តើធ្វើ​​បុណ្យបច្ច័យបួន​​ត្រូវ​​និមន្ត​ព្រះសង្ឃ​​​ប៉ុន្មាន​អង្គ​?​​

ដោយ៖ ចេន សុជាតា 20-01-2017 3:30 pm 824

​បុណ្យបច្ច័យបួន គឺជា​ពិធី​បុណ្យ​មួយ​ក្នុង​ពុទ្ធសាសនា​ថេរវាទ ដែល​គេ​ធ្វើ​សម្រាប់​ជូន​អ្នកមានគុណ​នៅ​ពេល​លោក​ចាស់ជរា ក្នុង​បំណង​ចង់ឲ្យ​អ្នកមានគុណ​បាន​ឃើញ​ផ្ទាល់ ត្រេកអរ ជ្រះថ្លា​ក្នុងការ​កុសល​។ ម្យ៉ាងទៀត គេ​ធ្វើ​ដើម្បី​បញ្ជូន​កុសល​ទៅដល់​មាតាបិតា ជីដូន​ជីតា​ដែល​បាន​ចែក​ឋាន​ទៅហើយ ដោយ​ខ្លាចក្រែង​លោក​មាន​កង្វះខាត​នៅ​លោក​ខាងមុខ​។ តើ​ពិធីបុណ្យ​បច្ច័យ​៤ ត្រូវ​ធ្វើឡើង​យ៉ាងដូចម្ដេច​ខ្លះ​? តើ​ប្រជាជន​ខ្មែរ​ដែល​មាន​ជំនឿ​លើ​ពុទ្ធសាសនា ច្រើន​រៀបចំ​ពិធីបុណ្យ​នេះ​ក្នុង​អំឡុង​ខែ​ណា​? ហើយ​តើ​បុណ្យបច្ច័យបួន​ត្រូវ​និមន្ត​លោក​ត្រឹមតែ​៤​អង្គ ឬក៏​យ៉ាងណា​?

​ពាក្យ ថា “​បុណ្យបច្ច័យបួន​” គឺជា​ឈ្មោះ បុញ្ញ​កម្ម មួយបែប​ដែល​បូ​រា​ណា​ចារ្យខ្មែរ​យើង​បាន​សន្មត​ហៅ តាម​បច្ច័យ​ទេយ្យវត្ថុ​ដែល​គេ​ធ្វើ​ទាន ដោយ​រៀប​ខ្ចប់​បច្ច័យ​ទាំង​បួន​មុខ ក្នុង​មួយ​កញ្ចប់ ៗ​សម្រាប់​ជា​ទេយ្យទាន​។ ពិធី​បុណ្យបច្ច័យបួន ត្រូវបាន​ពុទ្ធសាសនិក​ខ្មែរ​រៀបចំ​ធ្វើតាម​លំ​អាន​ដូចតទៅ​នេះ​៖ មុននឹង​ធ្វើ​បុណ្យ​លោកអ្នក​ម្ចាស់ដើមបុណ្យ ឬ​ម្ចាស់​ដើម​ទាន​ប្រធាន​បុណ្យ តែង​ប្រជុំ​ពិភាក្សាគ្នា ថា តើ​ត្រូវ​និមន្ត​លោក​ប៉ុន្មាន​អង្គ​? និមន្ត​លោក ១​អង្គ ២​អង្គ ៣​អង្គ ឬ​៤​អង្គ ឬ​៥ ឬ​៦ ឬ​៧​អង្គ​។ បើ​យោង​តាម សៀវភៅ​លំ​អាន​ទំនៀម​ខ្មែរ​បុរាណ បានឲ្យដឹងថា លោកអ្នក​អាច​និមន្ត​លោក​មក​ទទួល​ក្នុង​បុណ្យ​ប៉ុន្មាន​អង្គ​ក៏បាន អាស្រ័យ​លើ​សទ្ធា និង​លទ្ធភាព​របស់​ម្ចាស់ដើមបុណ្យ​តែប៉ុណ្ណោះ​។​

លោក​ថា​បើ​និមន្ត​លោក ២​អង្គ ត្រូវ​រៀប​ទេយ្យវត្ថុ ២​កញ្ចប់​, បើ​និមន្ត ៣​អង្គ រៀប​ទេយ្យវត្ថុ​៣​កញ្ចប់ បើ​និមន្ត ៤​អង្គ ត្រូវ​រៀប ៤​កញ្ចប់ ហើយ​បើ​មាន​សទ្ធា​និមន្ត ៧​អង្គ គប្បី​រៀប​ទេយ្យវត្ថុ ៧ កញ្ចប់​។ ឯ​ទេយ្យវត្ថុ​ក្នុង​មួយ​កញ្ចប់ៗ ត្រូវមាន​បច្ច័យបួន​មុខ​គឺ ចីវរ បិណ្ឌបាត​សេនាសនៈ ភេសជ្ជៈ ដាក់ចូល​ទៅក្នុង​មួយកញ្ចប់ៗ ដូចៗ​គ្នា​។

មាន​អ្នកខ្លះ​យល់ ច្រឡំ​ថា ធ្វើ​បុណ្យ​បច្ច័យបួន គេ​និមន្ត​លោក​តែ​បួន​អង្គ​ទេ បើ​និមន្ត​លោក​ទៅដល់ ៥​អង្គ វា​ទៅ​ជា​បុណ្យ​បច្ច័យ​ប្រាំ​ហើយ​? ការ​យល់​យ៉ាង​នេះ​ពុំ​ត្រឹមត្រូវ​នោះទេ ការ​ធ្វើ​បុណ្យ​បច្ច័យបួន​គឺ គេ​រៀប​ទេយ្យវត្ថុឲ​មាន​គ្រប់​ទាំងបួន​បច្ច័យ​ក្នុង​មួយ​កញ្ចប់​។ បើ​ម្ចាស់​បុណ្យ​ជា​អ្នក​មាន​ធូរធារ​គេ​អាច​បញ្ចូល​ចីវរ​ប្បច្ច័យ ២ មាន​ស្បង់​ផង​កន្សែង​ផង​។ បិណ្ឌបាត​ប្ប័​យ ៣​ឬ​៤ មាន​អង្ករ​ផង ត្រីងៀត​ផង ទឹកត្រី​ផង​។​សេនាសន​ប្បច្ច័យ ៣​ឬ​៤ មាន​កន្ទេល​ផង​ខ្នើយ​ផង ស្បែកជើង​ឬ​ប៉ាន​ពែង​ផង​ក៏​បាន​។ គិលាន​ភេសជ្ជ​ប្បច្ច័យ ៣​ឬ​៤ មាន​ទឹកដោះគោ តែ​ស្ករ ឬ​ថ្នាំពេទ្យ​ថែមទៀត​ផង​ក៏​បាន​។ រួម​បច្ច័យ​ទាំង​បួន ដ៏​ច្រើន​មុខ​នេះ​បញ្ចូល​គ្នា វេច​ខ្ចប់​ជាមួយ​កញ្ចប់​។ ទេយ្យវត្ថុ​ដ៏​ច្រើន​មុខ នេះ​ក៏​ឈ្មោះថា បច្ច័យបួន​។ យើង​រៀប​កញ្ចប់​សម្រាប់​តែ​លោក​មួយអង្គ​ក៏​បច្ច័យបួន រៀប ៤​ទៅ​៥​ឬ​៦​កញ្ចប់​សម្រាប់​លោក ៤​ឬ​៥​ឬ​៦​អង្គ ក៏​ឈ្មោះ​ថា ធ្វើ​បច្ច័យបួន​ដែរ​។​

ចំណែក​កម្មវិធី​បុណ្យ​ក៏​មិន​ខុស​ពី​បុណ្យ​ផ្សេង​ដែរ គឺ​ថ្ងៃ​បុណ្យ​នោះ ពេលព្រឹក​បងប្អូន​ជិតខាង​ជួយ​ធ្វើ​រោងបុណ្យ​មុខផ្ទះ តុបតែង​រោង ហើយ​យក​រណ្ដាប់​ទេយ្យវត្ថុ ដែល​កញ្ចប់​ដោយ​ក្រដាស់​ភ្លឺ​ស្អាត​ចំនួន​ប៉ុន្មាន​កញ្ចប់​ដែល​យើង​តម្រូវ និមន្ត​ព្រះសង្ឃ​ប៉ុន្មាន​អង្គ​នោះ មក​ដាក់​តម្រៀប​លើ​គ្រែ​ក្បែរ​គ្រឿង​សក្ការៈ​ព្រះ​ពុទ្ធរូប​។ ដល់​ពេល​រសៀល មេក្រូ​បុណ្យ​បន្លឺសម្លេង ជា​ពេល​ដែល​ភ្ញៀវ​អញ្ជើញ​ទៅ​ចូល​បុណ្យ ។ ពេល​ល្ងាច​លោក​អាចារ្យ ចាប់ផ្ដើម​នមស្ការ​ថ្វាយបង្គំ ហើយ​និមន្ត​ព្រះសង្ឃ​តាម​ចំនួន​មក រួច​សមាទានសីល​និង​អារាធនា​ចម្រើន​ព្រះ​ប​រិត្ត​។ បើ​មាន​ទេសនា​ផង ក៏​រៀប​ធម្មាសនៈ ហើយ​និមន្ត​ព្រះ​ធម្មកថិក សម្ដែងធម៌​ទេសនា​តទៅ ។ លុះ​ព្រឹក​ឡើង​និមន្ត​ព្រះសង្ឃ​ទទួល​យាគូ​។ បើ​មិន​បាន​ធ្វើ​យាគូ​ទេ ធ្វើ​សង្ឃភត្ត​តែ​ម្ដងនោះ គប្បី​សមាទានសីល ហើយ​អ្នក​ដើមបុណ្យ​ព្រមទាំង​កូនចៅ ញាតិមិត្ត​នាំគ្នា​កាន់​គ្រឿង​ប្រដាប់ ទេយ្យវត្ថុ​ឡើង ដើម្បី​វេរ​ទេយ្យវត្ថុ បច្ច័យ ៤ នេះ​និង​វេរចង្ហាន់​ទៅ​ជាមួយគ្នា ។​

បច្ច័យ​ទាំង​៤​នោះ​មានដូចជា​៖

១. ចីវរ​បច្ច័យ មាន​សំពត់​ខោអាវ​សាវ​ស្បៃ ជា​សម្លៀកបំពាក់ គ្រឿង​សម្លៀក​ដណ្ដប់​បិទបាំង​រាងកាយ ការពារ កេរ្តិ៍ខ្មាស់​ជាដើម មាន​ស្បង់ ចីព​រ និង​បរិក្ខា​បន្ទាប់បន្សំ ដូចជា សា​ដក កន្សែង ជាដើម​។
២. បិណ្ឌ​បាត្រ​បច្ច័យ មាន​គ្រឿង​បរិភោគ មាន​អាហារ​ភោជន នំ​នែក បង្អែម ចំអាប​បាយ សម្ល ត្រី សាច់ ប្រហុក ផ្អក អំបិល​
៣. សេនាសន​បច្ច័យ ទីលំនៅ​ភូមិ​ស្ថាន​សម្រាប់​ជ្រកកោន ដេក​អង្គុយ ស្នាក់អាស្រ័យ ថ្ងៃ​យប់​មាន​ផ្ទះសម្បែង កុដិ សាលា កន្ទេល ខ្នើយ វិហារ គ្រែ តុ ទូ កៅអី ឆ្នាំង​ចាន ស្លាបព្រា បាត្រ​។​
៤. គិលាន​ភេសជ្ជ​បច្ច័យ ថ្នាំសង្កូវ កែ​រោគ ការពារ ព្យាបាល​ជម្ងឺ​ដម្កាត់​ផ្សេង ៗ មាន ថ្នាំ​បូរាណ ឱសថ​សម័យ សម្រាប់​ផឹក​លាប ចាក់ ភេសជ្ជៈ ៥ មុខ​ជា​ដើម មាន​ទឹកដោះ​រាវ ទឹកដោះ​ខាប់ ប្រេង​ស្ក ទឹកឃ្មុំ និង​ទឹក​អដ្ឋបាន​ជាដើម ។​

ក្នុង​ផ្លូវពុទ្ធចក្រ ការរស់នៅ​បើ​មានតែ​បច្ច័យ​៣ ខ្វះ​បច្ច័យ​ណាមួយ​ក៏​រស់នៅ​មិន​ស្រួល​។ ប៉ុន្តែ​បច្ច័យ​គ្រប់យ៉ាង​ដែល​រាប់បញ្ចូល​តាម​ឈ្មោះ​តែ ៤ បច្ច័យ​នេះ ជា​បច្ច័យ​(​អាមិស​វត្ថុ​) សម្រាប់​មនុស្ស​ទូទៅ ក៏ប៉ុន្តែ ចំពោះ​បព្វជិត​ក្នុង​ពុទ្ធសាសនា ព្រះអង្គ​ទ្រង់​អនុញាត​ឲ​បរិភោគ ប្រើប្រាស់​បច្ច័យ ដែល​ជា​គ្រឿង​អាស្រ័យ​របស់​បព្វជិត​នោះ​ដោយ​មាន​កំណត់​។ ម្យ៉ាងទៀត បច្ច័យ ៤ ដែល​មាន​កំណត់​នោះ បព្វជិត​មុននឹង​ប្រើប្រាស់​នូវ​បច្ច័យ​ណាមួយ ដែល​ទ្រង់​បានអនុញ្ញាត សុទ្ធតែ​ត្រូវ​ពិចារណា​ដោយ​សតិ​សម្បជ្ជញ្ញៈ​សិន សឹមប្រើប្រាស់​។  

សូមបញ្ជាក់​ថា ពិធី​បុណ្យបច្ច័យបួន គេ​អាច​ធ្វើ​ពេល​ណា​ក៏​បាន ស្រេច​លើ​សមី​ដើមបុណ្យ​កំណត់​។ ក៏​ប៉ុន្តែ​តាម​ទម្លាប់​គេ​ច្រើន​ធ្វើ​នៅ​រដូវ​ជិត​ចូលឆ្នាំ ឬ​ពេល​មាន​ឱកាសល្អ​៕

ព័ត៌មានផ្សេងទៀត