រដ្ឋាភិបាល​ថ្មី​​អាមេរិក​​កំពុង​រង​សម្ពាធ​​ពី​អន្ដរជាតិ​​ឲ្យ​បញ្ជាក់​គោលជំហរ​​ជុំវិញ​​វិបត្ដិ​ស៊ី​រី​

ដោយ៖ ពេញ ផេង 17-02-2017 3:19 pm 3941
ការរងគ្រោះដោយសារសង្គ្រាមនៅស៊ីរី(រូបធំ)ប្រធានាធិបតីអាមេរិក(រូបតូច)

​អាមេរិក​កំពុងតែ​រង​សម្ពាធ​ពី​អន្ដរជាតិ ពាក់ព័ន្ធ​នឹង​គោលជំហរ​ជួយ​ដោះស្រាយ​ជម្លោះ​ក្នុង​ប្រទេស​ស៊ី​រី ខណៈ​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​សន្ដិភាព ដែល​នឹង​ប្រព្រឹត្ដទៅ​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស​ខិត​ជិត​មក​ដល់​។​ចាប់តាំងពី​ចូលកាន់​តំណែង រដ្ឋាភិបាល​ថ្មី​អាមេរិក​ដឹកនាំ​ដោយ​លោក​ដូណាល់ ត្រាំ មិន​បាន​បង្ហាញ​ជំហរ​យ៉ាង​ណា​ទេ​ជុំវិញ​ជម្លោះ​ជិត​៦​ឆ្នាំ​នៅ​ស៊ី​រី​។​

​បើ​គិត​ពី​រដ្ឋាភិបាល​អាណត្ដិ​មុន ក្រោម​ការដឹកនាំ​របស់​លោក​បា​រ៉ាក់ អូ​បា​ម៉ា អាមេរិក​មិន​គាំទ្រ​ឲ្យ​ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា អាល់​អាសាដ​បន្ដ​ដឹកនាំ​ប្រទេស​ស៊ី​រី​ទៀត​ទេ ត្រូវ​ចុះ​ចេញពី​តំណែង​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​និង​សង្គ្រាម​ស៊ីវិល​នៅ​ស៊ី​រី​។​ក្នុង​យុទ្ធនាការ​បង្ក្រាប​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​វិញ រដ្ឋាភិបាល​អាមេរិក​ក្រោម​ការដឹកនាំ​របស់​លោក​អូ​បា​ម៉ា​ក៏​មិន​គាំទ្រ​ដ្ឋា​ភិបាលស៊ី​រី​ដែរ បែរ​ទៅ​គាំទ្រ​ដល់​ក្រុម​ជីវពល​ផ្សេងទៀត ឲ្យ​ទប់ទល់​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

​ដូច្នេះ​នៅពេល​អាមេរិក​ផ្លាស់ប្ដូរ​មេដឹកនាំ អន្ដរជាតិ​ពិតជា​ចង់ដឹង​ណាស់​ថា​តើ​រដ្ឋាភិបាល​ថ្មី​របស់​លោក​ដូណាល់ ត្រាំ គិត​យ៉ាង​ណា​វិញ​ចំពោះ​វិបត្ដិ​ស៊ី​រី ដ្បិត​លោក​ត្រាំ​មិនទាន់​និយាយ​សូម្បី​មួយ​ម៉ាត់​ពី​រឿង​នេះ​។​លោក​រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក​ដែល​ទៅ​ចូលរួម​កិច្ចប្រជុំ​G20​នៅ​អាល្លឺម៉ង់ កំពុង​ប្រឈម​នឹង​ការទាមទារ​របស់​ថ្នាក់ដឹកនាំ​អន្ដរជាតិ ឲ្យ​បញ្ជាក់​ច្បាស់លាស់​ពី​គោលជំហរ​ទីក្រុង​វ៉ាស៊ីនតោន​ជុំវិញ​វិបត្ដិ​ស៊ី​រី​។​

​នៅក្រៅ​កិច្ចប្រជុំ​G20​លោក​Rex Tillerson​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​នឹងចូលរួម​ក្នុង​កិច្ចពិភាក្សា​ជាមួយ​ប្រទេស​ដែល​គាំទ្រ​ក្រុម​ប្រឆាំង​នៅ​ស៊ី​រី ដើម្បី​ជជែក​ពី​ការរក​ដំណោះស្រាយ​មក​បញ្ចប់​ជម្លោះ​នយោបាយ​ជិត​៦​ឆ្នាំ​មកនេះ​។​វា​ជា​ការប្រឈមមុខ​លើកដំបូង​របស់​លោក​Tillerson ក្នុងនាម​ជា​មន្ដ្រីជាន់ខ្ពស់​មួយ​រូប​របស់​អាមេរិក​។​កិច្ច​ជំនួប​ក្រៅ​កិច្ចប្រជុំ​G20​នេះដែរ ធ្វើ​ឡើង​មុន​កិច្ចប្រជុំ​ជុំ​ថ្មី​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៣​កុម្ភៈ មាន​តំណាង​រដ្ឋាភិបាល​ស៊ី​រី​និង​ក្រុម​ឧទ្ទាម​មកពី​ស៊ី​រី​ចូលរួម​ផង​ដែរ​រួម​គ្នា​ស្វែងរក​សន្ដិភាព​។​

​អ្វី​ដែល​លោក​ដូណាល់ ត្រាំ​បានបញ្ជាក់​កន្លងមក មាន​ត្រឹមតែ​បង្ហើប​ថា​ព្រម​សហការ​ជាមួយ​រុស្ស៊ី ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី ប៉ុន្ដែ​រឿង​ទាក់ទង​នឹង​ប្រធានាធិបតី​ស៊ី​រី​នៅតែ​ជា​ចម្ងល់​ដដែល​៕

ព័ត៌មានផ្សេងទៀត