ព័ត៌មានជាតិ  |  សង្គម

​ប្រមុខ​ការទូត​កម្ពុជា​​ប្រាប់​កាណាដា​​ពី​កង្វះខាត​​ហិរញ្ញវត្ថុ​​លើ​សកម្មភាព​​ដោះមីន​

17-02-2017 4:23 pm
 ចំនួនទស្សនា 1055

​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ប្រាក់ សុខុន បាន​ថ្លែង​ប្រាប់​ទៅកាន់​មន្ត្រី​រដ្ឋាភិបាល​ប្រទេស​កាណាដា អំពី​ផល​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​លើ​សកម្មភាព​បោសសម្អាត​គ្រាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​បច្ចុប្បន្ន​។

​ក្រសួង​ការបរទេស​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន នៅថ្ងៃនេះ ឱ្យដឹងថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ប្រមុខ​ការទូត​កម្ពុជា​រូបនេះ បានលើកឡើង​ពី​សមិទ្ធិផល​ធំធេង​ក្នុង​ការ​បោសសម្អាត​មីន​នៅក្នុង​ប្រទេស តាមរយៈ​អាជ្ញាធរ​មីន និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​។ ប៉ុន្តែ​ទន្ទឹមនឹងនោះ លោក​ប្រាក់ សុខុន បញ្ជាក់ថា កម្ពុជា​ក៏​កំពុង​ប្រឈម​បញ្ហា​កង្វះ​ខាត​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ស្នើសុំ​ឲ្យ​កាណាដា​ពិនិត្យ​លទ្ធភាព​ផ្តល់​ការជួយ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​សកម្មភាព​បោសសំអាត​មីន​នៅ​កម្ពុជា​។​

​ការស្នើ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រទេស​កាណាដា​ដែលជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​សំខាន់​លើ​វិស័យ​មីន បាន​បញ្ឈប់​ការផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ដោយ​ធ្វើឱ្យ​សកម្មភាព​បោះ​សម្អាត​បាន​ជួប​បញ្ហា​ប្រឈម​។ ឆ្លើយតប​នឹង​សំណើ​របស់​កម្ពុជា លោកស្រី​ឯកអគ្គរដ្ឋទូត​កាណាដា បាន​សន្យាថា នឹង​រិះរក​មធ្យាបាយ​បញ្ជុះ​បញ្ជូល​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ឡើងវិញ ខណៈ​ដែល​រដ្ឋាភិបាល​កាណាដា បាន​បញ្ឈប់​កម្មវិធី​ផ្តល់ជំនួយ​តាំងពី​ឆ្នាំ​២០០២​មក​។

​គួររំឭកថា កន្លង​ទៅ​អាជ្ញាធរ​មីន​កម្ពុជា​បាន​អះអាងថា កម្ពុជា​ត្រូវការ​ថវិកា​៣៦០​លាន​ដុល្លារ ក្នុង​រយៈពេល​១០​ឆ្នាំ​បន្ថែមទៀត ដើម្បី​បោសសម្អាត​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ឱ្យអស់​នៅលើ​ដី ដែល​នៅ​សេសសល់​ប្រមាណ​ជាង​១៦៤០​គីឡូម៉ែត្រ​ក្រឡា នៅ​ទូទាំង​ប្រទេស​៕

ព័ត៌មានផ្សេងទៀត

 
x