ដូចការគ្រោងទុក លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យគុណភាពទំនិញ និងការលក់ដូររបស់ក្រុមអាជីវករនៅក្នុងផ្សារអូរឬស្សី ដែលជាផ្សារដ៏ធំវ័យចំណាស់មួយនៅទីក្រុងភ្នំពេញ។លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ការចុះតាមផ្សារនេះ គឺដើម្បីពង្រឹងការលក់ដូររបស់អាជីវករ និងបញ្ចៀសផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដែលបណ្តាលមកពីទំនិញគ្មានគុណភាព ដែលត្រូវបានដាក់លក់ជាហូរហែនៅតាមទីផ្សារ។
ក្នុងកំឡុងពេលចុះត្រួតពិនិត្យគុណភាព និងកាលបរិច្ឆេទ នៃការប្រើប្រាស់របស់ទំនិញទាំងនោះរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ បានណែនាំដល់ក្រុមអាជីវករឱ្យពិនិត្យពិច្ច័យ ឱ្យបានត្រឹមត្រូវ ទៅលើគុណភាពទំនិញ ដែលបានដាក់លក់ ដោយមិននាំចូលទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់មកលក់ឱ្យអតិថិជនរបស់ខ្លួន។ ព្រោះថាការប្រើប្រាស់ទំនិញទាំងនោះ នាំឱ្យប៉ះពាល់ដល់សុខភាព របស់ពួកគេ។
ការត្រួតពិនិតរបស់ក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា ទំនិញដែលដាក់លក់នៅផ្សារអូរឬស្សីមួយចំនួនមានបញ្ហាដែលអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ព្រោះថាអាជីវករបានចាក់ថ្នាំការពារ ដើម្បីរក្សាទុកបានយូរ តួយ៉ាងដូចជាបង្គារជាដើម។ តែយ៉ាងណាលោកម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ដែលបានចូលរួមក្នុងការត្រួតពិនិតទំនិញនៅព្រឹកថ្ងៃពុធនេះដែរ បានឱ្យដឹងថា អាជីវករដែលជាម្ចាស់ទំនិញទាំងនោះ បានយល់ព្រមឱ្យមន្ត្រីកាំកុងត្រូលដកយកទំនិញដែលហួសកាលបរិច្ឆេតប្រើប្រាស់ និងខូចគុណភាពរបស់ខ្លួន......
សំឡេង៖
សូមជម្រាបថា ដើម្បីធ្វើឱ្យការពង្រឹងគុណភាព ទំនិញលើទីផ្សារកាន់តែមានប្រសិទ្ធភាពខ្ពស់កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវរថយន្តត្រួតពិនិត្យគុណភាពទំនិញចល័ត នៅតាមគោដៅមួយចំនួន៕
(ដោយ៖ គីម ចាន់ចាវ)