កម្ពុជា​​ជា​ប្រទេស​​មាន​ហានិភ័យ​​គ្រោះ​មហន្តរាយ​​ខ្ពស់​​

ដោយ៖ គួន សំបូរ 16-02-2017 3:51 pm 1715

​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​នេះ គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិកា​ររ​វាង គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​និង​ដៃគូរ​អភិវឌ្ឍ​ក្នុង​ការអនុវត្ត​ការគ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​កម្ពុជា​។ បើ​តាម​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​អះអាង​ថា ប្រទេស​កម្ពុជា ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​ហានិភ័យ​គ្រោះ​មហន្ត​រា​ធំធេង ក្នុងការ​ផ្សារ​ភ្ជាប់​នឹង​ការប្រែប្រួល​អាកាសធាតុ​។

​លោក​ឡាំ ហេង​ហួត រដ្ឋលេខាធិការ គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​អះអាង​ថា នៅក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍន៍ គួរ​ឲ្យ​កម្គាល់ ទាំង​ទិដ្ឋភាព​សន្តិសុខ នយោបាយ សេដ្ឋកិច្ច និង​សង្គម​។ លោក​ថា នៅពេល​ជាមួយគ្នា​ផងដែរ ខ្យល់ព្យុះ និង​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ ក៏​បាន​បង្ក​ឲ្យមាន​ការ​ខួច​ខាត និង​បាត់បង់​យ៉ាង​ធំធេង​ក្នុង​ផ្នែក​សង្គម ផលិតកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​លោក​ឡាំ ហេង​ហួត បាន​សង្កត់ធ្ងន់ថា ប្រទេស​កម្ពុជា ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​ហានិភ័យ​គ្រោះ​មហន្ត​រា​ធំធេង ក្នុងការ​ផ្សារ​ភ្ជាប់​នឹង​ការប្រែប្រួល​អាកាសធាតុ​។​លោក​ថា ដើម្បី​ដោះស្រាយ ហានិភ័យ​នេះ ស្ថាប័ន និង​ដៃគូរ​គ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​កម្ពុជា ជារឿយៗ​បានដាក់​យុទ្ធសាស្ត្រ​ជាក់​ស្តែក ដែល​អនុញ្ញាត្ត​ឲ្យមាន​ការបន្សុំ ទៅ​នឹង​អាកាសធាតុ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព  ក្នុង​ការកសាង​យុទ្ធសាស្ត្រ និង​គោលនយោបាយ ដើម្បី​ដោះស្រាយ​បញ្ហា​រួម​ដែល​កើតឡើង​នៅ​កម្ពុជា​។​

​គួរបញ្ជាក់​ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ដៃគូរ​អភិវឌ្ឍ​ក្នុង​ការអនុវត្ត​ការគ្រប់គ្រង​គ្រោះមហន្តរាយ​នេះ ធ្វើឡើង​ដើម្បី​ចែករំលែក​ព័ត៌មាន​ស្តី​អំពី​កម្មវិធី​គ្រប់គ្រង​គ្រោះមហន្តរាយ​ជា​អាទិភាព​ក្នុង​ឆ្នាំ​២០១៧ និង​ចែករំលែក​ព័ត៌មាន​ស្តីអំពី​ស្ថានភាព​នៃ​ការបញ្ជ្រាប​អំពី​ច្បាប់​គ្រប់គ្រង​គ្រោះមហន្តរាយ ការអនុវត្ត​ព្រមទាំង​ស្វែងរក​ចំណុចរួម​ក្នុងការ​ធ្វើ​ការរួម​គ្នា​។​

​បើ​តាម​របាយការណ៍ របស់​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានឲ្យដឹងថា នៅក្នុង​ឆ្នាំ​២០១១ ទឹកជំនន់ បាន​បំផ្លិចបំផ្លាញ​ផលដំណាំ​របស់​ប្រជាជន​ពលរដ្ឋ ប្រមាណ​ចំនួន​៤៥១​លាន​ដុល្លារ លើ​ការបាត់បង់​។ នៅក្នុង​ឆ្នាំ​២០១៣ ទឹកជំនន់ បាន​បំផ្លិចបំផ្លាញ​ផលដំណាំ​របស់​ប្រជាជន​ពលរដ្ឋ ប្រមាណ​ចំនួន​៣៥៦៣​លាន​ដុល្លារ​អាមេរិក​។ ចំណែក​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ទាន់​ផ្សាយ​ជា​ផ្លូវការ​ទេ​៕


ព័ត៌មានផ្សេងទៀត