ព័ត៌មានជាតិ  |  សង្គម

សាលាដំបូង​​បដិសេធ​​សំណើសុំ​ពន្យា​​ពេល​​បំភ្លឺ​​របស់​​លោក​​គឹម សុខ​​

16-02-2017 2:34 pm
 ចំនួនទស្សនា 1216

​ជា​ការឆ្លើយតប​ភ្លាមៗ លោក​សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក ថ្ងៃទី​១៦ ខែ​កុម្ភៈ​នេះ បាន​ច្រានចោល​សំណើរ​សុំ​ពន្យា​ពេល​ចូល​បំភ្លឺ​របស់​លោក​គឹម សុខ ហើយ​ដាច់​ខាត​សា​ម៉ី​ខ្លួន​ត្រូវ​តែ​ចូល​មក​សវនាកា​តាម​កា​ល​កំណត់​។ លោក​គឹម សុខ នៅ​ព្រឹក​នេះ​បាន​ស្នើសុំ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ពន្យារពេល​ចូល​ឆ្លើយបំភ្លឺ​ក្នុង​សំណុំរឿង​ប្ដឹង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​សវនាការ​នេះ​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៧ ខែ​កុម្ភៈ​។

​លោក​គឹម សុខ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ​នេះ បាន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ពន្យា​ពេល​ចូល​បំភ្លឺ ករណី​បណ្តឹង​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។ ការស្នើ​នេះលោក​គឹម សុខ អះអាងថា ដើម្បី​ទុក​ពេល​រក​មេធាវី​ការពារ​ក្តី​។ ស្របពេល​ដែល​អ្នកវិភាគ​សង្គម និង​នយោបាយ​រូបនេះ ចូល​ស្នើ​ពន្យា​ពេល​បំភ្លឺ​បណ្តឹង លោក​ក៏​ត្រូវ​បាន​រង​ប្តឹង​មួយ​ករណី​ទៀត បន្ទាប់ពី​បាន​ថ្លែង​ចោទប្រកាន់​មកលើ​រដ្ឋាភិបាល​កម្ពុជា​ថា បាន​បង្កើតឲ្យមាន​ប្រព័ន្ធ​មួយ ដែល​មាន​ការសម្លាប់​ម​នុស្សហើយ​រកមុខ​ឃាតក​មិនឃើញ​។​

​ខណៈ​ដែល​លោក​គឹម សុខ បានស្នើ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពន្យា​ពេល​ចូល​បំភ្លឺ​ករណី​បណ្តឹង​ទីមួយ របស់​លោក​ហ៊ុន សែន លោក​បាន​ប្រកាស​ជំហ​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅតែ​អត្ថាធិប្បាយ​ពី​បញ្ហា​សង្គម និង​នយោបាយ ទោះបីជា​ទ​ទួង​រង​បណ្តឹង​ជា​បន្តបន្ទាប់​ក៏ដោយ​។ សូម​ស្តាប់​ការលើកឡើង​របស់​លោក​គឹម សុខ​....
​សំឡេង​៖

​ឆ្លើយតប​ភ្លាមៗ នឹង​ការ​ដាក់​ពាក្យសុំ​ពន្យា​ពេល​ចូលទៅ​បំភ្លឺ​របស់​លោក​គឹម សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​សៀង សុខ មិន​អនុញ្ញាត​តាម​ការស្នើសុំ​នេះ​ឡើយ​។ យ៉ាង​ណា​ លោក​សៀង សុខ មិន​បាន​បញ្ជាក់​ពី​មូលនៃ​ការបដិសេធ​លើ​សំណើរ​សុំ​លើក​ពេល​សវនាការ​របស់លោក​គឹម សុខ​នោះទេ ដោយ​គ្រាន់តែ​ចារ​បន្ថែម​លើ​លិខិត​របស់​លោក​គឹម សុខ​ថា «​យើង សៀង​ សុខ មិន​អនុញ្ញាត​លើ​ការស្នើសុំ​នេះ​ទេ សាមីខ្លួន​ត្រូវតែ​ចូល​មក​កាន់​អយ្យការ តាម​កាលកំណត់​»​។​

លោកគឹម សុខ កំពុងតែ​ពិចារណា​ថា ចូល​ឬ​មិន​ចូល ខណៈរហូតមកទល់ពេលនេះ​លោករកមេធាវីមិនទាន់​បាន​ផងនោះ។ ​

​លោក​គឹម សុខ ដែល​គេ​ស្គាល់​ថា ជា​អ្នកវិភាគ​សង្គម និង​នយោបាយ ដែល​ទើបតែ​លេចមុខ​នៅលើ​បណ្តាញ​សារព័ត៌មាន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្តឹង​ទារ​​សងជំងឺចិត្ត​៥០​ម៉ឺន​ដុល្លារ និង​ប្រឈម​ជាប់គុក​២​ឆ្នាំ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម​។ បណ្តឹង​នេះ​ធ្វើឡើង​បន្ទាប់​ពី​លោក​​គឹម សុខ បាន​និយាយ​នៅក្នុង​វេទិកា​វិទ្យុ​អាស៊ីសេរី​ដោយ​ចោទប្រកាន់​ថា ករណី​ឃាតកម្ម​លោក​កែម ឡី អាច​ជាប់​ពាក់ព័ន្ធ​បក្ស​កាន់​អំណាច​៕

ព័ត៌មានផ្សេងទៀត

 
x