ព័ត៌មានជាតិ  |  សង្គម

អណ្តើក​ហ្លួង​ដ៏​កម្រ​មួយ​ក្បាល​បាន​ស្លាប់​ដោយ​ការប្រើ​ឧបករណ៍​ឆក់​

16-02-2017 2:41 pm
 ចំនួនទស្សនា 821

​សត្វ​អណ្តើក​ហ្លួង​មេ​មួយ​ក្បាល មាន​ទម្ងន់​ប្រហែល ៩​គីឡូក្រាម និង​អាយុប្រមាណ ១១​ឆ្នាំ ត្រូវបាន​អ្នកនេសាទ​ប្រទះ​ឃើញ​ងាប់​អណ្តែត​ទឹក​នៅ​ដងព្រែ​កក្អោត ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​។​បើ​តាម​ក្រុម​មន្ត្រី​អភិរក្ស​របស់​រដ្ឋបាល​ជលផល និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​ធ្វើ​ការស៊ើបអង្កេត និង​ត្រួតពិនិត្យ​មូលហេតុ​នៃ​ការងាប់ បាន​សន្និដ្ឋាន​ថា​អណ្តើក​ហ្លួង​នេះ បាន​ងាប់​ដោយសារ​ការប្រើ​ឧបករណ៍​ឆក់​ត្រី ដោយ​ផ្អែក​លើ​ស្លាកស្នាម​បន្សល់ទុក​នៅលើ​ក្បាល​របស់​វា​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​លោក​អេង ម៉េង​អ៊ី មន្ត្រី​ផ្នែក​ទំនាក់ទំនង​និង​កិច្ចការ​សាធារណៈ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា បាន​ប្រាប់​ដល់​វិទ្យុ​វាយោ​នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ​កុម្ភៈ​នេះ​ថា ការ​ងាប់​សត្វ​អណ្តើក​នេះ​ពិតជា​បង្ក​ឡើង​ដោយសារ​តែ​ការប្រើ​ឧបករណ៍​ឆក់​ប្រាកដ​មែន ហើយ​សកម្មភាព​នេះ​វា​តែងតែ​កើតឡើង​ជា​រៀងរាល់​យប់ ដែល​វា​ជា​ការលំបាក​មួយ​ផងដែរ ដល់​ក្រុម​អភិរក្ស​។​ប៉ុន្តែ​នៅពេល​នេះ​ដែរ​ក្រុមការងារ WCS និង​រដ្ឋបាល​ជលផល​កំពុង​សហការ​គ្នា​រៀបចំ​ក្រុម​ល្បាត​ពេលយប់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​

​លោក​អេង ម៉េង​អ៊ី បាន​បន្ថែមទៀតថា បច្ចុប្បន្ន​នេះ​សត្វ​អណ្តើក​ហ្លួង​នៅសល់​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​ខេត្ត​កោះកុង​មាន​ចំនួន ២០៦​ក្បាល ហើយ ២៥​ក្បាល​ទៀត​ត្រូវបាន​យក​ទៅ​អភិរក្ស​នៅក្នុង​មជ្ឈមណ្ឌល​អង្គរ​សំរាប់​ការងារ​អភិរក្ស​ជីវៈចម្រុះ ហើយ​អណ្តើក​ដែល​រស់នៅ​តាម​ធម្មជាតិ​គឺ​មាន​តិចតួច​ប៉ុណ្ណោះ​...

​សំឡេង​លោក​អេង ម៉េង​អ៊ី​៖

​លោក​អេង ម៉េង​អ៊ី ក៏​បាន​អះអាង​ដែលថា តាមរយៈ​ឧបករណ៍​ភ្ជាប់​នៅលើ​ខ្នង និង​ការ​ស្គេ​ន​លេខ​កូដ​នៅ​លើ​ជើង​បញ្ជាក់ថា អណ្តើក​ហ្លួង​ដែល​ងាប់​នេះ​ស្ថិតនៅ​ក្នុង​ចំណោម​អណ្តើក​ទាំង ២១​ក្បាល ដែល​ក្រុម​អភិរក្ស​របស់​រដ្ឋបាល​ជលផល និង​អង្គការ WCS បាន​លែង​អោយ​ទៅ​រស់នៅ​ក្នុង​ធម្មជាតិ​កាលពី​ឆ្នាំ ២០១៥​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា អណ្តើក​ហ្លួង​ឬ​អណ្តើក​សរសៃ គឺជា​អណ្តើក​មួយ​ប្រភេទ​ក្នុង​ចំណោម​អណ្តើក ២៥​ប្រភេទ​ដែល​កំពុង​រង​គ្រោះថ្នាក់​ខ្លាំងជាងគេ​នៅលើ​សកលលោក​។​មិនតែប៉ុណ្ណោះ​ការកើនឡើង​នៃ​ការរំខាន​នា​ពេល​ថ្មីៗ​នេះ នៅ​តាម​ប្រព័ន្ធ​ព្រែក​អំបិល​ខេត្តកោះកុង​ដែល​ជា​ទីជម្រក​តែមួយ​គត់​នៅ​កម្ពុជា ក៏​កំពុងតែ​ធ្វើអោយ​សត្វ​ប្រភេទ​នេះ​ស្ថិតក្នុង​ភាព​ហានិភ័យ​ខ្ពស់​ឈានដល់​ការ​ផុត​ពូជ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត

 
x