ក្រសួង​រ៉ែ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពី​ករណី​ជីក​យក​រ៉ែ​ដោយ​ខុសច្បាប់​នៅ​ខេត្ត​កំពង់ធំ​

ដោយ៖ ថា ចាន់ធី 12-01-2017 4:07 pm 358
ប្រភពរូបភាពពីកាសែតកោះសន្តិភាព

​ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន បង្ហាញ​ពី​ករណី​ជីក​យក​រ៉ែ ដោយ​គ្មាន​អាជ្ញា​បណ្ណ ដែល​បាន​កើតឡើង​នៅ​ខេត្ត​សៀមរាប​។ សេចក្តីប្រកាស​ព័ត៌មាន​បានឲ្យដឹងថា ប្រតិបត្តិការ​ជីក​យក​រ៉ែ ដោយ​គ្មាន​អាជ្ញា​បណ្ណ និង​ការដឹកជញ្ជូន​ធនធាន​រ៉ែ ដោយ​មិន​ទាន់​បាន​បង់​សួយ​សារ ឬ​គ្មាន​លិខិតអនុញ្ញាត​ជា​លាយលក្ខណ៍អក្សរ ពី​រដ្ឋមន្ត្រី​ទទួលបន្ទុក​វិស័យ​រ៉ែ ត្រូវបាន​សាលាដំបូង​ខេត្ត​កំពង់ធំ ប្រកាស​សាលក្រម កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​ធ្នូ​មក​ម្លេះ ។

​តាម​អ្វី​ដែល​ក្រសួង​រ៉ែ និង​ថាមពល​បាន​ផ្សាយ កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៥​កន្លងទៅ ឈ្មោះ​Cao Yun De ប្រធាន​ក្រុមហ៊ុន Meng Xing Hong Fa (Cambodia)Resources Co,Ltd  និង​បុគ្គល​ពាក់ព័ន្ធ ៦​នាក់​ផ្សេង​ទៀត បាន​ធ្វើ​ប្រតិបត្តិការ ជីក​យក​រ៉ែ ដោយ​គ្មាន​អាជ្ញា​បណ្ណ នៅ​តំបន់​ភ្នំ​រុន ស្រុក​ជីក្រែង ខេត្តសៀមរាប និង​ឈ្មោះ Deng Gou Dong ប្រធាន​ក្រុមហ៊ុន​Khmer Yunding Resources  Development  Co,Ltd បាន​ដឹក​សារធាតុ​រ៉ែ​ទង់ដែង ពាក់កណ្តាល​សម្រេច ចំនួន​៧០​កា​រ៉ុង ស្មើនឹង​៤២​តោន ក្នុង​គោលបំណង​ដឹក​ចេញពី​តំបន់​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ដោយ​ឆ្លងកាត់​ខេត្ត​កំពង់ធំ​ដើម្បី​យក​ទៅ​ភ្នំពេញ ដោយ​ពុំ​មាន​លិខិតអនុញ្ញាត ចេញ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល​នោះទេ​។​

​ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើ​នេះ​ផងដែរ ក្រសួង​រ៉ែ​និង​ថាមពល​បាន​ដាក់​ពាក្យបណ្តឹង តាម​នីតិវិធី​ទៅ​តុលាការ​។​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង រួចរាល់​ហើយ​នោះ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មករា សាលក្រម​របស់​សាលាដំបូង​ខេត្តកំពង់ធំ ក៏​បាន​សម្រច​ផ្តន្ទាទោស​ឈ្មោះ Deng Gou Dong និង​បុគ្គល​ពាក់ព័ន្ធ​៦​នាក់​ផ្សេង​ទៀត​ពីបទ ដឹកជញ្ជូន​ធនធាន​រ៉ែ ដោយ​មិន​ទាន់​បាន​បង់​សួយសារអាក​រ និង​គ្មាន​លិខិតអនុញ្ញាត​។​

​ចំពោះ​បុគ្គល​ពាក់ព័ន្ធ​ទាំង​៦​នាក់​នោះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​៦​ខែ​។​ចំណែក​ឈ្មោះ Cao Yun De ត្រូវ​ពិន័យ​ជា​ប្រាក់​១​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​ពី​បទ​ជីក​យក​រ៉ែ​ដោយ​គ្មាន​អាជ្ញា​បណ្ណ​។​។​លើសពីនេះ​ទៀត​ឈ្មោះ Deng Gou Dong​និង Cao Yun De ត្រូវ​សង​សំណង​ការខូចខាត​និង​ការចំណាយ​ផ្សេងៗ​ក្នុង​ម្នាក់ៗ​១០​លាន​រៀល​អោយ​ទៅ​ក្រសួង​រ៉ែ​និង​ថាមពល ហើយ​សារធាតុ​ទាំង​៧០​កា​រ៉ុង​ដែល​រឹបអូស បាន នោះ​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​។​

​សូមបញ្ជាក់​ថា ករណី​ខាងលើ​នេះ​គឺជា​ករណី​ទី​២​ហើយ បន្ទាប់​ពី​សំណុំរឿង​ប្រតិបត្តិការ​ជីក​យក​រ៉ែ​ដោយ​គ្មាន​អាជ្ញា​បណ្ណ​ដែល​បាន​ប្រព្រឹត្តទៅ​នៅក្នុង​ខេត្ត​សៀមរាប​៕

ព័ត៌មានផ្សេងទៀត