ព័ត៌មានជាតិ  |  សង្គម

សង្គម​ស៊ីវិល​​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុ​ជា​​ច្រាន​ចោល​​គ​ម្រោង​វា​រី​អគ្គិសនី​​ឡាវ​​ប៉ាក់​បេង​

17-02-2017 4:57 pm
 ចំនួនទស្សនា 1440

​សង្គម​ស៊ីវិល​ដែល​ធ្វើកា​រលើ​ការងារ​បរិស្ថាន​បានបង្ហាញ​ជំហរ​បដិសេធ​ទាំងស្រុង​លើ​ការអភិវឌ្ឍ​គម្រោង​សាងសង់​ទំ​បន់​វា​រី​អគ្គិសនី​ប៉ាក់ បេង លើ​តួ​នៃ​ដង​ទន្លេមេគង្គ ព្រោះ​ទំ​បន់​វា​រី​អគ្គិសនី​ថ្មី​នេះ​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​ធនធាន​ជលផល ប្រព័ន្ធ​លំហូរ​ទឹក ព្រមទាំង​ប្រព័ន្ធ​ជីវៈចម្រុះ​ជាច្រើន​ទៀត ដែល​កត្តា​ទាំងអស់​នេះ នឹង​ជំរុញ​ឲ្យ​សន្តិសុខ​ស្បៀង​ក្នុង​អាង​ទម្លេមេគង្គ​ជួបប្រទះ​នឹង​បញ្ហា​។

​លោក​តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​នៃ​វេទិកា​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) បានបង្ហាញ​ក្ដី​ព្រួយបារម្ភ​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ​២០១៧ ថា កម្ពុជា​បាន​ទទួល​មេរៀន​រួចហើយ​ទាក់ទង​នឹង​ទំនប់​វា​រី​ដង​សា​ហុង ដូច្នេះ​យើង​មិន​ចង់ឲ្យ​បទពិសោធន៍​អវិជ្ជមានដ​ដែល​នេះ បន្ត​កើតមាន​ទៀត​ទេ​។

សំឡេង​លោក​តឹក វណ្ណា​រ៉ា​៖

លោក​ឡុង សូ​ចែត បណ្ដាញ​ប្រជា​នេសាទ​បឹង​ទន្លេសាប បាន​ថ្លែងថា បើសិនជា​មាន​ការអភិវឌ្ឍ​ទំ​បន់​វា​រី​អគ្គិសនី​នេះ​មែន ប្រា​ដក​ណាស់​គម្រោង​នានា​នៅលើ​ដង​ទន្លេមេគង្គ​ផ្សេង​ទៀត​នឹង​ដំណើរការ​ដូចគ្នា ហើយ​ពេលនោះ​ផលប៉ះពាល់​ជា​ច្រើន​នឹង​កើតមានឡើង​។ អ្វី​ដែល​លោក​ព្រួយបារម្ភ​ជាងគេ​នោះ​គឺ ផលប៉ះពាល់​ចំពោះ​ត្រី ដែល​ជា​ប្រភព​ដ៏​សំខាន់​ក្នុងការ​ចិញ្ចឹមជីវិត​ប្រជាជន​នៅ​តាម​ដង​ទន្លេ​។ លោក​សូ​ចែ​ត បន្ថែមទៀត​ថា​លោក​មិន​គាំទ្រ​ឲ្យមាន​ទំបន់​វារីអគ្គស​នី​ប៉ាក់​បេងនេះ​កើតមាន​លើ​ដង​ទន្លេមេគង្គ​ទេ​...

សំឡេង​លោក​ឡុង សូ​ចែត​៖

ជុំវិញ​ការលើកឡើង​ពី​ផលប៉ះពាល់​នេះដែរ ត្រូវបាន​លោក​អឿន ចន្ថា សាស្ត្រ​ចារ្យ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដែល​ធ្វើ​ការស្រាវជ្រាវ​លើ​ផ្នែក​ជល​សាស្ត្រ​ធនធានទឹក បានលើកឡើង​ពី​អនុ​សាស្ត្រ​មួយចំនួន​ថា អ្វី​ដែល​សំខាន់​ត្រូវ​សិក្សា​ពី​ទំនប់​វា​រី​អគ្គិសនី​នេះ​ឲ្យបាន​ច្បាស់ ដូចជា​សុវត្ថិភាព​ទំនប់ បម្រែបម្រួល​ជល​សាស្ត្រ ក៏ដូចជា​ផលវិបាក​សង្គម​ជាដើម​។

សំឡេង​លោក​អឿន ចន្ថា​៖

សម្ព័ន្ធ​ទន្លេ​កម្ពុជា​ដែល​មាន​សមាជិក​ចំនួន ៥២​អង្គការ បានចេញ​សេចក្ដីថ្លែងការណ៍​រួម ដោយ​លើកឡើង​ពី​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការជូន​ដំណឹង​របស់​រដ្ឋាភិបា​លឡាវ ក្នុង​ចេតនា​សាងសង់​ទំ​បន់​វា​រី​អគ្គិសនី​ប៉ាក់​បេង នៅលើ​តួ​នៃ​មេ​នៃ​ដង​ទន្លេមេគង្គ នឹង​ការចាប់ផ្ដើម​របស់​គណៈ​កម្មា​ធិ​ការ​ទន្លេមេគង្គ នៃ​ការពិគ្រោះ​យោបល់​ជា​មុន ក្រោម​នីតិវិធី​សម្រាប់​ការជូនដំណឹង ការពិគ្រោះ​យោបល់​ជាមុន និង​កិច្ចព្រមព្រៀង (PNPCA)​។​

សង្គម​ស៊ីវិល​ទាំង​៥២​អង្គការ បានស្នើ​ដល់​គណៈកម្មការ​ទន្លេមេគង្គ បញ្ឈប់​ការពិគ្រោះ​យោបល់​ជា​មុន​សម្រាប់​គម្រោង​វា​រី​អគ្គិសនី ប៉ាក់​បេង និង​ស្នើ​ជា​ផ្លូវកា​រឲ្យរដ្ឋាភិបាល​ឡាវ​ផ្អាក​សកម្មភាព​គ្រប់​គម្រោង​ដើម្បី​ដោះស្រាយ​លើ​គុណវិបត្តិ​ដែល​កើតមានឡើង​។ ជាមួយគ្នា​នោះ ពួកគេ​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់ និង​គាំទ្រ​សំណើ​នេះ​ផងដែរ​។

នេះ​គឺជា​ទំ​បន់​ទី​បី​ហើយ​ដែល​កសាង​ក្នុង​ប្រទេស​ឡាវ​លើ​តួ​មេ​នៃ​ដង​ទន្លេមេគង្គ​។ គម្រោង​ទំនប់​វា​រី​អគ្គិសនី ប៉ាក់​បេង មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ឧត្តម​សាយ្យ ដែល​មាន​រយៈកម្ពស់ ២៩៨​ម៉ែត្រ ធៀប​នឹង​នី​វូ​សមុទ្រ ដែល​មាន​ចម្ងាយ​ប្រមាណ ១៥៤០ គីឡូម៉ែត្រ គិត​តាម​របត់​ទន្លេ​មក​ព្រំប្រទល់​កម្ពុជា​-​ឡាវ ហើយ​គម្រោង​នេះ​ស្ថិត​នៅ​ភាគ​ខាងលើ​នៃ​គម្រោង​ទំនប់ វា​រី​អគ្គិសនី សាយ៉ា​ប៊ូ​រី និង​ដន​សា​ហុង​។​

គម្រោង​ទំនប់​វា​រី​អគ្គិសនី ប៉ាក់​បេង ត្រូវបាន​ភាគី​កម្ពុជា តំណាង​ដោយ​ក្រសួង​បរិស្ថាន លើក​មក​ប្រជុំ​ពិភាក្សា និង​ផ្តល់​យោបល់​លើ​ការវាយតម្លៃ​ពី​ផលប៉ះពាល់​បរិស្ថាន​និង​សង្គម​ឆ្លងដែន ពី​ការអភិវឌ្ឍ​គម្រោង​ប្រើប្រាស់​ធនធាន​ទឹក​ក្នុង​ទន្លេមេគង្គ​។

ជា​លទ្ធផល​អង្គប្រជុំ កម្ពុជា​បាន​ស្នើ​ឱ្យ​អនុវត្ត​នូវ​គោលការណ៍​មួយ​ចំនួន ដូចជា​សិក្សា​ពេញលេញ​បន្ថែម​ទៀត​ទៅលើ​បណ្តុំ​ហេតុ​ប៉ះពាល់​បរិស្ថាន​-​សង្គម​ដល់​បឹង​ទន្លេសាប ស្នើ​ឱ្យមាន​ការសិក្សា​លើ​លទ្ធភាព​នៃ​ការ​បង្ហូរទឹក​ក្នុង​រដូវប្រាំង ក្នុងករណី​ដែល​ទន្លេមេគង្គ​ក្រោម​មាន​ការខ្វះខាត​ទឹក ស្នើ​ឱ្យមាន​ការសិក្សា​ពី​បណ្តុំ​ហេតុ​ប៉ះពាល់​ដល់​បរិស្ថាន​-​សង្គម និង​សេដ្ឋកិច្ច​ពី​ការបញ្ចេញ​ទឹក​នៅ​រដូវវស្សា ក្នុងករណី​ដែល​ទន្លេមេគង្គ​ក្រោម​មាន​ទឹកជំនន់ និង​ស្នើ​ឱ្យ​ម្ចាស់​គម្រោង​ប្រតិបត្តិ​ទៅតាម​គោលការណ៍​របស់ គណៈកម្មការ  ទន្លេមេគង្គ​(MRC) ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​៕ (ដោយ៖ ចេន សុជាតា)

ព័ត៌មានផ្សេងទៀត

 
x