ព័ត៌មានជាតិ  |  សង្គម

អង្គការ​ភ្លែន​អន្តរជាតិ​៖ ​ជោគជ័យ​របស់​​ស្រី​​លី​ស្ស ជា​គំរូ​​សម្រាប់​​អ្នក​បោះបង់​​ការសិក្សា​​

17-02-2017 3:58 pm
 ចំនួនទស្សនា 422

​អង្គការ​ភ្លែន​អន្តរជាតិ​(Plan International) នៅ​ថ្ងៃ​ទី​១៧​កុម្ភ​:​នេះ បាន​រៀបចំ​ពិធី​ប្រកាស​ដំណើរការ​ថ្នាក់ ខេត្ត នៃ​ផែនការ​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស ឆ្នាំ​២០១៦-២០២១ នៅ​សាលាខេត្ត​សៀមរាប ក្នុង​ក្រុង​សៀម រាប ខេត្ត​សៀម​រាម​។

គោលបំណង នៃ​ផែនការ​យុទ្ធសាស្ត្រ ៥​ឆ្នាំ​របស់​អង្គការ​ភ្លែន​អន្តរជាតិ នៅលើ​ទឹកដី​អង្គរ​នេះ​ធ្វើឡើង​ដោយ​ផ្តោត​សំខាន់​លើ​បញ្ហា​ទាក់ទង​នឹង​យេនឌ័រ និង​ការអន្តរាគមន៍​ចំពោះ យុវជន​ដែល​បោះបង់​ការសិក្សា​អោយ​ទទួលបាន​ការបណ្តុះ​បណ្តាល វិជ្ជាជីវ​: និង​ជំនាញ​បច្ចេកទេស​។​

​ស្ត្រី ពិសេស​ក្មេងស្រី​អាច​នឹង​ត្រូវ​ផាត់​ចេញពី​សង្គម នៅ​ថ្ងៃ​ខាងមុខ ប្រសិនបើ​មិន​មាន​ការយកចិត្តទុកដាក់ ក្នុង​ការផ្លាស់ប្តូរ​ជីវិត​របស់​ពួកគេ​អោយ​ល្អ​ប្រសើរ​ឡើង​។ នេះ​ជា​ប្រសាសន៍​លើក​ឡើង ពី​សំណាក់​លោក​យី គីម​ថា​ន ប្រធាន​កម្មវិធី​ថ្នាក់​ជាតិ​របស់​អង្គការ​ភ្លែន​អន្តរជាតិ​។​

​កញ្ញា​សុវណ្ណ ស្រី​លី​ស្ស វ័យ​២១​ឆ្នាំ ប​ច្ច​ប្បន្ន​កំពុង​បំរើ​ការងារ នៅ​សណ្ឋាគារ​ល្បី​ឈ្មោះ​មួយ  នៅ​ក្រុង​សៀមរាប ធ្លាប់​ទទួល​ការបណ្តុះបណ្តាល​វិជ្ជាជីវ​: ដែល​ផ្តល់​ដោយ​អង្គការ​ភ្លែន​អន្តរជាតិ និង​ដៃគូ​អនុវត្ត​គម្រោង​។ ស្រី​លី​ស្ស ក្នុងនាម​ជា​តំណាង​យុវជន ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​វិជ្ជាជីវ​: បញ្ជាក់ថា ប្រាក់​ចំណូល​មួយ​ចំនួន ត្រូវបាន​សន្សំទុក​សម្រាប់​ការសិក្សា​បន្ត និង​មួយចំនួនទៀត សម្រាប់​ចំណាយ​លើ​តម្រូវការ​គ្រួសារ​។​

​បើទោះបី មាន​ស្ថានភាព​គ្រួសារ​ក្រីក្រ​លំបាក ស្រី​លី​ស្ស ត្រូវ​តែពិចារណា ថ្លឹងថ្លែង​រវាង​ការសិក្សា និង​ប្រាក់​ចំណូល​គ្រួសារ ប៉ុន្តែ​នាង​មិន​បាន​បោះបង់​ការសិក្សា​ឡើយ​។ ស្រី​លី​ស្ស បាន​បញ្ចប់​ថ្នាក់​ទី​១២ ដោយ​ជោគជ័យ ហើយ​រូប​នាង​ជា​ក្មេងស្រី​១​រូប ក្នុងចំណោម​ក្មេងស្រី ប្រុស​កម្ពុជា ជាង​កន្លះ​លាន​នាក់ ដែល​ទទួលបាន​អត្ថប្រយោជន៍​ពី​ការអន្តរាគមន៍​របស់​អង្គការ​ភ្លែន​អន្តរជាតិ​។​

​លោក​ហង់ រី​ហា អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា អង្គការ​ភ្លែន​អន្តរជាតិ តែងតែ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ក្នុង​ខេត្ត​សៀមរាប ដើម្បី​រួមចំណែក​ក្នុង​ការលើកកម្ពស់​លើ​វិស័យ​សុខាភិបាល អប់រំ  ដូចជា​ការសាងសង់​អគារសិក្សា មណ្ឌល​សុខភាព និង​ប្រព័ន្ធ​ទឹក​ស្អាត​ជា​ដើម​។ ជាមួយគ្នានេះ អង្គការ​ភ្លែន​អន្តរជាតិ ក៏​បាន​រួមចំណែក​កាត់បន្ថយ​ជីវភាព​ក្រីក្រ របស់​ប្រជាពលរដ្ឋ លើកកម្ពស់​សិទ្ធិ​កុមារ ពិសេស​ក្មេងស្រី អោយ​ទទួលបាន​ការការពា​រ អប់រំ រស់នៅ និង​ជំនាញ​វិជ្ជាជីវ​:​។​

​សូមបញ្ជាក់​ថា អង្គការ​ភ្លែន​អន្តរជាតិ បានចាប់ផ្តើម​ប្រតិបត្តិ​កម្មវិធី​របស់​ខ្លួន​តាំងពី​ឆ្នាំ​២០០២ ដែល​ផ្តោត​ការយកចិត្តទុកដាក់​លើ​កុមារ ក្នុង​ខេត្ត​១៧ ក្នុង​ការ​ផ្តល់​អត្ថប្រយោជន៍​ផ្ទាល់​ដល់​កុមារ​ជាង​៦០​ម៉ឺន និង​ប្រជាជន​ជិត​៨​ម៉ឺន​គ្រួសារ​។ បច្ចុប្បន្ន​អង្គការ​មួយ​នេះ កំពុង​អន​វត្ត​គម្រោង​ផែនការ​របស់​ខ្លួន នៅ​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​សៀមរាប ត្បូងឃ្មុំ ស្ទឹងត្រែង និង​រតនគិរី​៕

ព័ត៌មានផ្សេងទៀត

 
x