ព័ត៌មានជាតិ  |  សង្គម

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​​បដិសេធ​ព័ត៌មាន​​ផ្លាស់ប្តូរ​​រដ្ឋមន្ត្រី​​និង​​អភិបាល​ខេត្ត​​នៅ​​ចុង​​ខែ​​មករា​​

11-01-2017 4:58 pm
 ចំនួនទស្សនា 811
Photo/RFI

​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល លោក​ផៃ ស៊ីផា​ន បាន​បដិសេធ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ថា អំឡុង​ចុង​ខែ​មករា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​រៀបចំ​ផ្លាស់ប្តូរ​តំណែង​រដ្ឋមន្ត្រី និង​ចៅហ្វាយខេត្ត​មួយចំនួន​។ លោក​បញ្ជាក់ថា រដ្ឋាភិបាល​មិន​ទាន់​មាន​ផែនការ​រុះរើ​គណៈរដ្ឋមន្ត្រី​ទេ ប៉ុន្តែ​ចំពោះ​ការផ្លាស់ប្តូរ​អភិបាល​ខេត្ត​មួយចំនួន រដ្ឋាភិបាល​កំពុង​រៀប​ចំ​ជា​បណ្តើរៗ​ហើយ​។

លោក​ផៃ ស៊ីផា​ន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ ចាត់ទុក​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​រៀបចំ​ផ្លាស់ប្តូរ​តំណែង​រដ្ឋមន្ត្រី និង​ចៅហ្វាយខេត្ត​មួយចំនួន នៅ​ចុង​ខែ​មករា​នេះ ជា​ព័ត៌មាន​មិន​ផ្លូវការ​ឡើយ​។ លោក​បញ្ជាក់ថា ក្នុង​ពេល​នេះ បញ្ជី​ឈ្មោះ​ផ្លាស់ប្តូរ​អភិបាលខេត្ត​បន្ថែមទៀត មិនទាន់​មាន​នៅឡើយ​ទេ ហើយ​ការរុះរើ​គណៈ​រដ្ឋមន្ត្រី​ក៏​មិនទាន់​មាន​ព័ត៌មាន​ផ្លូវការ​ពី​ថ្នាក់លើ​ដែរ​....​។​
​សំឡេង​លោក​ផៃ ស៊ីផា​ន​៖

​កន្លង​ទៅ​ថ្មីៗ​នេះ បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​បានឱ្យដឹងថា អំឡុង​ចុង​ខែ​មករា​នេះ លោក​ហ៊ុន សែន នឹង​រៀបចំ​ផ្លាស់ប្តូរ​តំណែង​រដ្ឋមន្ត្រី និង​ចៅហ្វាយខេត្ត​មួយចំនួន សំដៅ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ឆ្ពោះ​ទៅ​ការបោះឆ្នោត​នាពេលខាងមុខ​។ ជំ​ហ៊ាន​ដំបូង​នឹង​មាន​ការផ្លាស់ប្តូរ​ចៅហ្វាយខេត្ត​យ៉ាងតិច​៥ ជុំវិញ​បឹង​ទន្លេសាប និង​ភូមិភាគ​ឥសាន​ប្រទេស​។ បន្ទាប់មក​នឹង​មាន​ការផ្លាស់ប្តូរ​តំណែង​រដ្ឋមន្ត្រី​រហូតដល់​ឧបនាយករដ្ឋមន្ត្រី​ថែម​ទៀត​។

​ប្រភព​ព័ត៌មាន​បញ្ជាក់​បន្ថែមថា ការផ្លាស់ប្តូរ​ចៅហ្វាយខេត្ត គឺពាក់ព័ន្ធ​នឹង​បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ​ធនធាន​រ៉ែ បទល្មើស​ជលផល និង​បញ្ហា​គ្រឿងញៀន​។ ចំណែក​ការផ្លាស់ប្តូរ​រដ្ឋមន្ត្រី និង​ថ្នាក់​ឧបនាយក​រដ្ឋ មន្ត្រី​អាច​នឹង​ពាក់ព័ន្ធ​អសមត្ថភាព​ការងារ បក្សពួកនិយម និង​បញ្ហា​ពុករលួយ ហើយក៏​មាន​រដ្ឋមន្ត្រី​មួយ​ចំនួន​ដល់​អាយុ​ចូល​និវត្តន៍​ផងដែរ​។​

ជា​ការកត់សម្គាល់ ការទទួល​បាន​ប្រភព​ព័ត៌មាន​នេះ គេ​អះអាង​ថា បានមក​ពី​ការ​បង្ហើប​ឲ្យដឹង​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណា​ច ដែល​ត្រូវ​បាន​ការិយាល័យ​នយោបាយ​មជ្ឈឹមបក្ស​គណបក្ស​ប្រ​ជា​ជន​សម្រេច​រួច​ហើយ កាលពី​មហាសន្និបាត​គណបក្ស កាលពី​អំឡុង​ខែ​ធ្នូ​កន្លង​ទៅ​។​

​យ៉ាងណាក្តី ព័ត៌មាន​នេះ​ត្រូវបាន​លោក​ផៃ ស៊ីផា​ន​ច្រានចោល ដោយ​អះអាង​ថា លោក​បាន​ចូលរួម​ក្នុង​មហាសន្និបាទ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ប៉ុន្តែ​ថ្នាក់ដឹកនាំ​មិន​បាន​លើកឡើង និង​ពិភាក្សា​ពី​បញ្ហា​នេះ​នៅក្នុង​សន្និបាទ​នោះ​ទេ​។

​គួរ​ជម្រាប​ថា កាលពី​ចុង​ខែ​ធ្នូ​កន្លងទៅ លោក​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ព្រមាន​ដក​ចៅហ្វាយខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប​ចោល បើសិន​មាន​បទល្មើស​នេសាទ​ច្រើន​។ ថ្មីៗ​នេះដែរ ខេត្តកំពង់ធំ​ត្រូវបាន​ផ្លាស់ប្តូរ​អភិបាលខេត្ត​ថ្មី ប៉ុន្តែ​មិនមែន​ជា​ការដក​ចោល ឬ​ទម្លាក់​តំណែង​ឡើយ ដោយ​ចៅហ្វាយខេត្ត​ចាស់ ត្រូវបាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​៕ 

ព័ត៌មានផ្សេងទៀត

 
x