​ខុម​ហ្វ្រែល​៖​​ប្រជាជន​សង្កាត់​​រលាប​​ខេត្តពោធិ៍សាត់​​មិន​​ទៅ​ពិនិត្យ​​បញ្ជី​​ឈ្មោះ​​បោះឆ្នោត​​

ដោយ៖ អឿន ភារ៉ា 12-01-2017 3:42 pm 465

​តាំងពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង​ជិត ១១​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧ នៅ​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ មិន​មាន​អ្នក​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​ដំបូង​ទេ​។ បើ​តាម​បណ្តាញ​ខុមហ្វ្រែល​ដែល​បាន​ជួប និង​សាកសួរ​ប្រជាពលរដ្ឋ​២​នាក់ ដែល​បាន​ទៅ​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍​នៅ​ទីនោះ គាត់​បាន​លើកឡើង​ថា មិន​បានដឹង​ព័ត៌មាន​ថាឲ្យ​មក​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ​អី​ទេ ហើយ​ពួកគាត់​ក៏​មិន​ចាប់​អា​រម្មណ៍​ដែរ​។​

ពាក់ព័ន្ធនឹងព័ត៌មានេះ វិទ្យុវាយោមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យគ.ជ.ប លោកហង្ស ពុទ្ធា បាន​ទេ​នៅ​ល្ងាច​ថ្ងៃទី១២មករានេះ ដោយលោកកំពុងជាប់ប្រជុំ។

ទោះជា​យ៉ាងនេះក្តី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ចេញ​សេចក្តីប្រកាស​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ទៅពិនិត្យ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​នៅ​តាម​ទីកន្លែង​បិទ​ផ្សាយ ហើយ​ជាមួយគ្នានេះ ក៏​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ផ្សេង​ទៀត បាន​ពិនិត្យ​មើល​ឈ្មោះ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន តាម​គេហទំព័រ www.voterlist.org.kh ផងដែរ​។​

​ជាថ្មី​ម្តងទៀត គ​.​ជ​.​ប បាន​អំពាវនាវ​ជា​ថ្មី​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួចហើយនោះ សូម​អញ្ជើញ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង ដើម្បី​ឲ្យ​ប្រាកដថា ឈ្មោះ​របស់​ខ្លួន​មាន​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​ទិន្នន័យ និង​រូបថត​ត្រឹមត្រូវ​ប្រាកដ​មែន​។​

​ទន្ទឹមនឹងនេះ ខណៈ​ដែល​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប ចេញ​ពី​បញ្ជី​បោះឆ្នោត និង​ការប្តឹងតវ៉ា និង​ប្តឹង​ជំទាស់​លើ​បញ្ជី​បោះឆ្នោត​ថ្មី នឹង​ត្រូវ​បិទ​បញ្ចប់​ក្នុងរយៈ​ពេល​​ដ៏​ខ្លី​ខាងមុខ គ​.​ជ​.​ប​បាន​រំឭក​ដល់​ប្រជាពលរដ្ឋ​ម្តងទៀត​ថា ក្នុងករណី​បាត់ឈ្មោះ ឬ​មាន​ឈ្មោះ ឬ​ទិន្នន័យ ឬ​រូបថត​មិន​ត្រឹមត្រូវ សូម​សាមីខ្លួន ឬ​តំណាង​មេត្តា​រួសរាន់​ប្តឹង​តវ៉ា​ទៅ​ក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងយូរ​ត្រឹម​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៧ ដើម្បី​សុំ​ធ្វើ​ការកែតម្រូវ​ជាបន្ទាន់​៕

ព័ត៌មានផ្សេងទៀត