មន្ត្រី​បក្ស​ប្រជាជន​​ព្រលយ​ពី​ការចរចា​​ដែល​អាច​នឹង​​លុបចោល​ ព្រោះ​សម្តី​​លោក​សម រង្ស៊ី​​

ដោយ៖ ខាត់ សុធី 12-01-2017 3:49 pm 2870

​ពី​មុន​លោក​សុខ ឥសាន​ថា ការរិះគន់​របស់លោក​សម រង្ស៊ី​មក​លើ​គណបក្ស​ប្រជាជន មិនមែន​ជា​ឧបសគ្គ​សម្រាប់​ការចរចា​រវាង​គណបក្ស​ទាំង​ពីរ​ទេ​។ តែ​មកដល់​ពេលនេះ​លោក​សុខ ឥសាន​ថា​ការបន្ត​វាយប្រហារ​ដដែល​ដដែល របស់​លោក​សម រង្ស៊ី វា​អាច​ជះ​ឥទ្ធិពល​ចំពោះ​ដំណើ​ការចរចា​នេះ​។

ខណៈ​ការបញ្ជាក់​ពី​ការចរចា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ខិត​ជិត​គ្នា លោក​សម រង្ស៊ី​ប្រធាន​គណបក្ស ដែល​គ្មាន​វត្ត​មាន​នៅក្នុង​ប្រទេស កាន់តែ​បន្ត​វាយ​សំពង​មក​លើ​គណបក្ស​ប្រជាជន​ខ្លាំង​ឡើង​។​ការបន្ត​វាយប្រហារ​ម្តង​ហើយ​ម្តងទៀត ពី​សំណាក់​លោក​សម រង្ស៊ី​នេះ បាន​បង្ក​ជា​ការ​ថ្នាំងថ្នាក់​ពី​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ប្រកាស​បដិសេធ​មិន​បន្ត​ការចរចា ពិសេស​ទាក់ទិន​នឹង​ការដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​មន្ត្រី គ​.​ជ​.​ប ដែល​កំពុង​ជាប់ពន្ធនាគារ ក្រោម​បទ​ចោទ​សូកប៉ាន់​ស្រី​កំណាន់​របស់លោក​កឹម សុខា ដើម្បី​ឱ្យ​នាង​បដិសេធ​មិន​ទទួលស្គាល់​ស្នេហា​លួចលាក់​របស់​ខ្លួន​។

 

​ថ្លែង​ប្រាប់​កាសែត​ខេ​ម​បូឌា ដេលី លោក​ខៀវ សុភ័គ ដែល​ជា​អ្នកនាំពាក្យ និង​ជា​ប្រធាន​ខុទ្ទកាល័យ​របស់​លោក​ស ខេង ប្រធាន​ក្រុម​ចរចា ខាង​គណបក្ស​ប្រជាជន បាន​មានប្រសាសន៍ថា ការរិះគន់​របស់លោក​សម រង្ស៊ី ក្នុងន័យ​រើសអើង​ជាតិ​សាសន៍​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ទាក់ទិន​ការ​ប្រារព្ធ​អបអរសាទរ​ថ្ងៃ​៧​មករា ថា​ជា​ថ្ងៃ​ដែល​កងកម្លាំង​វៀតណាម​បាន​ផ្ដួលរំលំ​ខ្មែរក្រហម​នៅ​ឆ្នាំ​១៩៧៩ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការព្យាយាម​បង្កើត​ការជឿ​ទុកចិត្ត​គ្នា​រវាង​គណបក្ស​ទាំងពីរ​។​លោក​ខៀវ សុភ័គ បន្តថា ការវាយប្រហារ​របស់​លោក​សម រង្ស៊ី មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​វា​បង្ហាញ​ថា ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​គ្មាន​ប្រយោជន៍​ឡើយ​។​

បន្ថែម​ពី​លើក​ការបញ្ជាក់​របស់លោក​ខៀវ សុភ័គ នេះដែរ លោក​សុខ ឥសាន ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លើកឡើងថា ស្ថានភាព​ពិតជា​ប្រែប្រួល បើ​លោក​សម រង្ស៊ី នៅតែ​បន្ត​វាយប្រហារ​បែបនេះ បើទោះជា​កន្លងមក លោក​ធ្លាប់​លើកឡើងថា ការរិះគន់​របស់លោក​សម រង្ស៊ី​មិន​មែន​ជា​ឧបសគ្គ​ក៏ដោយ​។​លោក​សុខ ឥសាន ក៏​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា បើ​ការចរចា​ដោយ​លើក​ពី​ករណី​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ​.​ជ​.​ប មក​ធ្វើ​ជា​របៀបវារៈ នឹង​មិន​អាច​ទៅរួច​ទេ ព្រោះ​គណបក្ស​នយោបាយ មិន​មាន​សិទ្ធិ​ទៅ​ធ្វើការ​ជំនួស​តុលាការ​ទេ​………………………

 

​សំឡេង​លោក​សុខ ឥសាន​៖

ដោយឡែក​លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា ចំពោះ​ស្ថានភាព​ប្រែប្រួល​ចុងក្រោយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិភាក្សា​ផ្ទៃក្នុង​គណបក្ស​ជា​បន្ទាន់ ក្នុង​ការរក​វិធី ថា​តើ​គួរ​ធ្វើ​អ្វី​ដើម្បី​ដោះស្រាយ​បញ្ហា​ជា​បន្ត​ទៀត​។ លោក​យឹម សុវណ្ណ បាន​ចាត់​ទុក​បញ្ហា​នេះ ជា​បញ្ហា​អទិភាព​របស់​គណបក្ស​..

 

​សំឡេង​លោក​យឹម សុវណ្ណ​៖

 

​លោក​យឹម សុវណ្ណ ហាក់​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ដំណឹង បដិសេធ​ការចរចា​របស់​គណបក្ស​ប្រជាជន​ពេល​នេះ​។ ភ្ញាក់ផ្អើល​ព្រោះ​កាលពី​ចុងឆ្នាំ​២០១៦ និង​ដើម​ខែ​មករា​ឆ្នាំ​១០១៧ កន្លងមកនេះ ភាគី​ទាំងពីរ​ហាក់​យោគយល់​គ្នា​ច្រើន​ហើយ​។ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ស្វែងយល់​រកឲ្យឃើញ​មូលហេតុ​នៃ​បញ្ហា​នេះ ដើម្បី​រក​ដំណោះស្រាយ​។​

សម្រាប់​អ្នកវិភាគ​យល់ថា​ការ​បង្វែរ​រឿង​ដោយ​យក​ករណី​លោក​សម រង្ស៊ី ជាដើម​ចម គឺ គ្រាន់តែ​ជា​លេស​ដោះសារ​ចំពោះ​ការ​មិន​ធ្វើ​តាម​ការសន្យា​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ បើ​គ្មាន​ការដោះលែង​ទេ សាធារណៈជន​នឹង​បន្ទោស​ការបន្ត​ជាប់​ពន្ធនាគារ​របស់​ស​កម្ម​ជន​ទាំងនោះ​ទៅលើ​លោក​សម រង្ស៊ី​។​

លោក​មាស នី អ្នកវិភាគ​ស្ថានការណ៍​សង្គម​នៅ​កម្ពុជា បាន​លើកឡើង​ថា នេះ​ជា​ល្បែង​ដដែលៗ​របស់​គណបក្ស​ទាំង​២ ហើយ​បែបនេះ ប្រជាពលរដ្ឋ​អាច​នឹង​អស់ជំនឿ​។​អស់ជំនឿ ព្រោះ​វប្បធម៌​សន្ទនា គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​ជាតិ ក្រៅ​តែ​ពី​ការ​កាច់​បំបាក់​គ្នា ចង់​ឈ្នះ​គ្នា​ទៅវិញទៅមក​នោះទេ​។​លោក​មាស នី បាន​វាយតម្លៃ​ថា បើ​រដ្ឋាភិបាល​ប្រើ​ស្នៀត​លេង​វប្បធម៌​សន្ទនា ដោយ​បំបិត​ការរិះគន់ នោះ​គណបក្សកាន់អំណាច​អាច​នឹង​ខាត​ធំ ព្រោះតែ​មិន​បាន​នាំឲ្យ​មាន​ឯកភាព​ជាតិ​។​

ប៉ុន្តែ​លោក​សម រង្ស៊ី ធ្លាប់​បាន​បញ្ជាក់ថា ការលើកឡើង ថា​លោក​ជា​អ្នក​ធ្វើ​ឱ្យ​ជាប់​គាំង​ដំណើរការ​ចរចា​ដោះលែង​អ្នកទោស​ទាំង​ប្រាំ​រូប ជា​ភ័ស្តុតាង​បង្ហាញថា ពួកគាត់​ជា​អ្នកទោស​នយោបាយ​ដែល​ត្រូវ​គេ​ប្រើប្រាស់​ធ្វើ​ជា​លក្ខខណ្ឌ​ដោះដូរ​។​តែ​ការអះអាង​បែបនេះ ត្រូវបាន​គណបក្ស​កាន់អំណាច ច្រានចោល​រួច​មក​ហើយ​ដែរ​។​

បើទោះជា​ ​មន្ត្រី​ផ្សេងៗ​ទៀត​នៅក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​ព្យាយាម​រក្សា​សង្វៀន​នយោបាយ​ឱ្យ​ស្ងប់ស្ងាត់​ដើម្បី​តម្រូវ​ចិត្ត​គណបក្ស​ប្រជាជន​ក្តី ប៉ុន្តែ​លោក​សម រង្ស៊ី អាច​នឹង​មិន​បន្ថយ​ការវាយប្រហារ​លើ​គណបក្ស​ប្រជាជន​នោះ​ដែរ​។​កាលពី​ថ្ងៃ​ទី​១១ មករា ថា​លោក​នឹង​ដណ្តើម​យក​ជ័យជម្នះ​លើ​អំណាច​ផ្តាច់ការ ពីព្រោះ ទោះជា​មាន​ការគាបសង្កត់​យ៉ាងណា ក៏​លោក​នៅ​តែ​រក្សា​ឧត្តមគតិ​របស់លោក​ជានិច្ច ហើយ​លោក​ថា​គ្មាន​នរណា​អាច​បង្ក្រាប​លោក​បាន​ទេ​។​លោក​សម រង្ស៊ី​បញ្ជាក់​ទៀត​ថា ដរាបណា​លោក​នៅ​មាន​ជីវិត​លោក​នៅតែ​មាន​ទឹកចិត្ត និង​មាន​មធ្យោបាយ ដើម្បី​បន្ត​ការតស៊ូ​ទាមទារ​សេរីភាព​។​

 

​បើ​បែប​នេះ តើ​វាសនា​អ្នក​ជាប់​ឃុំ ដែល​កំពុង​រង់ចាំ​អ្នកនយោបាយ ត្រូវ​គ្នា​នោះ នឹង​ទៅជា​យ៉ាងណា​?

 

​ដោយ​៖​ខាត់ សុធី​

 


ព័ត៌មានផ្សេងទៀត