ព័ត៌មានជាតិ  |  សង្គម

សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​លោក​ឌិន ពុទ្ធី នៅ​ថ្ងៃស្អែក​

12-01-2017 11:46 am
 ចំនួនទស្សនា 3349

​សាលាឧទ្ធរណ៍​ នឹង​បើក​សវនាការ​លើ​បណ្តឹង​សុំ​នៅក្រៅ​ឃុំ របស់​លោក​ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ មករា​។ លោក​ឌិន ពុទ្ធី ត្រូវបាន​ចោទប្រកាន់​ថា បាន​បើករថយន្ត​បុក​លោក​ឈាន ពិសិដ្ឋ មន្ត្រី​នគរបាល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០១៦ និង​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន បណ្តោះអាសន្ន ក្រោម​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​។​

​លោក​ភុន ឈិន មន្ត្រី​សម្របសម្រួល​អង្គកា​រលី​កាដូ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​ដល់​វិទ្យុ​វាយោ​ថា ក្រោយ​ពី​សាលាដំបូង បាន​បដិសេធ សំណើរ​សុំ​នៅ​ក្រៅ​ឃុំ ភរិយា​លោក​ឌិន ពុទ្ធី ក៏បាន សម្រេច​ដាក់​បណ្តឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍​។​

​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ ត្រូវបាន​លោក​ភុន ឈិន បញ្ជាក់បន្ថែម​ថា នៅ​មាន​ចំណុច​មន្ទិលសង្ស័យ​ច្រើន ដោយសារ​តែ​កន្លង​មន្ត្រី​សមត្ថកិច្ច បាន​ព្យាយាម​ស្វែងរក​តែ​ភស្តុតាង ដើម្បី​ដាក់បន្ទុក​បន្ថែម លើ​លោក​ឌិន ពុទ្ធី ដោយ​មិន​បាន​ស៊ើបអង្កេត ក្នុង​ស្វែងរក​ភស្តុតាង ឬ​សាក្សី​ដើម្បី​ដោះ​បន្ទុក​ឲ្យ​ជន​ត្រូវ​ចោទ​(​លោក​ឌិន ពុទ្ធី​)​នោះទេ​។ ភាព​គ្មាន​តុល្យភាព នៃ​ការស៊ើបអង្កេត​នេះ ទើប​ធ្វើឲ្យ​លោក​ឌិន ពុទ្ធី ត្រូវ​ជាប់​នៅ​ពន្ធនាគារ​បណ្តោះអាសន្ន​។​

​តែ​យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​១០ មករា សាក្សី​៣​រូប ខាង​ភាគី​ជន​ត្រូវ​ចោទ ត្រូវបាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ កោះហៅ ឲ្យចូល​បំភ្លឺ ក្នុងការ​ដោះ​បន្ទុក ចំពោះ​សំណុំរឿង​ក្តី​រវាង​លោក​ឌិន ពុទ្ធី និង​លោក​ឈាន ពិសិដ្ឋ មន្ត្រី​ច្រក​ទ្វារ​ប៉ោយប៉ែត​។ ការចូល​ឆ្លើយបំភ្លឺ​នេះ ត្រូវបាន​គេ​មើលឃើញថា លោក​ឌិន ពុទ្ធី អាច​នឹង​មាន​សេរីភាព​ឡើងវិញ ប្រសិនបើ​ដើមបណ្តឹង ពុំ​មាន​ភស្តុតាង​បន្ថែម​គ្រប់គ្រាន់ ក្នុង​ការដាក់បន្ទុក​។​

​លោក​ឈាន ពិសិដ្ឋ នឹង​ត្រូវ​ប្រឈម​ការ​ផ្លាស់​ប្តូរ​កន្លែង​ការងារ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ដែល​បាន​ផ្ទុះ​ការតវ៉ា បាន​ស្ងប់​អារម្មណ៍​។ ជាមួយគ្នានេះ លោក​ឈាន ពិសិដ្ឋ ក៏​ត្រូវ​បាន​ស្នើឲ្យ​មក​សម្របសម្រួល​ជាមួយ​លោក​ឌិន ពុទ្ធី ដើម្បី​បញ្ចប់រឿង​ផងដែរ​។ នេះ​បើ​តាម​ការអះអាង​ពី​លោក​សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​ប្រសាសន៍ កាលពី​ថ្ងៃ​ទី ០៩ មករា​។​

​គួររម្លឹកថា កាលពី​ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០១៦ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង នៅត្រង់​ចំណុច​លើ​ស្ពាន ក្បែរ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយសារតែ​លោក​ឈាន ពិសិដ្ឋ មន្ត្រី​នគរបាល​ច្រក​ប៉ោយ​ប៉ែត បាន​ដួលសន្លប់ នៅ​ខាង​មុខ​រថយន្ត​លោក​ឌិន ពុទ្ធី​។ ការ​ដួលសន្លប់​នេះ ត្រូវបាន​សមត្ថកិច្ច​អះអាង​ថា ដោយសារតែ​លោក​ឌិន ពុទ្ធី បើករថយន្ត​បុក​។ ប៉ុន្តែ​បើ​តាម​សាក្សី​ជា​ប្រជាពលរដ្ឋ នៅក្បែរ​កន្លែង​កើតហេតុ បាន​អះអាង​ថា លោក​ឌិន ពុទ្ធី មិន​បាន​បើករថយន្ត​បុក​ទេ តែ​មន្ត្រី​ប៉ូលីស​រូប​នោះ​ទេ ជា​អ្នក​ផ្តួល​ខ្លួន ដួល​ដោយ​ខ្លួនឯង​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត

 
x