:44 pm 2100

កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​កម្ពុជា​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១៧ កុម្ភៈ​នេះ បានអនុម័ត​ទាំងស្រុង ដោយ​គ្មាន​ការកែប្រែ​នូវ គម្រោង​វិនិយោគ​ខ្សែ បញ្ជូន​អគ្គិសនី ២៣០ គីឡូ​វ៉ុល ពី​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​-​ភ្នំពេញ និង​គ្រោង​វិនិយោគ​បន្ថែម​ម៉ាស៊ីន​ផលិត អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព ១៣៥ មេហ្កា​វ៉ាត់​១​គ្រឿង នៅ​ខេត្ត​ព្រះសីហនុ​។

លោក​ផៃ ស៊ីផា​ន  ជា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បានអោយដឹងថា គម្រោង​វិនិយោគ​ចំនួន​២ ក្នុង​វិស័យ​អគ្គិសនី​នេះ គឺជា​គម្រោង​ចាំបាច់​ក្នុង​ការអនុវត្ត​បន្ទាន់ ដើម្បី​សម្របសម្រួល​ជាមួយ​សភាពការណ៍​ដែល​ផ្លាស់​ប្តូរ​ក្នុង​វិស័យ​អគ្គិសនី ក្នុងនោះ​គម្រោង​ទាំង​២​នេះ​នឹង​នាំ​ប្រយោជន៍​បច្ចេកទេស សេដ្ឋកិច្ច និង​សង្គម ។ លោក​បាន​បន្ថែមថា ការអភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ប្រើ​ធ្យូងថ្ម​នាំចូល​បន្ថែម​នៅ​ខេត្ត​ព្រះសីហនុ គឺ​ដើម្បី​ជំនួស​គម្រោង​វា​រី​អគ្គិសនី​ជាយ​អា​រ៉ែ​ង ដែល​ត្រូវបាន​ផ្អាក​។​

ជា​ការរំពឹងទុក ការវិនិយោគ​តាម​គម្រាង​ខ្សែ​បញ្ជូន​អគ្គិសនី ២៣០ គឺ​ឡូ​វ៉ុល ពី​ស្ថានីយ​អគ្គិសនី​ស្ទឹង​តា​តៃ មក​អនុ​ស្ថានីយ​បែក​ចាន​ភ្នំពេញ​នេះ អាចនឹងទទួល​បាន​ផល​ប្រយោជន៍​ពាក់ព័ន្ធ​នឹង​ចំណូល​ពន្ធ​ជា​មធ្យម​ទទួល​បាន​ចំនួន ៣,១២ លាន​ដុល្លា​អាមេរិក​ក្នុង​មួយឆ្នាំ ឬ​សរុប​រួម​៨៧,៤៩ លាន​ដុល្លា​អាមេរិក​ក្នុង​រយៈពេល​សម្បទាន ២៨ ឆ្នាំ​។ ក្នុងករណី​អាក​រលើ​តម្លៃ​បន្ថែម (VAT) ត្រូវបាន​ដាក់ឲ្យ​អនុវត្ត​ដោយ​ពេញលេញ រដ្ឋ​នឹង​ទទួល​ចំណូល​បន្ថែម ជា​មធ្យម ២,៦៤ លាន​ដុល្លា​អាមេរិក​ក្នុង​មួយឆ្នាំ ឬ​សរុប​រួម ៦៦,០៣ លាន​ដុល្លា​អាមេរិក​ក្នុង​រយៈពេល​អាជីវកម្ម ២៥ ឆ្នាំ​។

ដោយឡែក ការអភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ប្រើ​ធ្យូង​ថ្ម នាំចូល​បន្ថែម​នៅ​ខេត្ត​ព្រះសីហនុ រំពឹង​ទទួលបាន​ចំណូល​ពន្ធ​ជា​មធ្យម​ទទួល​បាន​ចំនួន ៣,៨៣ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ឫ​សរុប​រួម ១២៣,៣៧ លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​សម្បទាន ៣៣ ឆ្នាំ​។ ក្នុងករណី​អាក​រលើ​តម្លៃ​បន្ថែម (VAT) ត្រូវបាន​ដាក់ឲ្យ​អនុវត្ត​ដោយ​ពេញលេញ រដ្ឋ​នឹង​ទទួលបាន​ចំណូល​បន្ថែម​ពី​ប្រភេទ​អាករ​លើ​តម្លៃ​បន្ថែម​នេះ ជា​មធ្យម ៨,៦៣ លាន​ដុល្លា​អាមេរិក​ក្នុង​មួយឆ្នាំ ឫ​សរុប​រួម ២៥៨,៩៩ លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​អាជីវកម្ម ៣០​ឆ្នាំ​៕
​ដោយ​៖​ខាត់ សុធី​

ព័ត៌មានផ្សេងទៀត