ព័ត៌មានជាតិ  |  សង្គម

ព្រះមហាក្សត្រ​​និង​សម្តេចម៉ែ​​យាង​ទត​​ខ្សែភាពយន្ត​​ប្រវត្តិសាស្ត្រ​​លើក​​ទី​មួយ​​

16-02-2017 4:17 pm
 ចំនួនទស្សនា 2664
រូបថតដោយ៖ អាជ្ញាធរជាតិអប្សរា

​នា​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​សម្តេចម៉ែ បាន​បាន​យាង​ដល់​ទឹកដី​អង្គរ​ខេត្ត​សៀមរាប​ហើយ ដើម្បី​គង់​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ចាក់​បញ្ចាំងភាពយន្ត «​មុនដំបូង​ខ្មែរក្រហម សម្លាប់​ប៉ា​របស់ខ្ញុំ​»​។ «​មុនដំបូង​ខ្មែរក្រហម សម្លាប់​ប៉ា​របស់ខ្ញុំ​» ដែល​ដឹកនាំ​ផលិត​ដោយ​លោកស្រី Angelina Jolie នឹង​ត្រូវ​បញ្ជាំង​នា​ចុង​សប្តាហ៍​នេះ​។

​តាម​គម្រោង ព្រះរាជ​វត្តមាន​របស់​ព្រះអង្គ​ទាំង​ទ្វេ​នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​នេះ ព្រះអង្គ​នឹង​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ពិធី​កាត់​ឫស​សីមា​ព្រះវិហារ​វត្ត​ស្វាយដង្គំ ស្ថិតក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប និង​យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ពិធី​សម្ពោធ​ខ្សែភាពយន្ត​ខ្នាត​អន្តរជាតិ​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​»​។​

«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ជា​ខ្សែភាពយន្ត​បែប​ប្រវត្តិសាស្ត្រ ដែល​រំឭក​អំពី​ប្រវត្តិ​ដ៏​ជូរចត់​នៃ​របប​វាលពិឃាត ដឹកនាំ​ផលិត​ដោយ​លោកស្រី Angelina Jolie ជា​តារា និង​ជា​ផលិតករ​ដ៏​ល្បី​របស់ Hollywood នឹង​ត្រូវ​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​បង្អស់​នៅលើ​វាលស្មៅ​នៃ​ព្រះ​លានជល់ដំរី ដែល​ជា​អតីត​រាជធានី​ដ៏​ឧត្តុង្គឧត្តម នា​កំឡុង​សតវត្ស​ទី​៩​ដល់​ទី​១៥ នា​ថ្ងៃ​ទី​១៨-១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នក​ដែល​ត្រូវ​អញ្ជើញ​ចូលរួម​ទស្សនា​ខ្សែភាពយន្ត​នេះ គឺ​ក្រៅ​មន្ត្រីរាជការ និង​មន្ត្រី​ទូត​គ្រប់​ប្រទេស គឺ​មាន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​សម្តែង និង​ក្រុមបច្ចេកទេស ដែល​បាន​ចូលរួម​ផលិត​ភាពយន្ត​កន្លងមក​។ ហើយ​ការ​ចូល​ទស្សនា គឺ​ត្រូវ​បាន​កំណត់​តាម​ចំនួន​លិខិត​ដែល​បាន​អញ្ជើញ​ប៉ុណ្ណោះ មិន​ត្រូវ​បាន​បើក​ឲ្យចូល​ទស្សនា​ដោយ​សេរី​ឡើយ​។​

​គួរ​ជម្រាប​ថា ខ្សែភាពយន្ត​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ត្រូវ​បាន​ថត​នៅក្នុង​ទីតាំង​សំខាន់ៗ​ជា​ប្រវត្តិសាស្ត្រ​ចំនួន​២​គឺ ខេត្តសៀមរាប និង​ខេត្ត​បាត់ដំបង ជាពិសេស តំបន់​រមណីយដ្ឋាន​អង្គរ ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ខ្សែភាពយន្ត​បាន​ផ្តិត​យក​ទិដ្ឋភាព​ជា ប្រវត្តិសាស្ត្រ​មួយ​ចំនួន​ធំ​។ ដូចនេះហើយ​បានជា​ផលិតករ​ភាពយន្ត​សម្រេចចិត្ត​ជ្រើសរើស​យក​រមណីយដ្ឋាន​អង្គរ ជាទី​តាំង​ចាក់​បញ្ចាំង​មុន​ដំបូង​បំផុត ដែល​ជា​ពិធី​សម្ពោធ​ផ្លូវការ​មុន​នឹង​ខ្សែភាពយន្ត​នេះ​ចាក់​បញ្ចាំង​នៅ​រោង ភាពយន្ត​ផ្សេងៗ​ទៀត​៕

ព័ត៌មានផ្សេងទៀត

 
x