បើចាំបាច់​អាមេរិក​នឹងប្រើ​​អាវុធ​នុយក្លេអ៊ែរ​​​ការពា​រ​ជប៉ុន​​​និង​កូរ៉េខាងត្បូង​​​ប្រឆាំង​កូរ៉េខាងជើង​

ដោយ៖ ពេញ ផេង 17-02-2017 12:43 pm 2703
រដ្ឋមន្ដ្រីការបរទេសជបុន(ឆ្វេង)រដ្ឋមន្ដ្រីការបរទេសអាមេរិក​(កណ្ដាល)​រដ្ឋមន្ដ្រីការបទេសកូរ៉េខាងត្បូង​(ស្ដាំ)ចាប់ដៃគ្នាមុនកិច្ចប្រជុំ

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​Rex Tillerson បាន​និយាយ​កាលពី​ថ្ងៃ​ទី​១៦​កុម្ភៈ ដោយ​ប្ដេជ្ញា​ថា​ទីក្រុង​វ៉ាស៊ីនតោន​នឹង​ប្រើ​សមត្ថភាព​អាវុធ ក្នុងនោះ​មាន​អាវុធ​នុយក្លេអ៊ែរ​ផង ដើម្បី​ការពារ​សម្ព័ន្ធមិត្ដជ​ប៉ុននិង​កូរ៉េខាងត្បូង ប្រឆាំង​នឹង​កូរ៉េខាងជើង​ប្រសិនបើ​ចាំបាច់​។​នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម​បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋមន្ដ្រីការបរទេស​ក្នុង​ទីក្រុង​Bonn​ប្រទេស​អាល្លឺម៉ង់ លោក Tillerson​បានលើកឡើង​ដូច្នេះ​ថា “​អាមេរិក​នៅ​តែ​មាន​ជំហរ​រឹងមាំ ប្ដេជ្ញាចិត្ដ​ការពារសម្ព័​ន្ធមិត្ដ គឺ​ការពារ​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​។​អាមេរិក​និង​ជួយ​យ៉ាង​ពេញទំហឹង​ទាំង​សមត្ថភាព​ការពារ​ធម្មតា និង​សមត្ថភាព​ការពារ​ផ្នែក​នុយក្លេអ៊ែរ​។​”

នៅក្នុង​សេចក្ដីថ្លែងការណ៍​បានឲ្យដឹង​ទៀតថា លោក​Tillerson​រដ្ឋមន្ដ្រីការបរទេស​អាមេរិក រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងត្បូង​លោក​Yun Byung-Se និង​រដ្ឋមន្ដ្រី​ការបរទេស​ជប៉ុន​Fumio Kishida បាន​ថ្កោលទោស​ក្នុង​លក្ខខណ្ឌ​ខ្លាំង​បំផុត លើ​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង មិន​គោរព​បម្រាម​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​ប្រទេស​ទាំង​បី​នឹង​ធ្វើការ​រួមគ្នា ដើម្បី​ធានា​ឲ្យបាន​ថា​រាល់​ការរំលោភ​បំពានប​ន្ថែ​ម​ទៀត នឹង​ត្រូវ​ទទួល​ការឆ្លើយតប​យ៉ាង​ខ្លាំងក្លា​ពី​អន្ដរជាតិ​។​

​កូរ៉េ​ខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​ជា​បន្ដបន្ទាប់ ទោះបី​អង្គការសហប្រជាជាតិ​ដាក់​ទណ្ឌ​បន្ថែម​កាលពី​ឆ្នាំមុន ឆ្លើយតប​នឹង​ការ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​ពីរ​លើក​របស់គេ​។​ការ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​កាលពី​ឆ្នាំ​២០១៦ កូរ៉េខាងជើង​ចង់​បង្កើន​សមត្ថភាព​អាវុធ​ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​។​ចំពោះ​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​កាលពី​ថ្ងៃ​ទី​១២​កុម្ភៈ កូរ៉េខាងជើង​ថា​មី​ស៊ី​លអាច​ផ្ទុក​ក្បាល​នុយក្លេអ៊ែរ​បាន​។​មី​ស៊ី​ល​នោះ​ទៀតសោត បាន​ហោះ​ចម្ងាយ​ប្រមាណ​៥០០​គីឡូម៉េត្រ មុន​ពេល​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន​។​

​ភ្លាមៗ​បន្ទាប់​ពី​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​ជា​ថ្មី​របស់​កូរ៉េខាងជើង ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ហៅ​កូរ៉េខាងជើង​ថា​ជា​ប្រទេស​មាន​បញ្ហា​ធំ ហើយ​អាមេរិក​នឹង​ដោះស្រាយ​ឲ្យ​សាកសម​បំផុត​ចំពោះ​ទង្វើ​នេះ​។​លោក​ត្រាំ​ក៏​គាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​កូរ៉េខាងជើង​៕

ព័ត៌មានផ្សេងទៀត