រដ្ឋាភិបាល​​កំណត់​​អោយ​ធនាគារ​ អេស៊ីលីដា​ ដូរ​រូប​ហង្ស​ចេញ​​

ដោយ៖ គួន សំបូរ 17-02-2017 10:37 am 9678

រដ្ឋាភិបាល​កម្ពុជា បានកំណត់​ឲ្យ​ធនាគារ អេស៊ីលីដា ដូរ​រូប​ហង្ស​ចេញ ដើម្បី​កុំអោយ​ច្រលំ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ការកំណត់​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។ នេះ​បើ​តាម​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​

​សូមបញ្ជាក់​ថា ការសម្រេច​របស់​រដ្ឋាភិបាល​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ភាគច្រើន មាន​ការយល់​ច្រឡំ​ថា ខ្លួន​ជំពាក់​លុយ​រដ្ឋ មិនមែន​ជំពាក់​លុយ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន​ទេ ដោយសារ​ស្លាក​សញ្ញា របស់​ក្រសួង​សេដ្ឋកិច្ច និង​ធនាគារ អេស៊ីលីដា មាន​រូប​ហង្ស​ដូចគ្នា ជា​ហេតុ​ធ្វើ​ប្រជាពលរដ្ឋ មាន​ការភ័ន្តច្រឡំ​។​

នៅថ្ងៃនេះដែរ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានដាក់​បញ្ជា បំរាម​ដល់​មន្ត្រី​មូលដ្ឋាន​របស់​រដ្ឋាភិបាល​មិន​អោយ​ចូលរួម​ពាក់ព័ន្ធ និង​សេវាកម្ម​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទេ ដើម្បី​បញ្ចៀស​ពី​ការយល់ច្រឡំ​របស់​សាធារណជន​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ មិនមែន​ជា​ស្ថាប័នហិរញ្ញវត្ថុ​រដ្ឋ​នោះទេ នោះ​រាប់​ទាំង​ការចូលរួម​រៀបចំ​ឯកសារ ឬ​ការចូលរួម​រឹបអូស​ដីធ្លី ផ្ទះសម្បែង​របស់​ពលរដ្ឋ​យើង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត

>