«​ខ្សែ​ដៀវ​» ​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​​ដែល​ជិត​បាត់បង់​​

ដោយ៖ ចេន សុជាតា 03-02-2017 5:19 pm 2944

​ខ្សែ​ដៀវ ឬ​សាយដៀវ គឺជាឧ​បរក​ណ៍​ភ្លេងខ្មែរ​ដែល​មានវ័យ​ចំណាស់​ជាង​គេ​ក្នុង​ចំណោម​ឧបករណ៍​ភ្លេង​ទាំងឡាយ​។ ខ្សែ​ដៀវ​មានន័យ​ថា ខ្សែ​តែមួយ ហើយ​ខ្សែ​តែ​មួយ​នេះ​គឺជា​ចំណុច​ពិសេស​របស់​ឧបករណ៍​ភ្លេងបុរាណ​នេះឯង​។ ស្ទើរ​លែង​សូវ​មាន​អ្នក​ស្គាល់​ទៅ​ហើយ​ថា​ជា​អ្វី ដោយសារ​ឧបករណ៍​ភ្លេង​មួយ​ប្រភេទ​នេះ​មិនសូវ​ជា​ពេញ​និយម​លេង ហើយ​ការលេង​ក៏​ពិបាក​ទៀត ម្ល៉ោះហើយ​ក៏​មិនសូវ​ជា​មាន​អ្នកចេះ​ប៉ុន្មាន​ដែរ​។   

​គេ​ពុំ​ដឹង​ច្បាស់​ពី​កាលប្រវត្តិ​នៃ​ឧបករណ៍​នេះ​ទេ​។ ឯកសារ​ប្រវត្តិសាស្ត្រ​បាន​សរសេរ​ឲ្យដឹង​ថា​ឧបករណ៍​មួយ​ប្រភេទ​នេះ​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ ដោយ​គេ​ឃើញ​មាន​ចម្លាក់​មួយ​ផ្ទាំង​នៅលើ​ជញ្ជាំង​ប្រាសាទ​បាយ័ន​។ ប៉ុន្តែ​មាន​ឯកសារ​បញ្ជាក់​ខ្លះ​បាន​និយាយថា ឧបករណ៍​នេះ​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា ឯកសារ​ខ្លះ​ទៀត​អះអាងថា​មាន​កំណើត​ដំណាលគ្នា​នឹង​សម័យ​ព្រះថោង​នាងនាគ​ដែរ​។ ចំណែក​ឯក​កម្រង​ឯកសារ​ស្ដីពី​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ពុំ​បាន​បញ្ជាក់​ពី​ប្រភព​ទេ តែ​អះអាងថា ឧបករណ៍​នេះ​ជា​របស់​ខ្មែរ​សុទ្ធសាត​ព្រោះ​ទាំង​រូបរាង ទាំង​សំនៀង ព្រម​ទាំង​វត្ថុ​ធាតុ​ដែល​ផ្សំ គឺ​សុទ្ធសឹង​ជា​របស់​ខ្មែរ​។

ផ្នែក​សំខាន់ៗ​នៃ​ខ្សែ​ដៀវ ឬ​សាយដៀវ មាន​៖ ដង ស្នូ​ក ព្រ​លួត ខ្សែ​សំឡេង និង​ក្រចក​កេះ​។ ដង និង​ព្រលួត ធ្វើ​អំពី​ឈើខ្លឹម​ដែល​មាន​បញ្ចុះ​ភ្លុក ឬ​ឆ្អឹង​ជា​គ្រឿង​លំអ ចំណែក​នៅ​ខាងចុង​ដែល​ព​ត់ង​ខ្វង់​ឡើង​លើ​នោះ គេ​មាន​ឆ្លាក់​ជា​ក្បាច់​ក្បាល​នាគ​យ៉ាង​សង្ហា​។ ស្នូ​ក ឬ​ប្រអប់​សំនៀង​ធ្វើ​ពី​សំបក​ផ្លែ​ឃ្លោក​ទុំ (​ឃ្លោក​ក្អម​) ។ ខ្សែសំឡេង​ធ្វើ​ពី​ខ្សែ​លួសស្ពាន់​តែ​មួយ​សរសៃ​ចង់ភ្ជាប់​ពី​ចុង​ដង​ទៅ​ព្រលួត​។ ក្រចក​ធ្វើ​ពី​បំពង់​ស្ពាន់ កាត់​រាង​បញ្ឆិត​បន្តិច​។

ការ​កេះ ឬ​ដេញ ខ្សែ​ដៀវ ដោយ​អ្នកលេង​ត្រូវ​ពាក់​ក្រចក​នៅ​ចុង​ម្រាមដៃ​ចង្អុលខ្មោច ឬ​នាង​ដៃស្ដាំ​។ នៅពេល​កេះ​គេ​តែង​យក​មេដៃ​ទៅ​ប៉ះ​នឹង​ខ្សែ ហើយ​ដក​មក​វិញ​យ៉ាង​រហ័ស​ដើម្បី​ធ្វើឲ្យ​មាន​សំឡេង​តូមៗ​។ គេ​ប្រើ​ម្រាមដៃ​ឆ្វេង​សម្រាប់​ចុច​សង្កត់​ខ្សែ​នី​ជិត​សំបក​ឃ្លោក​ដែល​ផ្អោប​ខ្ទប់​ទៅ​នឹង​ដើមទ្រូង​នោះ​។ ខ្សែ​ដៀវ​ជា​ឧបករណ៍​ភ្លេង​មួយ​ប្រភេទ​ដែល​បន្លឺសំឡេង ផ្ដ​ក់ៗ ដាច់ៗ កាត់ៗ ពីមុខ​ពីក្រោយ​ឧបករណ៍​ដទៃទៀត ដែល​ធ្វើឲ្យ​គេ​លឺសូរ​សំឡេង​វា​លេចធ្លោ​ពី​ចន្លោះ​សំឡេង​នៃ​ឧបករណ៍​ផ្សេងៗ​ទៀត​នៅពេល​ប្រគុំ​។ គេ​អាច​ប្រើ​ខ្សែ​ដៀវ​នៅក្នុង​វង់ភ្លេង​ការ ភ្លេង​អារក្ស ឬ​អាច​លេង​ជា​ទោល​ដូច​ចាប៉ីដងវែង​ដែរ​។

នៅពេល​និយាយ​ដល់​ឈ្មោះ​ខ្សែ​ដៀវ គេ​តែង​នឹក​ដល់​អ្នក​ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ ង៉ុយ ដែល​ចាស់ៗ​តែង​ចំណាំ​និយាយថា ពេល​លោក​តា​ក្រម​ង៉ុយ​ទៅ​ដល់​ណា​គឺ​មាន​ស្ពាយ​ខ្សែ​ដៀវ​ជាប់​នឹង​ខ្លួន​ជានិច្ច ហើយ នៅ​ពេល​លោក​ចាប់​លេង​ខ្សែ​ដៀវ លោក​តែង​ច្រៀង​ភ្ជាប់​នឹង​ពាក្យ​ទូន្មាន​ប្រៀនប្រដៅ​គឺ​ច្បាប់​ល្បើក​ថ្មី​។

​ក្រៅពី​លោក​ក្រម​ង៉ុយ យើង​មាន​នៅ​សល់​មរតក​មនុ​ស្សរស់​គឺ​លោក​ព្រឹទ្ធាចារ្យ សុខ ឌុ​ច ដែល​បច្ចុប្បន្ន​លោក​មាន​អាយុ ៨៨ វស្សា​។  លោក​ព្រឹទ្ធាចារ្យ សុខ ឌុ​ច ដែល​ជា​កោសល្យ​តន្ត្រី​វិជ្ជាធរ​ខ្មែរ​បាន​ទទួល​ងារ “​មរតក​មនុស្ស​រស់​” ផ្តល់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង អង្គការ​យូណេស្កូ​កម្ពុជា​។ ស្នាដៃ​របស់​លោក​ព្រឹទ្ធាចារ្យ សុខ ឌុ​ច ត្រូវបាន​ទទួលស្គាល់​តា​មរយៈ​ភាព​អស្ចារ្យ​ការសម្តែង​សិល្បៈ​ដោយ​ប្រើ​ឧបករណ៏​តន្ត្រីបុរាណ​ខ្មែរ ខ្សែ​ដៀវ និង​ការខិតខំ​ប្រឹងប្រែង​របស់គាត់ ក៏ដូចជា​ការចែករំលែក​នូវ​ចំណេះដឹង​ទាំង​នេះ​ដល់​យុវជន​ជំនាន់​ក្រោយ​៕

ស្ដាប់ជាសំឡេង៖

ព័ត៌មានផ្សេងទៀត