កូរ៉េខាងត្បូង​​គ្រោង​តវ៉ា​​ជា​មួយ​ចិន​​​បន្ដ​ទៀត​​​រឿង​ដំឡើង​​ប្រព័ន្ធ​​ការពារ​មី​ស៊ី​ល​

ដោយ៖ ពេញ ផេង 12-01-2017 4:23 pm 254
ប្រព័ន្ធការពារមីស៊ីលTHAAD​ពេលបាញ់សាកល្បង

​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​THAAD​របស់​អាមេរិក ដែល​កូរ៉េខាងត្បូង​គិតថា​ជា​ខែល​អាច​ការពារ​ប្រទេស​ពី​គ្រាប់​មី​ស៊ី​ល​កូរ៉េ​ខាងជើង​បាន បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​នឹង​ត្រូវ​ដំឡើង​នៅ​កូរ៉េ​ខាងត្បូង​នា​ចុងឆ្នាំ​២០១៧​នេះហើយ​។​កូរ៉េ​ខាងត្បូង​និង​អាមេរិក​បាន​ព្រមព្រៀង​គ្នា​តាំងពី​ខែ​កក្កដា​ឆ្នាំ​២០១៦​មកម្ល៉េះ លើ​ផែនការ​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​។​

ប៉ុន្ដែ​ចិន​គ្រាន់តែ​ទទួល​ព័ត៌មាន​នេះ​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ ដោយ​មិន​ព្រម​ឲ្យ​កូរ៉េ​ខាងត្បូង​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ជាដាច់ខាត​។​មូលហេតុ​ខ្លាច​ប្រព័ន្ធ​រ៉ា​ដា​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​THAAD អាច​ចាប់​បាន​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ចិន ពិសេស​ព័ត៌មាន​ទាក់ទង​នឹង​យោធា​ដែល​ចិន​កំពុង​លាក់បាំង​។​ចិន​បាន​ប្រាប់​ទៅ​កូរ៉េខាងត្បូង​ថា ផែនការ​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ទោះជា​យ៉ាងណា​ក៏ដោយ​ចិន​ជំទាស់​ដាច់ខាត​។​

​ដោយ​ខ្លាច​ថា​ចិន​អាច​រារាំង​ផែនការ​ដែល​បាន​ព្រមព្រៀង​ជាមួយ​អាមេរិក កូរ៉េខាងត្បូង​បាន​ពន្យល់​ចិន​ជា​ច្រើន​លើក​ថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដើម្បី​ការពារ​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​ប៉ុណ្ណោះ គ្មាន​បំណង​តាមដាន​សកម្មភាព​ចិន​ឡើយ ហើយក៏​មិន​ប៉ះពាល់​ដល់​ផលប្រយោជន៍​ចិន​ដែរ​។​ប៉ុន្ដែ​ចំពោះ​ចិន​នៅ​តែ​មិន​ព្រម មិន​អាច​ទទួលយក​ហេតុផល​កូរ៉េខាងត្បូង​បាន​។​

មើល​ឃើញ​ស្ថានភាព​នៅ​តែ​តឹងតែង កូរ៉េខាងត្បូង​បានឲ្យដឹង​ថា​អាច​នឹង​តវ៉ា​ជា​មួយ​ចិន ពី​សកម្មភាព​ដែល​ចង់​សងសឹក​នឹង​កូរ៉េខាងត្បូង​។​ចិន​ធ្លាប់​ប្ដេជ្ញា​ថា​បើ​កូរ៉េខាងត្បូង​នៅ​រឹងទទឹង​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល គេ​នឹង​ចាត់​វិធានការ​ជាក់ស្ដែង​។​ជា​ការព្រួយបារម្ភ​ទើប​កូរ៉េខាងត្បូង​គ្រោង​តវ៉ា​នឹង​ចិន​បន្ដ​ទៀត​។​តាម​សម្ដី​រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង នឹង​មាន​ការបង្ហាញ​ពី​ការទាក់ទង​រវាង​សកម្មភាព​ចិន​ជាមួយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​THAAD នៅក្នុង​កិច្ចប្រជុំ​ពាណិជ្ជកម្ម​សេរី​រវាង​កូរ៉េ​ខាងត្បូង​និង​ចិន​នៅ​ថ្ងៃទី​១៣​មករា​នេះ​។​

​រដ្ឋ​មន្ដ្រី​ហិរញ្ញវត្ថុ​កូរ៉េខាងត្បូង​វិញ​ថា ខែ​មុន​ចិន​ត្រូវ​សង្ស័យ​បាន​ចាត់​វិធានការ​ដោយ​ផ្ទាល់​លើ​កូរ៉េខាងត្បូង ប្រឆាំង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​។​ចិន​ថ្មីៗ​នេះ​បាន​ច្រាន​ចោល​សំណើ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​កូរ៉េខាងត្បូង សុំ​ឲ្យ​បន្ថែម​ជើងហោះហើរ​រវាង​ប្រទេស​ទាំង​ពីរ​។​កូរ៉េខាងត្បូង​កំពុង​ពិនិត្យមើល​ថា ការបដិសេធ​នេះ​ជាប់​ទាក់ទង​នឹង​ផែនការ​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដែរ​ឬ​អត់​។​កូរ៉េខាងត្បូង​ចង់​បញ្ចប់​បញ្ហា​ជាមួយ​ចិន​ឲ្យបាន​ឆាប់ បើ​មិន​ដូច្នេះ​ទេ​ផែនការ​របស់​គេ​ពិតជា​ត្រូវ​បរាជ័យ​៕

ព័ត៌មានផ្សេងទៀត