ព័ត៌មានអន្តរជាតិ  |  សង្គម

លើក​ទី​មួយ​​លោក​ដូណាល់ ត្រាំ​​ថា​រុស្ស៊ី​​នៅ​ពីក្រោយ​​ការវាយប្រហារ​​តាម​​អ៊ីនធឺណេត​

12-01-2017 9:45 am
 ចំនួនទស្សនា 3595
លោកដូណាល់ ត្រាំ(រូបធំ)​និងលោកវា្លឌីមៀ ពូទីន(រូបតូច)
 Share

​ជា​ការប្រកាស​ខុស​ពី​អ្វី​ដែល​ធ្លាប់តែ​អះអាង​និង​បដិសេធ​ថា រុស្ស៊ី​មិនមែនជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ធ្វើឲ្យប៉ះពាល់​ដល់​ការបោះឆ្នោត​អាមេរិ​ក ប៉ុន្ដែ​ពេល​នេះ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត បែរជា​និយាយ​ថា​ពិតជា​រុស្ស៊ី​។​ថ្លែង​ពេលធ្វើ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ទី​១១​មករា ជា​សន្និសីទ​លើក​ដំបូង​ចាប់តាំងពី​ជាប់​ជា​ប្រធានាធិបតី លោក​ត្រាំ​ថា​លោក​ជឿជាក់​រុស្ស៊ី​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ប៉ុន្ដែ​បាន​ច្រាន​ចោល​ការចោទប្រកាន់ថា​ទីក្រុង​ម៉ូស្គូ​ធ្វើ​យុទ្ធនាការ​ជួយ​សម្របសម្រួល​ឲ្យ​លោក​ជាប់​ឆ្នោត​។​

លោក​ដូណាល់ ត្រាំ​បាន​បន្ដថា “​ខ្ញុំ​គិតថា​រុស្ស៊ី​។​លោកពូ​ទីន​មិន​គួរ​ធ្វើ​បែប​នេះ​ទេ​។​រុស្ស៊ី​នឹង​មិន​អាច​ធ្វើ​បែប​នេះ​ទៀតឡើយ រុស្ស៊ី​ត្រូវតែ​គោរព​ប្រទេស​របស់​យើង​ខ្លាំង​ជាង​មុន​នៅ​ពេល​ខ្ញុំ​ចូល​ដឹកនាំ គឺ​គោរព​ខ្លាំង​ជាង​មនុស្ស​ផ្សេង​ដឹកនាំ​ទៅទៀត​។​”​លោក​ដូណាល់ ត្រាំ​ដែល​ប្ដេជ្ញា​បង្កើន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​បានឲ្យដឹង​ទៀត​ថា លោក​មិន​ដឹង​អាច​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក​ពូ​ទី​ន​បាន​កម្រិត​ណា​ទេ ឬ​មិន​អាច​ទៅរួច​ក៏មិន​ដឹង ប៉ុន្ដែ​ចំពោះ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​វិញ ពិតជា​មិន​អាច​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោកពូ​ទីន​ដាច់ខាត​។​លោក​បន្ថែម​ថា​មិនមែន​មាន​រុស្ស៊ី​តែមួយ​ទេ​ដែល​វាយប្រហារ​លើ​អាមេរិក ហើយ​លោក​បន្ទោស​គណបក្ស​ប្រជាធិបតេយ្យ​ថា​គ្មាន​កម្មវិធី​សម្រាប់​ការពារ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត​។​

​សូមបញ្ជាក់​ថា បើ​តាម​ការអះអាង​របស់​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​ក្រោយ​បិទ​បញ្ចប់​ការស៊ើបអង្កេត បាន​ចោទ​ទៅ​រុស្ស៊ី​ថា​ពិតជា​បាន​វាយប្រហារ​រំខាន​ដល់​ការបោះឆ្នោត​អាមេរិក​មែន​។​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​បា​រ៉ាក់ អូ​បា​ម៉ា​ខឹង​យ៉ាងខ្លាំង និង​បាន​បញ្ជា​ឲ្យ​បញ្ជូន​មន្ដ្រី​រុស្ស៊ី​៣៥​រូប​ចេញពី​ទឹកដី​អាមេរិក​ក្នុង​រយៈពេល​៧២​ម៉ោង​ទុក​ជា​ការ​សងសឹក​។​អាមេរិក​និង​រុស្ស៊ី​ក៏​កាន់តែ​តានតឹង​ជាមួយគ្នា ប៉ុន្ដែ​លោក​ប្រធានាធិបតី​រុស្ស៊ី​បាន​រក្សា​ជំហរ​មិន​តបត​ជាមួយ​លោក​អូ​បា​ម៉ា​ទេ ចាំ​ដោះស្រាយ​បញ្ហា​ជាមួយ​លោក​ដូណាល់ ត្រាំ​វិញ​អាច​ល្អ​ប្រសើរ​ជាង​។​ម្យ៉ាង​លោក​អូ​បា​ម៉ា​ក៏​ជិត​ចប់​អាណត្ដិ​ហើយ​ដែរ​៕

ព័ត៌មានផ្សេងទៀត

 
x