ព័ត៌មានជាតិ  |  សង្គម

មន្ត្រី​រដ្ឋាភិបាល​​ប្រតិកម្ម​នឹង​​លោក​ឡៅ ម៉ុងហៃ​​រឿង​UN​

16-02-2017 5:47 pm
 ចំនួនទស្សនា 13484

បន្ទាប់ពីនាយករដ្ឋមន្ត្រី​លោក​ហ៊ុន សែន បាន​ស្នើ​ទៅ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​(UN) ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ឲ្យធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​កម្ពុជា និង​ស្រប​តាម​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ និង​បន្ត​ធ្វើការ​ជាមួយ​ស្ថាប័ន​របស់​កម្ពុជា ដោយ​ជឿជាក់​គ្នា ចៀសវាង​ការ​ស្តាប់​សារព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ រួចមក លោក​ឡៅ ម៉ុងហៃ ជា​អ្នកវិភាគ​ជើងចាស់ និង​ធ្លាប់​ទទួល​តំណែង​ជា​ទីប្រឹក្សា​លោក​កឹម សុខា កំឡុង​ពេល​លោក​នៅ​ជា​អនុប្រធាន​ទី​រដ្ឋសភា​ផង​នោះ បាន​លើកឡើង​ថា "​ការ​គួរឲ្យ​អាម៉ាស ដែល​រាជរដ្ឋាភិបាល​ហាមឃាត់​មិនឲ្យ​អង្គការសហប្រជាជាតិ​ជ្រៀតជ្រែក លូក​ដៃ​ក្នុង​បញ្ហា​ផ្ទៃក្នុង​កម្ពុជា​»​។​

​នៅក្រោយពេល​អ្នកវិភាគ​ជើងចាស់​រូបនេះ ចំអក​ពើប​ជ្រាយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បែបនេះ​ភ្លាម ស្រាប់តែ​លោក​ផៃ ស៊ីផា​ន ជា​មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ប្រតិកម្ម​តប​ទៅ​លោក​ឡៅ ម៉ុងហៃ​វិញ​ថា  ជា​អ្នកវិភាគ​ដែល​ប្រឌិត បំភ័ន្ត ភូតភរ មហាជន​។​លោក​ផៃ ស៊ីផា​ន​ថា លោក​ឡៅ ម៉ុងហៃ មិនមែន​ជា​អ្នកវិភាគ​ទេ តែ​ជា​អ្នក​ឃោសនា ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ជា​អ្នកប្រឆាំង​រដ្ឋាភិបាល​ជា​អចិន្ត្រៃយ៍​។ លោក​ថា ជា​ទម្លាប់​ទៅហើយ ដែល​លោក​ឡៅ ម៉ុងហៃ មើលឃើញ​កម្ពុជា​ឋិត​នៅក្រោម​អាណានិគម​របស់​អង្គការសហប្រជាជាតិ ឬ​ក្រោម​និគម​បរទេស ។​លោក​ចាត់ទុ​ការយល់ឃើញនេះ ថា​ជា​រឿង​គួរឲ្យ​អាម៉ាស់ ព្រោះ​លោក​ឡៅ ម៉ុងហៃ មាន​និន្នាការ​នយោបាយ​ប្រឆាំង​ផ្កាប់មុខ ។​

​លោក​ផៃ ស៊ីផា​ន ក៏​ឆ្លៀត វាយប្រហារ​ឌឺដង​ដល់​អង្គការ​សហប្រជាជាតិ​ថា​«​តើ​UNTAC  បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល នៅ​កម្ពុជា​ដែរឬទេ​? តើ​ប្រទេស​ណាខ្លះ បាន​មើលស្រាល និង​ធ្វើ​ការទិទៀន និង វាយប្រហារ​ដល់​មន្ត្រី​UN ដែល​បំពេញការងារ​អន្តរជាតិ​? លោក​បន្ថែម​ទៀត​ថា ថ្មីៗ​នេះ ប្រធានាធិបតី សហរដ្ឋ​អាមេរិក​លោកដូ​រណាល់​ត្រាំ ប្រធានាធិបតី ហ្វីលីពីន​លោកឌូ​តឹ​តេ និង​រដ្ឋាភិបាល​ភូមា ក៏បាន ប្រតិកម្ម វាយប្រហារ ដល់​មន្ត្រី​អង្ក​ការ​សហប្រជាជាតិ​ផងដែរ​។

​លោក​ផៃ ស៊ីផា​ន ថា​លោក​ឡៅ ម៉ុងហៃ គួរតែ​ឲ្យគេ​លុ​បងារ​បញ្ជើចបញ្ជើ​ថា​ជា​អ្នក​«​វិភាគ​ឯករាជ្យ​»​ចេញទៅ ព្រោះ​លោក​បណ្ឌិត​គឺ​ជា​ទីប្រឹក្សា​លោក​កឹម សុខា ជា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រឆាំង នឹង​រាជរដ្ឋាភិបាល​ជា អចិន្ត្រៃយ៍​នោះ​៕

​ដោយ​៖​ខាត់ សុធី​

ព័ត៌មានផ្សេងទៀត

 
x