ព័ត៌មានជាតិ  |  សង្គម

កម្ពុជា​កំពុង​ពិនិត្យ​​លើ​ឯកសារ​​គម្រោង​ទំនប់​វា​រី​អគ្គិសនី​​ប៉ាក់​បេង​​របស់​ឡាវ​​

16-02-2017 3:27 pm
 ចំនួនទស្សនា 657
រូបភាពពីក្រសួងបរិស្ថាន

គម្រោង​ទំនប់​វា​រី​អគ្គិសនី ប៉ាក់​បេង មាន​ទីតាំង​នៅ​ភាគ​ខាងជើង​នៃ ប្រទេស​ឡាវ​ដែល​ស្ថិត​នៅ​ភាគ​ខាងលើ​នៃ​គម្រោង​ទំនប់ វា​រី​អគ្គិសនី សាយ៉ា​ប៊ូ​រី និង​ដន​សា​ហុង ត្រូវបាន​ភាគី​កម្ពុជា តំណាង​ដោយ​ក្រសួង​បរិស្ថាន លើក​មក​ប្រជុំ​ពិភាក្សា និង​ផ្តល់​យោបល់​លើ​ការវាយតម្លៃ​ពី​ផលប៉ះពាល់​បរិស្ថាន​និង​សង្គម​ឆ្លងដែន ពី​ការអភិវឌ្ឍ​គម្រោង​ប្រើប្រាស់​ធនធាន​ទឹក​ក្នុង​ទន្លេមេគង្គ​។

លោក​អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​គាំពារ​បរិស្ថាន បានឲ្យដឹង​ថា​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​លើ​ឯកសារ​គម្រោង​ទំនប់​វា​រី​អគ្គិសនី ប៉ាក់​បេង ដែល​ស្នើ ដោយ​ប្រទេស​ឡាវ និង​ការផ្តល់​យោបល់​ទៅលើ​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ឆ្លងដែន ពី​ការអភិវឌ្ឍ​គម្រោង​ប្រើប្រាស់​ធនធាន​ទឹក​ក្នុង​ទន្លេមេគង្គ​។

​ជា​លទ្ធផល​អង្គប្រជុំ កម្ពុជា​បាន​ស្នើ​ឱ្យ​អនុវត្ត​នូវ​គោលការណ៍​មួយ​ចំនួន ដូចជា​សិក្សា​ពេញលេញ​បន្ថែម​ទៀត​ទៅលើ​បណ្តុំ​ហេតុ​ប៉ះពាល់​បរិស្ថាន​-​សង្គម​ដល់​បឹង​ទន្លេសាប ស្នើ​ឱ្យមាន​ការសិក្សា​លើ​លទ្ធភាព​នៃ​ការ​បង្ហូរទឹក​ក្នុង​រដូវប្រាំង ក្នុងករណី​ដែល​ទន្លេមេគង្គ​ក្រោម​មាន​ការខ្វះខាត​ទឹក ស្នើ​ឱ្យមាន​ការសិក្សា​ពី​បណ្តុំ​ហេតុ​ប៉ះពាល់​ដល់​បរិស្ថាន​-​សង្គម និង​សេដ្ឋកិច្ច​ពី​ការបញ្ចេញ​ទឹក​នៅ​រដូវវស្សា ក្នុងករណី​ដែល​ទន្លេមេគង្គ​ក្រោម​មាន​ទឹកជំនន់ និង​ស្នើ​ឱ្យ​ម្ចាស់​គម្រោង​ប្រតិបត្តិ​ទៅតាម​គោលការណ៍​របស់ គណៈកម្មការ  ទន្លេមេគង្គ​(MRC) ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។​

សូមបញ្ជាក់​ថា គម្រោង​ទំនប់​វា​រី​អគ្គិសនី​ប៉ាក់​បេង គឺជា​គម្រោង​មួយ​ក្នុងចំណោម​៥​គម្រោង ដែល​មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងជើង​បំផុត​នៃ​ប្រទេស​ឡាវ ក្នុង​ខេត្ត​ឧត្តម​សាយ្យ លើ​ទីតាំង​ដែល​មាន​រយៈកម្ពស់ ២៩៨​ម៉ែត្រ ធៀប​នឹង​នី​វូ​សមុទ្រ ដែល​មាន​ចម្ងាយ​ប្រមាណ ១៥៤០ គីឡូម៉ែត្រ គិត​តាម​របត់​ទន្លេ​មក​ព្រំប្រទល់​កម្ពុជា​-​ឡាវ ហើយ​គម្រោង​នេះ​ស្ថិត​នៅ​ភាគ​ខាងលើ​នៃ​គម្រោង​ទំនប់ វា​រី​អគ្គិសនី សាយ៉ា​ប៊ូ​រី និង​ដន​សា​ហុង​៕

ដោយ​៖​ខាត់ សុធី​

ព័ត៌មានផ្សេងទៀត

 
x