ក្រសួងការ​បរទេស​​តែងតាំង​​ឯកអគ្គ​រាជទូត​ថ្មី ​ដើម្បី​​ស្រប​តាម​ការវិវត្តន៍​​ថ្មី​នៃ​​ពិភពលោក​​

ដោយ៖ គួន សំបូរ 12-01-2017 4:55 pm 1588

​ក្រ​សូង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​រៀបចំ​កែសម្រួល​ប្រព័ន្ធ​ការងារ​របស់​ខ្លួន​ជាថ្មី ដោយ​ក្នុង​នោះ​មាន​ឯកអគ្គរាជទូត​៧​នាក់​ត្រូវបាន​តែងតាំង និង​ផ្លាស់ប្តូរ​។ លោក​ជុំ ស​ន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស​កម្ពុជា ប្រាប់​វិទ្យុ​វាយោ​ថា  ការតែងតាំង​ឯកអគ្គរាជទូត​ថ្មី​នេះ  ដើម្បី​ឲ្យស្រប​តាម​ការ វិវត្តន៍​ថ្មី​របស់​សកលលោក​។

​លោក​ជុំ ស​ន្ទរី អ្នកនាំពាក្យ ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ពន្យល់ថា ការរៀបចំ​កែសម្រួល​ឯកអគ្គរាជទូត​ថ្មី ដោយសារតែ​ក្រសួង​ធ្លាប់​ជួប​បញ្ហា​ប្រឈម​នា​ពេលកន្លងមក ជា​ពិសេស​ការវិវត្តន៍ និង​ភាព​រីកចំរើន​របស់​ប្រទេស​ក្នុង​តំបន់ និង​នៅលើ​ពិភពលោក​។ លោក​ជុំ ស​ន្ទរី ​បានលើកឡើង​ពី​បញ្ហា​ប្រឈម​មានដូចជា​៖ បញ្ហា​កង្វះ​ធនធានមនុស្ស ដែល​សព្វថ្ងៃ​ក្រសួង​កំពុង​តែ​រៀបចំ សាងសង់​អគ្គា​សម្រាប់ មាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ និង​ការទូត ដើម្បី​បណ្តុះបណ្តាល​អ្នកការទូត ក្នុងន័យឲ្យ​តាម​ការវិវត្តន៍​ថ្មី​របស់​សកលលោក​…

​សំឡេង​លោក​ជុំ ស​ន្ទរី​៖

​គួរបញ្ជាក់​ថា កាលពី​ពេល​ថ្មីៗ​នេះ ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ឯកអគ្គរាជទូត​ចំនួន​៧​នាក់​តាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។ ឯកអគ្គរាជទូត ត្រូវ​តែងតាំង​ថ្មី​មានដូចជា​៖ លោក​ឡុង វិសាលោ តែងតាំង​ជា​ឯកអគ្គរាជទូត​ថៃ​, លោក​ទូច សុ​ផា​រត្ន តែងតាំង​ជា​ឯកអគ្គរាជទូត ប្រទេស​អាល្លីម៉ង់ ប្រទេ​សស្លូ​វេនី ប៉ូឡូញ ឆែក ស្លូ​វ៉ាគ និង​ហុងគ្រី ដែលមាន និវេស​ដ្ឋា​ន​នៅ​ទីក្រុង​ប៊ែរ​ឡាំង​,​លោកជំទាវ សឿង រដ្ឋ​ចា​វី តែងតាំង​ជា​ឯកអគ្គរាជទូត ប្រចាំ​ចក្រភព​អង់គ្លេស ដា​ណឺ​ម៉ាក ហ្វាំង​ឡ​ង់ ន័​រវេស៍ ស៊ុយអែត អៀ​កឡង់ អេត្យូ​ពី និង តំណាង​អចិន្ត្រៃយ៍ ប្រចាំ​សហភាព​អាហ្វ្រិក ដែល​មាន​និវេសដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​,​លោក​ឃួន ផុន​រតនៈ តែងតាំង​ជា​ឯកអគ្គរាជទូត ឥណ្ឌូនេស៊ី​, លោក​ចេង ម៉ានិត តែងតាំង​ជា​ឯកអគ្គរាជទូត​ឡាវ​,​ស៊ិន ប៊ុនធឿន តែងតាំង​ជា​ឯកអគ្គរាជទូត​កូរ៉េខាងជើង​,​និង​លោក​ទួន សុខ​វេង តែងតាំង​ជា​ឯកអគ្គរាជទូត​សឹង្ហ​បុរី​។​

​លោក ជុំ ស​ន្ទរី បានបញ្ជាក់​ថា បន្ថែមថា ការរៀបចំ​កែសម្រួល​ឯកអគ្គរាជទូត​ថ្មី​នេះ គឺធ្វើឡើង​ឲ្យស្រប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្រកាស​កន្លងមក​។ លោក​ថា ការកែទម្រង់​នេះ​មាន​ការទទួលស្គាល់ និង​សាទរ​ពី​សំណាក់​មន្ត្រី​ទាំងអស់​ក្នុង​ក្រសួងការបរទេស​កម្ពុ​ជា​ទាំងមូល​៕

(ដោយ គួន សំបូរ​)

ព័ត៌មានផ្សេងទៀត