តើ​មាន​អ្វី​កើតឡើង ប្រសិន​តុលាការ​រក​មិនឃើញ​ទោសកំហុស​លោក​ឌិន ពុទ្ធី​?

ដោយ៖ សៅ វិសាល 11-01-2017 5:42 pm 7224

​កាលពី​ថ្ងៃ​ទី​១០ មករា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​កោះហៅ សាក្សី​៣​រូប​ខាង​ភាគី​ជន​ត្រូវ​ចោទ ដើម្បី​ឲ្យចូល​ឆ្លើយបំភ្លឺ​ក្នុងកា​រដោះបន្ទុក ក្នុង​សំណុំរឿង​វិវាទ​រវាង​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​នាយរង​ប៉ូលីស​អន្តោប្រវេសន៍​ម្នាក់ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។ សាក្សី​ទាំង​៣​រូប គឺជា​អ្នក​ដែល បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក រួមមាន​ឈ្មោះ អ៊ុន ជី​វ័ន្ត លោក​ហ៊ិ​ន សេង​អឿន និង​លោក​ញ៉ែ​ត នាង​។​

​ក្រោយ​ធ្វើ​សក្ខីកម្ម នៅ​ចំពោះមុខ​ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តសៀមរាប លោក​អ៊ុន ជី​វ័ន្ត បានបញ្ជាក់​ថា អ្វី​ដែល​លោក​និយាយ នៅក្នុង​តុលាការ សុទ្ធតែ​ជា​ការពិត​ទាំងអស់ ព្រោះ​លោក​បាន​ឃើញ​ហេតុការណ៍ ផ្ទាល់​ភ្នែក​។ ជាមួយគ្នា លោក​អ៊ុន ជី​វ័ន្ត ក៏​បាន​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល និង​ប្រធាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ លើកលែង​ទោស​លោក​ឌិន ពុទ្ធី ព្រោះ​មិន​បាន​ប្រព្រឹត្ត​ទោសកំហុស ដូច​ការចោទប្រកាន់​នោះ​ទេ ។​

​លោក​ភុន ឈិន មន្ត្រី​សម្របសម្រួល​អង្គកា​រលី​កាដូ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា បន្ទាប់​ពី​សាក្សី​បាន​ចូល​បំភ្លឺ​នៅ​តុលាការ បញ្ហា​នេះ​អាច​នឹង​ជួយ​ដោះ​បន្ទុក​ឲ្យ​លោក​ឌិន ពុទ្ធី ឲ្យមាន​សេរីភាព​ឡើងវិញ​បាន ប្រសិនបើ​ដើមបណ្ដឹង ពុំ​មាន​ភស្តុតាង​បន្ថែម ដើម្បី​បង្ហាញ​ទៅ​តុលាការ​។

​លោក ភុ​ន ឈិន បាន​សង្កត់ធ្ងន់ថា ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក ឌិន ពុទ្ធី គ្មាន​កំហុស​ទេ គឺ​ច្បាប់​មាន​សម្រាប់​ផ្ដន្ទាទោស​ភាគី​ម្ខាង​ទៀត​ដូចគ្នា ពី​បទ​ប្ដឹង​បរិហារ​បង្កាច់​កេរ្តិ៍ ដែល​ធ្វើឡើង​ដោយ​គ្មាន​ការពិត ក្នុង​គោលបំណង​ដើម្បី​ទម្លាក់​កំហុស​ធ្វើឲ្យ​អ្នកដ​ទៃមាន​បញ្ហា​។​

សំឡេង

​តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិន​បើ​តុលាការ រក​មិនឃើញ​ទោសកំហុស របស់​លោក​ឌិន ពុទ្ធី​?

​លោក​អំ សំអាត មន្ត្រី​សិទ្ធិមនុស្ស​លីកាដូ នៅ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ប្រសិន​បើ​លោក​ឌិន ពុទ្ធី ពិតជា​គ្មាន​កំហុស​មែន​នោះ គឺជា​ភាពអាម៉ាស់​របស់​ស្ថាប័ន​តុលាការ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែល​បាន​ចេញ​លិខិត​គាំទ្រ ចំពោះ​ការចោទប្រកាន់​ថា លោក​ឌិន ពុទ្ធី ពិតជា​បាន​បើករថយន្ត​បុក​លោក​ឈាន ពិសិដ្ឋ​មែន​នោះ​។​

សំឡេង​

​លោក​សូរ ចន្ថា អ្នកតាមដាន​ស្ថាន​ការ​សង្គម បាន​មើលឃើញ​ថា ប្រសិនបើ​មាន​ករណី​នេះ​គឺជា​ភាពអាម៉ាស់​របស់​ស្ថាប័ន​តុលាការ​។ លោក​ចង់​ឃើញ​តុលាការ​ផ្តល់នូវ​យុត្តិធម៌​សម្រាប់​ជនស្លូតត្រង់ ដោយ​មិន​ត្រូវ​ស្ថិតក្រោម​ការបញ្ជា ពី​បុគ្គល​មានអំណាច​។

សំឡេង

​ជុំវិញ​បញ្ហា​នេះ កន្លងមក ក្រសួងមហាផ្ទៃ ធ្លាប់​អះអាងថា ការសន្និដ្ឋាន​បឋមរ​បស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ រកឃើញថា នាយរង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ​ព្រំដែន​អន្តជាតិ ប៉ោយ​ប៉ែត លោក ឈាន ពិសិដ្ឋ ពិតជា​ត្រូវ លោក​ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា បើករថយន្ត​បុក​ឲ្យ​រងរបួស​ដួលសន្លប់ កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ប្រាកដ​មែន​។ លោក ឌិន ពុទ្ធី ត្រូវបាន​តុលាការ​បញ្ជូនទៅ​ឃុំខ្លួន បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​។​

​ក្រោយ​ការឃុំខ្លួន រយៈពេល​ជិត​១​សប្តាហ៍ ក្រុមគ្រួសារ​សាច់ញាតិ និង​ប្រជាពលរដ្ឋ​ជាច្រើន​ផ្សេង​ទៀត បាន​នាំ​តវ៉ា​បិទផ្លូវ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ជូន​លោក ឌិន ពុទ្ធី​។

​ក្រោយមក នៅ​ថ្ងៃ​ទី​២៩ ធ្នូ វីដេអូ​ក្លឹប​ចំនួន​៣ បង្ហាញ​ពី​សកម្មភាព របស់​លោក​ឈាន ពិសិដ្ឋ ដើរ​យ៉ាង​ស្រស់​សង្ហា​ជាមួយ​នារី​ម្នាក់ នៅក្នុង​បរិវេណ​ផ្ទះសំណាក់ នៅ​ប្រទេស​ថៃ ហាក់ដូច​ពុំ​មាន​របួស​អ្វី​បន្តិច​សោះ​នោះ ត្រូវ​បាន​បង្ហោះ​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​។ សកម្មភាព​លោក​ឈាន ពិសិដ្ឋ ត្រូវបាន​ប្រពល​រដ្ឋ​រិះគន់ និង​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​របួស​លោក​ឈាន ពិសិដ្ឋ ឆាប់​ជា​សះស្បើយ​ម្លេះ ដោយ​ប្រើ​រយៈពេល​ព្យាបាល ត្រឹមតែ​២​ទៅ​៣​ថ្ងៃ ខណៈ​ដែល​សំបុត្រ​ពេទ្យ​បញ្ជាក់ថា លោក​ឈាន ពិសិដ្ឋ មាន​របួស​ធ្ងន់ធ្ងរ រហូត​ឈានដល់​ការបញ្ជូន​ទៅ​សង្គ្រោះ​បន្ត​ទៅ​មន្ទីរពេទ្យ ក្នុង​ប្រទេស​ថៃ​។​

​ក្រោយមកទៀត ករណី​នេះ ហាក់​ស្ងប់ស្ងាត់​បន្តិច រហូត​ដល់​ថ្ងៃ​ទី​០៩ មករា លោក​សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បញ្ជាក់ថា លោក​ស័ក្តិ​៤ ឈាន ពិសិដ្ឋ នាយរង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​​​​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត អាច​ប្រឈម​ការផ្លាស់ប្តូរ​ចេញ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ដើម្បី​ឱ្យមាន​ភាព​ស្ងប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ ដែល​ផ្ទុះ​ការតវ៉ា​នា​ពេលកន្លងមក​។ បច្ចុប្បន្ន​លោក​ឈាន ពិសិដ្ឋ កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ​នៅ​ឡើយ ហើយ​បើ​តាម​លោក​សួន បវរ បាន​បញ្ជាក់ទៀតថា លោក​ឈាន ពិសិដ្ឋ ត្រូវ​មក​ដោះស្រាយ និង​សម្របសម្រួល​ជាមួយ​លោក​ឌិន ពុទ្ធី បញ្ចប់រឿង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ភាព​ស្ងប់​អារម្មណ៍​។​

​គេ​នៅ​មិនទាន់​ដឹង​ថា តើ​លោក​ឈាន ពិសិដ្ឋ នឹង​ត្រូវ​ផ្លាស់ប្តូរ​ទៅ​កន្លែង​ណា​នោះ​ទេ ព្រោះ​ការផ្លាស់ប្តូរ​គឺ​អាស្រ័យ​លើ​ស្ថាប័ន​សា​ម៉ី គឺ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​មហាផ្ទៃ​ជា​អ្នកសម្រេច​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន លោក​ឌិន ពុទ្ធី កំពុង​ជាប់​នៅ​ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត