ដំណើរការ​សាងសង់​​ទំនប់​ទឹក​​ដ៏​ធំ​​នៅ​​ខេត្ត​បាត់​ដំបង​​សម្រេច​បាន​​ស្ទើរតែ​​ទាំងស្រុង​​ហើយ​​

ដោយ៖ អឿន ភារ៉ា 12-01-2017 1:28 pm 998

​មក​ត្រឹម​ថ្ងៃទី​១១ ខែ​មករា​នេះ ដំណើរការ​សាងសង់​ទំនប់​ប្រព័ន្ធធារាសាស្ត្រ​ដ៏​ធំ​មួយ នៅ​ខេត្ត​បាត់ដំបង បានសម្រេច ៩៨​ភាគរយ​ហើយ ហើយ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ទឹក​នេះ គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​

​យោង​តាម​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោក​នា​យក​រដ្ឋមន្ត្រី​ហ៊ុន សែន បានឱ្យដឹងថា គម្រោង​អភិវឌ្ឍន៍​ទំនប់​ពហុ​បំណង​បាត់ដំបង គឺ​ស្ថិតនៅ​ទីតាំង​សំណង់​មេ ក្នុង​ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ដែល​បាន​លើក​ទំនប់​ត​ភ្ជាប់​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ (​ភ្នំ​ជី​ប៉ាង ទៅ​ភ្នំ​កូប​) ដើម្បី​បង្កើត​ជា​អាងទឹក ដែល​មាន​សមត្ថភាព​ស្តុក​ទឹក​បាន ចំនួន ២៨៦​លាន​ម៉ែត្រគូប​។​

​ទឹក​ដែល​ប្រមូល​ស្តុក​ទុក​នេះ នឹង​ត្រូវ​ទម្លាក់​តាម​ដង​ស្ទឹង​សង្កែ រួច​បន្ត​ចែកចាយ​តាម​ប្រឡាយ​មេ​ប្រឡាយ​រង ទៅ​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា ចំនួន ៤៧,០០០​ហិកតា និង​ស្រូវប្រាំង ចំនួន ១២,០០០​ហិកតា នៅក្នុង​ស្រុក​រតនមណ្ឌល ស្រុក​បាណន់ ស្រុក​សង្កែ និង​ស្រុក​មោងឫស្សី​។ ទន្ទឹមនឹងនេះ ទំនប់​ទឹក​នេះ​ក៏​អាច​ទាញ​យក​ថាមពល​វា​រី​អគ្គិសនី ចំនួន ១៣,១០​មេហ្គា​វ៉ាត់ ព្រមទាំង​ជួយ​កាត់បន្ថយ​ទឹកជំនន់ និង​ផ្តល់​ទឹក​សម្រាប់​ការប្រើប្រាស់​ដល់​ក្រុង​បាត់ដំបង​ផងដែរ​៕

(រូបភាពដោយ៖ Facebookលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

ព័ត៌មានផ្សេងទៀត