ព័ត៌មានជាតិ  |  សង្គម

កម្ពុជា​បាត់​ដី​ទៅ​វៀតណាម​​ជាង​២​ពាន់​ហិកតា​ វៀតណាម​បាត់​មក​កម្ពុជា​​ជាង​១​ពាន់​ហិកតា​?​

11-01-2017 5:32 pm
 ចំនួនទស្សនា 10593

មូលហេតុ​ដែល​នាំឲ្យ​មាន​ការដោះដូរ​ដី​រវាងក​ម្ពុ​ជា និង​វៀតណាម​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយសារ​តែ​នៅ​សម័យ​អាណានិគមនិយម​បារាំង​ជិត​១០០​ឆ្នាំ ប្រជាជន​បាន​កាប់ឆ្ការ​ដី​កាន់កាប់​ដោយ​មិន​បាន​គិត​ពី​ខ្សែ​ព្រំដែន​ទេ ប៉ុន្តែ​នៅពេល​បាន​ឯករាជ្យ​ប្រទេស​នីមួយៗ​ចាប់​គិតពី​ខ្សែ​បន្ទាត់​ព្រំដែន​។ ការ​គិត​ពី​ខ្សែបន្ទាត់​ព្រំដែន ដោយ​ផ្អែក​លើ​ផែនទី​ដែល​បារាំង​គូស​លើ​ផែនទី​ខ្នាត​១​លើ ១០០០០០ ដែល​ផែនទី​នេះ​គូស​មិន​បាន​គិត​ពី​កាន់កាប់​របស់​ប្រជាជន​ទេ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បានបញ្ជាក់​ថា​ដូច្នេះ​ហើយ​បានជា ពេល​ដែល​ខ្សែ​ព្រំដែន​រត់​លើ​ដី​ជាក់ស្តែង​វា​មាន​ប៉ះពាល់​ដល់​ដី​ដែល​ប្រជាជន​កាន់កាប់​។​ហេតុនេះហើយ​បានជា ពេល​បោះបង្គោល​ព្រំដែន​រួច មាន​ដី​ប្រជាជន​កម្ពុជា​ចូលទៅ​ក្នុង​ដែនដី​វៀតណាម​ប្រមាណ​ជាង​២០០០​ហិកតា ដី​ប្រជាជន​វៀតណាម​កាន់កាប់ ចូលមក​ក្នុង​ដែនដី​កម្ពុជា​ជាង​១០០០​ហិកតា​។​

​លោក​សុខ ឥសាន លើកឡើង​ថា​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាជន​សងខាង រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាពគ្នា​ធ្វើ​ការដោះដូរ​ដី​ដែល​ចូល​ទៅ​វិញ​ទៅ​មក​នោះ​តាម​ទំហំ​ជាក់ស្តែង​។ លោក​បាន​ហៅ​ថា ឯកភាព​គ្នា​នេះ ថា​ជា​នយោបាយ​ការពារ​ផលប្រយោជន៍ ប្រជាជន​ផង​ការពារ​បូរណភាព​ដែនដី​ផង ដោយ​ស្មើភាព សន្តិវិធី​និង​យោគយល់​គ្នា​ក្នុងនាម​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​។​

​លោក​សុខ ទូច ដែលជា​អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​កន្លងមក មិន​ហាន​វាយតម្លៃ​យ៉ាងណា​ចំពោះ​ការលើកឡើង​នេះ​ទេ ដោយ​លោក​បញ្ជាក់ថា​ការលើកឡើង​របស់​លោក​សុខ ឥសាន គឺជា​ការលើក​ឡើង​របស់​អ្នកនយោបាយ ឯ​លោក​ជា​អ្នកស្រាវជ្រាវ គឺ​ផ្តោត​ទៅលើ​អ្វី​ដែល​ជាក់ស្តែង​ទៅ​តាម​ផែនទី​តែប៉ុណ្ណោះ​………

​សំឡេង​លោក​សុខ ទូច​៖

សូមបញ្ជាក់​ថា​បញ្ហា​ដោះដូរ​ដី​រវាង​កម្ពុជា វៀតណាម បាន​ក្លាយជា​រឿងចម្រូងចម្រាស ដោយ​ពលរដ្ឋ​ខ្មែរ​មិន​សូវ​មាន​ជំនឿ​លើ​រដ្ឋាភិបាល សម្តែង​ក្តីបារម្ភ​ខ្លាច​ចាញ់​បង់​វៀតណាម​។​បារម្ភ ព្រោះ​តែ​កន្លងមក ភាគី​វៀតណាម​មិន​ដែល​គោរព​កិច្ចព្រមព្រៀង​ណាមួយ ជាមួយ​កម្ពុជា​ទេ ដូច​ជា​ការ​ជីក​ស្រះ​ចូល​ដី​ខ្មែរ ការសង់​ប៉ុស្តិ៍​យាម បើ​ទោះជា​កម្ពុជា​ធ្វើ​កំណត់​ទូ​តទៅ​វៀតណាម​ជាច្រើន​លើក​មក​ហើយ​ក៏​ដោយ​។ ចុះ​ទម្រាំ ការដោះដូរ​ដី តើ​វៀតណាម​ពិតជា​មិន​ដើរ​ខ្សែលើ​កម្ពុជា​ទេ ឬ​យ៉ាងណា​?

​ដោយ​៖​ខាត សុធី​


ព័ត៌មានផ្សេងទៀត

 
x