ប៉ូលិស​​ម៉ាឡេស៊ី​​ចាប់ខ្លួន​ស្ដ្រី​ម្នាក់​​សង្ស័យ​​ពាក់ព័ន្ធ​​ការស្លាប់​​បងប្រុស​​លោក​គីម ជុង​អ៊ុន​

ដោយ៖ ពេញ ផេង 16-02-2017 3:06 pm 2037
រូបភាពស្ដ្រីជាជនសង្ស័យចាប់បានដោយកាមរ៉ាសុវត្ថិភាព

​ប៉ូលិស​ម៉ាឡេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ទី​១៥​កុម្ភៈ​ថា បាន​ចាប់ខ្លួន​ស្ដ្រី​សង្ស័យ​ម្នាក់ ក្នុង​ការស៊ើបអង្កេត​ក​រណីស្លាប់​បុរស​ជនជាតិ​កូរ៉េ​ជើង​​។​មេ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​ក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួរ ជា​កន្លែង​ដែល​បុរស​ជនជាតិ​កូរ៉េ​ខាងជើង​មាន​អា​ការៈមិន​ស្រួល ហើយ​ស្រែកហៅ​ជំនួយ​។​

​ស្ដ្រី​ជា​ជនសង្ស័យ​កាន់​លិខិតឆ្លងដែន​វៀតណាម ត្រូវ​គេ​កំណត់​អត្ដ​សញ្ញាណ​បាន​ដោយសារ​កាមេរ៉ា​សុវត្ថិភាព​នៅ​អាកាសយានដ្ឋាន​។​លោក​មេ​ប៉ូលិស​ថា នៅ​ពេល​ចាប់ខ្លួន​ស្ដ្រី​ជា​ជនសង្ស័យ​នៅ​តែ​ម្នាក់ឯង​ទេ​។​

​សូមបញ្ជាក់​ថា បុរស​ជនជាតិ​កូរ៉េ​ខាងជើង​បាន​ស្លាប់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី​១៣​កុម្ភៈ​នៅ​អាកាសយានដ្ឋាន​ក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួរ មុនពេល​ចេញដំណើរ​ទៅ​ទីក្រុង​ម៉ា​កាវ​។​លោក​មាន​អាយុ​៤៦​ឆ្នាំ ហើយ​ពេល​ស្លាប់​កាន់​លិខិតឆ្លងដែន​មានឈ្មោះ​ថា​គីម ចូល​។​

​ប៉ុន្ដែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​បាន​ចុះផ្សាយ​ថា បុរស​ដែល​ស្លាប់​នោះ​មានឈ្មោះ​គីម ជុង​ណា​ម ត្រូវ​ជា​បង​ប្រុស​បង្កើត​របស់​លោក​គីម ជុង​អ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង​។​សាកសព​របស់លោក​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ក្រុងកូឡា​ឡាំ​ពួរ ដើម្បី​ពិនិត្យ​រក​មូលហេតុ​នៃ​ការស្លាប់​។​តែ​កូរ៉េ​ខាងត្បូង​និង​អាមេរិក​សន្និដ្ឋានថា លោក​គីម ជុង​ណា​ម​ស្លាប់​ដោយសារ​គេ​បំពុល​។​

​អ្នក​ដែល​បំពុល​សង្ស័យថា​ជា​ស្ដ្រី​ពីរ​នាក់ ជឿជាក់​ជា​ចារកម្ម​របស់​កូរ៉េខាងជើង ហើយ​ក្រោយ​ធ្វើ​សកម្មភាព​ក៏​ចាកចេញ​ពី​អាកាសយានដ្ឋាន​។​​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៥​កុម្ភៈ​ថា ស្ដ្រី​ទាំង​ពីរ​នាក់​ជា​ជនសង្ស័យ​នោះ​ទំនង​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ តែក៏មិនច្បាស់​១០០ភាគរយ​ដែរ​។​ហេតុ​នេះ​ចំពោះ​ស្ដ្រី​សង្ស័យ​ដែល​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួនបាន នៅ​មិនទាន់​មាន​ការបញ្ជាក់​ព័ត៌មាន​លម្អិត​យ៉ាងណាទេ​៕

ព័ត៌មានផ្សេងទៀត