ក្រសួងបរិស្ថាន​កំពុងពិនិត្យទិន្នន័យ​NASA​ ដែលថា​ព្រៃឈើ​កម្ពុជា​ហិនហោច​លឿន​ខ្លាំង​

ដោយ៖ អឿន ភារ៉ា 12-01-2017 3:23 pm 13923

របាយការណ៍​របស់​អង្គការ​ណាសា(NASA) បង្ហាញថា ប្រទេស​កម្ពុជា​មាន​អត្រា​បាត់បង់​ព្រៃឈើ​ខ្ពស់ ក្នុងចំណោម​ប្រទេស​ដែល​មាន​អត្រា​ការកាប់​ព្រៃឈើ​លឿន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​​។ របាយ​ការណ៍​​ដដែល​បញ្ជាក់ថា អំឡុង​ពេល​មួយ​ទសវត្ស​កន្លង​មកនេះ ព្រៃឈើ​នៅ​កម្ពុជា សូម្បី​តែ​ព្រៃ​ក្រាស់​ក្នុង​តំបន់​ការពារ​ក៏​ត្រូវ​បាន​កាប់​សំអាត​ដែរ​។ យ៉ាងណា ក្រសួង​បរិស្ថាន​​មិនទាន់​មាន​​ការ​ឆ្លើយ​តប​​បែ​ណា​ទេ​​ចំពោះ​របាយការណ៍​នេះ ដោយ​បញ្ជាក់​ថា ក្រសួង​កំពុង​ផ្ទៀងផ្ទាត់​ទិន្នន័យ​។

​បើ​តាម​រូបភាព​ពី​លំហ​អាកា​សថត​ដោយ​ផ្កាយរណប​Landsat ដែល​បង្ហាញ​នៅក្នុង​របាយការណ៍​របស់​អង្គការ​ណា​សា​(NASA) ឱ្យដឹងថា បើទោះបីជា​ប្រទេស​ផ្សេងទៀត​បាន​បាត់បង់​ព្រៃឈើ​ច្រើន​ហិច​តា​បន្ថែមទៀត ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្ដែ​ប្រទេស​កម្ពុជា​បាន​ឈរ​នៅ​លំដាប់​ដែល​បាត់បង់​ព្រៃឈើ​លឿន​ជាងគេ​នៅក្នុង​ពិភពលោក​។ ការរកឃើញ​នេះ បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ​Maryland និង​​វិទ្យា​ស្ថាន​​ធនធាន​ពិភពលោក​នៃ​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក បាន​ប្រើប្រាស់​ទិន្នន័យ​ផ្កាយរណប​Landsat ដើម្បី​តាមដាន​អត្រា​នៃ​ការបាត់បង់​ព្រៃឈើ​នៅលើ​មាត្រដ្ឋាន​ពិភពលោក​។​

​ផ្អែក​តាម​របាយការណ៍​របស់​ណា​សា​(NASA) នៅ​ចន្លោះ​ឆ្នាំ​២០០១ ដល់​២០១៤ អត្រា​​បាត់បង់​ព្រៃឈើ ប្រចាំ​ឆ្នាំ​​ក្នុង​ប្រទេស​កម្ពុជា បាន​កើនឡើង​ដល់​១៤.៤% ស្មើនឹង​ជាង​១.៤៤​លាន​ហិកតា​។ ណា​សា​​​អះអាងថា ព្រៃ​តំបន់​ការពារ​ក៏​ត្រូវបាន​គេ​កាប់​បំផ្លាញ​ដែរ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស​មក​នេះ ដោយ​ព្រៃឈើ​ភាគច្រើន​ត្រូវ​គេ​កាប់ ដើម្បី​រាន​ធ្វើ​ចម្ការ​កៅស៊ូ និង​ឈើប្រណិត​។​

ទាក់ទង​នឹង​របាយការណ៍​នេះ ក្រសួង​បរិស្ថាន​កម្ពុជា​មិនទាន់​មាន​ការឆ្លើយតប​នៅឡើយ​ទេ​។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក​សៅ សុភាព ប្រាប់ឱ្យដឹង​ថា ក្រសួង​ទើប​តែ​ទទួលបាន​ព័ត៌មាន​នេះ ហើយ​​ពេលនេះ​ក្រុម​ការងារ​បច្ចេកទេស​កំពុង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដែល​ក្រសួង​មាន​នៅក្នុង​ដៃ​។ ចំពោះ​ពេលវេលា​ឆ្លើយតប អ្នកនាំពាក្យ​រូប​នេះ​មិន​ទាន់​បញ្ជាក់​នៅឡើយ​ទេ​....​។​
​សំឡេង​លោក​សៅ សុភាព​៖

​ទោះជា​យ៉ាងណា អ្នកស្រាវជ្រាវ​ដែល​ធ្វើកា​ជាមួយ​ទិន្នន័យ​រូបភាព​ពី​ផ្កាយរណប​Landsat និង​ទិន្នន័យ​សេដ្ឋកិច្ច​ផ្សេងទៀត បាន​គូសបញ្ជាក់ថា ការផ្លាស់ប្តូរ​តម្លៃ​កៅស៊ូ​កើនឡើង​ជា​សកល និង​កិច្ចព្រម​ព្រៀង​​សម្បទាន​ដី​សេដ្ឋកិច្ច បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពន្លឿ​នអត្រា​កាប់បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​។ ដី​សម្បទាន​ត្រូវបាន​ជួល​ដោយ​រដ្ឋាភិបាល​កម្ពុជា​ដល់​វិនិយោគិន​ក្នុងស្រុក និង​បរទេស​សម្រាប់​កសិកម្ម​, ផលិតកម្ម​ឈើ និង​តម្រូវការ​ផ្សេងទៀត​។ ក្រុម​អ្នកស្រាវជ្រាវ រកឃើញ​បន្ថែមថា អត្រា​បាត់បង់​ព្រៃឈើ​ក្នុង​ដី​សម្បទាន គឺ​មាន​គ្រប់​ទីកន្លែង​ពី ២៩% ទៅ ១០៥% បើ​ធៀប​នឹង​ដី​ក្រៅ​សម្បទាន​។​

​ជា​ការកត់សម្គាល់ អត្រា​កើនឡើង​នៃ​ការបាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ត្រូវបាន​អង្គការ​ណា​សា​(NASA)​កំណត់ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ការកាប់​ព្រៃឈើ​ខ្លាំងក្លា​ជាង​គេ​។ បើ​ក្រឡេក​មើល​ទៅ​ប្រទេស​ផ្សេង​ទៀត ដែល​បាត់បង់​ព្រៃឈើ​ក្នុង​មួយឆ្នាំៗ បន្ទាប់​ពី​កម្ពុជា រួមមាន​៖ ប្រទេស​សេ​រ៉ា​ឡេ​អូន បាត់បង់​ព្រៃឈើ ១២,៦​ភាគរយ ម៉ា​ដា​ហ្គា​ស្កា ៨,៣​ភាគរយ អ៊ុយ​រ៉ា​ហ្គាយ ៨,១​ភាគរយ និង​ប៉ា​រ៉ា​ហ្គាយ ៧,៧​ភាគរយ​៕

ព័ត៌មានផ្សេងទៀត