លោកស្រី​មូរ សុខ​ហួរ​៖ ​ការបញ្ឈប់​​ផ្សាយពាណិជ្ជកម្ម​​​​ស្រា​បៀរ​​អាចធ្វើ​បាន ឲ្យតែ​មានឆ​ន្ទៈ​

ដោយ៖ ចេន សុជាតា 11-01-2017 4:58 pm 848

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​បាត់ដំបង លោកស្រី​មូរ សុខ​ហួរ បាន​រិះគន់​ដល់​ក្រសួង​ពាក់ព័ន្ធ​នានា​ថា គ្មាន​ចំណាត់ការ​ណា​មួយ​សមស្រប​លើ​ការផ្សព្វផ្សាយ​ស្រា​បៀរ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដែល​ជា​ហេតុ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កុមា​រ ព្រោះថា​មួយថ្ងៃៗ​ឃើញ​តែ​ស្រា​បៀរ​គ្រប់​ទីកន្លែង ដែល​ធ្វើអោយ​កុមារ​កំពុង​លូតលាស់​ត្រូវ​ការចាប់យក​ចំណេះវិជ្ជា តែ​បែរជា​ចាប់​បាន​ស្រា​បៀរ​ទៅវិញ​។ 

​ស្ទើរតែ​គ្រប់​ប៉ុស្តិ៍​ទូរទស្សន៍ ផ្ទាំង​បាណូ​ធំៗ លើ​ដងផ្លូវ ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ទៀត សុទ្ធតែ​បាន​ផ្សាយពាណិជ្ជកម្ម​ពី​ម៉ាក​ស្រា​បៀរ​គ្រប់​ប្រភេទ មិនតែប៉ុណ្ណោះ​បាន​ទាំង​រំលេច​នូវ​រូបភាព​ទាក់ទាញ​ជាច្រើន​ទៀត ដោយ​ក្រុមហ៊ុន​នី​មួយៗ បាន​ជួល​តារា​សិល្បៈ​ល្បីៗ​មក​ធ្វើ​ការផ្សព្វផ្សាយ ហើយ​ជាពិសេស​ទៅទៀត​នោះ​មាន​ទាំង​កម្មវិធី​ពិសេស​ដោយ​ផ្ដល់​នូវ​រង្វាន់​ជូន​អតិថិជន​ថែមទៀត​ផង​។

ថ្មីៗ​នេះ​ផង​ដែរ ក៏​មាន​រូបភាព​មួយ​សន្លឹក​ដែល​ត្រូវបាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វ៊េ​សប៊ុក​ចែកចាយតៗ​គ្នា ដែល​បង្ហាញ​ពី​រូបភាព​កុមារ​តូចៗ​ដែល​សុទ្ធសឹង​ជា​អនីតិជន​កំពុង​អង្គុយ​ព័ទ្ធ​វង់​ជប់លៀង​ជុំគ្នា មានការ​ទទួលទាន​ម្ហូបអាហារ និង​មាន​ទាំង​ស្រា​បៀរ​កំដរ​ថែមទៀត​ផង​។ រូបភាព​មួយ​សន្លឹក​នោះ ក៏​ត្រូវបាន តំណាងរាស្ត្រ​គណបក្សប្រឆាំង​មួយរូប គឺ​លោកស្រី​មូរ សុខ​ហួរ យក​មក​ចែកចាយ​បន្ត​ផងដែរ ដោយ​សរសេរ​នូវ​ឃ្លា​យ៉ាង​ដូច្នេះ​ថា​៖ «​នេះ​ជា​ផលិតផល​ដែល​ពេញ​ទូរទស្សន៍​របស់​កម្ពុជា​ផ្សាយ​តែ​ស្រា​បៀរ សូម្បី​តែ​ការប្រគំ​តន្ត្រី សុទ្ធតែ​យក​ស្រា​បៀរ​ទៅ​ជល់​នៅលើ​ឆាក​ជា​សាធារណៈ​នៅលើ​កញ្ចក់​ទូរទស្សន៍ ធ្វើអោយ​កុមារ​ដែល​កំពុង​លូតលាស់​ត្រូវ​ការចាប់យក​ចំណេះវិជ្ជា តែ​បែរជា​ចាប់​បាន​ស្រា​បៀរ​ទៅវិញ​ដោយសារ​តែ​មួយ​ថ្ងៃៗ​ឃើញ​តែ​ស្រា​បៀរ​គ្រប់​ទីកន្លែង​...»​។​

ជាមួយគ្នា​នោះ​ផងដែរ លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​ក្រសួង​ព័ត៍មាន ក្រសួង​អប់រំ គិត​ឡើង​វិញ​នៅ​ពាណិជ្ជកម្ម​ស្រា​បៀរ ដែល​ផ្សាយ​ជាច្រើន​តាម​សាធារណៈ​នោះ​។ លោកស្រី​លើកឡើងថា មិនមែន​មាន​តែ​ក្នុង​ទូរទស្សន៍​ទេ ផ្លូវ​សាធារណៈ ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​យ៉ាងច្រើន​ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​កុមារ​។​​

ជា​ការឆ្លើយតប​នឹង​ការរិះគន់​ខាងលើ ថ្លែង​ប្រាប់​វិទ្យុ​វា​យោ លោក​អ៊ុក គឹម​សេង អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បានឲ្យដឹងថា ក្រសួង​បាន​នឹង​កំពុង​គិតគូរ​ពី​បញ្ហា​នេះ​ដូចគ្នា​ដែរ ។ លោក​អ៊ុក គឹម​សេង បន្ថែមថា នៅក្នុង​ប្រទេស​មួយ​បញ្ហា​សេដ្ឋកិច្ច​ក៏​ពឹងផ្អែក​លើ​រឿង​ទាំងឡាយ​ទាំងពួង​នោះដែរ ដូច្នេះ​បញ្ហា​នេះ​មិនមែន​គិត​ភ្លាម​ត្រូវ​ធ្វើ​ភ្លាម​នោះ​ទេ​..............

សំឡេង​លោក​អ៊ុក គឹម​សេង​៖

យ៉ាងណាក្ដី លោកស្រី​មូរ សុខ​ហួរ បាន​លើកឡើង​ថា បញ្ហា​ទាំងអស់​នេះ​ក្រសួង​ពាក់​ពន្ធ័​ពិតជា​មាន​សមត្ថភាព​អាចប​ញ្ឈប់​បាន ឲ្យតែ​មានឆ​ន្ទៈ​។

ដោយឡែក​សម្រាប់​អ្នក​ស្រាវជ្រាវ​អភិវឌ្ឍ​សង្គម លោក​មាស នី យល់​ថា​គ្រឿង​ស្រវឹង​ពិតជា​មាន​ការប៉ះពាល់​ដល់​កុមារ​ពិតមែន​។ តាម​ការស្រាវជ្រាវ​រប​ស់លោក​នា​ពេល​កន្លងមក​នេះ លោក​អះអាង​ថា កុមារ​កម្ពុជា​ក្រោម​អាយុ​១៥​ឆ្នាំ​ភាគច្រើន​សុទ្ធតែ​បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង​។ លោក​បាន​លើកឡើង​ពី​ភូមិ​ខ្លះ​ដែរ​បាន​ជួបប្រទះ គឺ​មាន​អ្នក​ផឹកស្រា​បៀរ​មាន​រហូតដល់​ទៅ ៧០-៨០ ភាគរយ ហើយ​ការឈ្លោះទាស់ទែង​គ្នា ការបែកបាក់​គ្នា​ដែល​បង្ក​ពី​ការសេព​គ្រឿង​ស្រវឹង​នេះ​ក៏​មាន​ច្រើន​ផងដែរ​។ ជាមួយគ្នា​នោះ​លោក​មាស នី ក៏​បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​មែនទែន​ជុំវិញ​បញ្ហា​នេះ ព្រោះ​វា​ជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សង្គម​។

សំឡេង​លោក​មាស នី​៖

បន្ថែម​ពី​ការលើកឡើង​របស់​អ្នកស្រាវជ្រាវ​សង្គម​ខាងលើនេះ អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​មួយចំនួន​ក៏​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ដូចគ្នា​ដែរ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​លើ​ការផ្សព្វផ្សាយ​ស្រា​បៀរ​ជា​សា​ធាណៈ​បែបនេះ ដើម្បី​កុំឲ្យ​ស្រាបៀ​រក្លាយ​ជា​មធ្យោបាយ​ពង្វក់​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ជីវភាព​រស់នៅរ​បស់​ប្រជាជន​ខ្មែរ​៕

ព័ត៌មានផ្សេងទៀត