ហុងកុង​​កាត់ទោស​​ប៉ូលិស​៧​នាក់​​ឲ្យ​ជាប់​ពន្ធនាគារ​​ម្នាក់​២​ឆ្នាំ​ក្រោយ​វាយ​បាតុករ​

ដោយ៖ ពេញ ផេង 17-02-2017 4:25 pm 2127
រូបភាព​អ្នកគាំទ្រ​និងអ្នកប្រឆាំង​មន្ដ្រី​ប៉ូលិស​កំពុងប្រមូលផ្ដុំ​នៅខាងក្រៅ​តុលាការ

​មន្ដ្រីប៉ូលិស​ហុងកុង​ចំនួន​៧​នាក់ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​២​ឆ្នាំ ពី​បទ​វាយ​អ្នក​តវ៉ា​ម្នាក់​ក្រោយ​ពេល​ចាប់​ដាក់​ខ្នោះ​។​ក្រុម​មន្ដ្រី​ប៉ូលិស​ត្រូវបាន​កាត់ទោស​កាលពី​ថ្ងៃ​ទី​១៤​កុម្ភៈ​ក្រោយ​រង​ការចោទប្រកាន់​ពី​បទ​បង្ក​ហិង្សា​លើ​បុគ្គលិក​សង្គម​និង​ជា​សកម្មជន​ម្នាក់​ឈ្មោះ​Ken Tsang នៅពេល​សកម្មជន​រូប​នេះ​ចូលរួម​ក្នុង​ការប្រមូលផ្ដុំ​តវ៉ា គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤​។​

​រូបភាព​ចាប់បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញថា មន្ដ្រីប៉ូលិស​បាន​ចាប់​រូបគេ​ពី​កន្លែង​ប្រមូលផ្ដុំ​តវ៉ា យកទៅ​ដាក់​កន្លែង​ផ្សេង​ក្បែរ​នោះ ហើយ​បាន​ទាត់​និង​ដាល់​ខណៈ​សកម្មជន​រូប​នោះ​ដេក​នៅលើ​ដី​។​ឧប្បត្ដិហេតុ​នេះ បាន​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង​ពី​សាធារណជន​។​

​សូមបញ្ជាក់​ថា ប៉ូលិស​ក្នុង​ទីក្រុង​ហុងកុង​គឺ​គោរព​វិន័យ​បានល្អ​ណាស់ ហើយ​ករណី​ប្រើ​អំពើហិង្សា​កម្រ​នឹង​កើតឡើង​បំផុត ទោះបី​មាន​ការរិះគន់​និង​ចោទប្រកាន់​ថា​បាន​ប្រើ​ដៃ​ធ្ងន់​ក្នុងពេល​មាន​ការតវ៉ា​កើត​ឡើង​ក៏​ដោយ​៕

ព័ត៌មានផ្សេងទៀត