អាមេរិក​​បញ្ជូន​ប្រព័ន្ធ​រ៉ា​ដា​ពិសេស​​ទៅ​តាមដាន​​មី​ស៊ី​ល​ឆ្លង​ទ្វីប​​កូរ៉េខាងជើង​

ដោយ៖ ពេញ ផេង 12-01-2017 11:16 am 6017
រូបភាព​ប្រព័ន្ធរ៉ាដាSBXអាមេរិក​ដែលដំឡើង​ក្នុងសមុទ្រ

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ បានប្រកាសថា​កូរ៉េខាងជើង​ឈប់​ធ្វើ​តេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​(ICBM)​ទៀតហើយ​។​ប៉ុន្ដែ​ការប្រកាស​បែប​នេះ​ត្រូវ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​អាមេរិក​ថា មិន​អាច​ទៅរួច​ទេ​។​រី​ឯ​រដ្ឋមន្ដ្រី​ការពារ​ជាតិ​អាមេរិក​វិញ​ថា យោធា​អាមេរិក​អាច​តាមដាន​លើ​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង និង​ប្រមូល​ទិន្នន័យ​ជា​ជាង​ការ​បំផ្លាញចោល បើសិន​មី​ស៊ី​ល​មិន​បង្ក​ការគំរាមកំហែង​។​

​គ្រប់យ៉ាង​ដែល​អាមេរិក​បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប​របស់គេ កូរ៉េខាងជើង​មិនបាន​ប្រតិកម្ម​ឆ្លើយតប​អ្វី​ខ្លាំងក្លា​ទេ ប៉ុន្ដែ​កូរ៉េ​ខាងជើង​បាន​បោះ​ពាក្យ​ថា​ដោយសារ​គោលនយោបាយ​អាមេរិក ទើប​ធ្វើឲ្យ​មាន​ការបន្ទោស​លើ​ការអភិវឌ្ឍ​អាវុធ​របស់​កូរ៉េខាងជើង​។​កូរ៉េ​ខាងជើង​ក៏​ថា​មី​ស៊ី​ល​ឆ្លង​ទ្វីប​អាច​បាញ់​បាន​គ្រប់ពេល​គ្រប់​ទីកន្លែង ដែល​លោក​គីម ជុង​អ៊ុន​បានកំណត់ តែ​មិន​បាន​បញ្ជាក់​ទេ​ថា​ចង់​បាញ់​ទៅ​អាមេរិក​ឬ​មិនមែន​។​

​យ៉ាងណាក៏ដោយ​ជា​ការការពារ​ខ្លួន​ខណៈ​ភាព​តានតឹង​កំពុងតែ​កើត​ឡើង អាមេរិក​បាន​បញ្ជូន​ប្រព័ន្ធ​រ៉ា​ដា​ពិសេស​តាមដាន​លើ​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​កូរ៉េខាងជើង​។​ប្រព័ន្ធ​រ៉ា​ដា​មាន​បច្ចេកវិទ្យា​ខ្ពស់​របស់​យោធា​អាមេរិក​មាន​មូលដ្ឋាន​នៅក្នុង​សមុទ្រ បាន​ចាកចេញ​ពី​កោះ​ហា​វ៉ៃ​ទៅ​ត្រួតពិនិត្យ​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ដ្រី​នៃ​ក្រសួង​ការពារជាតិ​អាមេរិក​ម្នាក់​។​

និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ មន្ដ្រី​ដដែល​ឲ្យដឹងថា​មូលដ្ឋាន​ប្រព័ន្ធ​រ៉ា​ដា​ក្នុង​សមុទ្រ X-band radar(SBX) បាន​ចាកចេញ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ហើយ​អាច​ទៅដល់​ទីតាំង​នៅ​ចម្ងាយ​ប្រមាណ​ជាង​០៣​ពាន់​គីឡូម៉ែត្រ​ភាគ​ពាយព្យ​កោះ​ហា​វ៉ៃ​នៅ​ចុង​ខែ​មករា​។​ប្រព័ន្ធ​រ៉ា​ដា​អាច​មាន​សមត្ថភាព​តាមដាន​មី​ស៊ី​ល​ឆ្លង​ទ្វីប និង​បែងចែក​ពី​ភាពខុសគ្នា​រវាង​មី​ស៊ី​ល​បង្ក​ការគំរាមកំហែង​និង​មី​ស៊ី​ល​មិន​បង្ក​ផលប៉ះពាល់​។​

​លោក​Gary Ross​ជា​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​អាមេរិក​បាន​និយាយថា ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​រ៉ា​ដា​SBX​បច្ចុប្បន្ន មិនមែន​ដោយសារ​មាន​ការគំរាមកំហែង​ច្បាស់​នឹង​ភ្នែក​កើតឡើង​ពី​ភាគី​ណាមួយ​ទេ ហើយក៏​មិន​អាច​បញ្ជាក់​ឲ្យ​ច្បាស់លាស់​បាន​ដែរ​ពី​បេសកកម្ម ស្រប​ពេល​កំពុង​ដំណើរកា​រ​៕

ព័ត៌មានផ្សេងទៀត

>