វង់ភ្លេងតន្ត្រីរបស់ជនពិការ ដែលប្រគុំនៅម្ដុំរមណីយដ្ឋានវត្តភ្នំ បានដំណើរការទៅមុខដោយសន្សឹមៗ ក្រោមការជ្រោមជ្រែងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រសួងសង្គមកិច្ច ដើម្បីស្វែងរកថវិកាពីសប្បុរសជន សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ការផ្លាស់ប្ដូរពីប្រគុំតន្ត្រីនៅតាមផ្លូវសាធារណៈ របស់ជនពិការ មកកន្លែងមួយដែលពិតប្រាកដ អាចធ្វើឲ្យមានសណ្តាប់ធ្នាប់ កាត់បន្ថយ គ្រោះថ្នាក់ និងការកកស្ទះតាមដងផ្លូវ ប៉ុន្តែតើវិធីនេះនឹងអាចជួយយឺតយោងជីវភាពរបស់ពួកគេ ឲ្យមានភាពប្រសើរ ឡើងបានដែររឺទេ?
ប្រធានអង្គការជនពិកានៅកម្ពុជា លោកងិន សៅរ័ត្ន បានប្រាប់វិទ្យុវាយោឲ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នេះថា វង់តមន្ត្រីរបស់ជនពិការបានបែកចែកជា ៥ក្រុម ហើយក្រុមនីមួយៗទទួលបានប្រាក់ឧបត្ថម្ភចំនួន១លានរៀល ក្នុងមួយខែ និងឡានចំនួន១ សម្រាប់ដឹកឧបករណ៍តន្ត្រី ដែលមានការឧបត្ថម្ភ ពីលោកហ៊ុន សែន។ ប៉ុន្តែការបែងចែកភាគលាភ របស់ជនពិកានោះ លោកមិនទាន់ដឹងថា អនុវត្តបាន កម្រិតណានៅឡើយទេ………………..
សំឡេងលោកងិន សៅរ័ត្ន៖
លោកងិន សៅរ័ត្ន បានបញ្ជាក់ថា ដំណើរការវង់តន្ត្រីរបស់ជនពិការ ទៅថ្ងៃខាងមុខយ៉ាងណានោះ លោកមិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែយន្តការនេះ លោកមើលឃើញថា វាមានលក្ខណៈល្អប្រសើរជាងមុន ដែលមានការជ្រោមជ្រែងពីប្រមុខដឹកនាំរដ្ឋាភិបាល។
ជាការកត់សម្គាល់នាពេលកន្លងទៅ គេសង្កេតឃើញថា ជនពិកាបានប្រគុំតន្ត្រីនៅតាមផ្លូវសាធារណៈ និងកន្លែងទីប្រជុំជន ជាពិសេសនៅតាមស្តុបធំៗក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកថវិកាចិញ្ចឹមជីវិត ពីសប្បុរសជននានា។ ប៉ុន្តែការប្រគុំតន្ត្រីនៅកន្លែងសាធារណៈនេះ ត្រូវបានអាជ្ញាធរហាមឃាត់ ដោយសារតែប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងធ្វើឲ្យមានការកកស្ទះចរាចរណ៍ជាដើម។
ដើម្បីបញ្ចៀសនូវបញ្ហាទាំងនេះ ប្រមុខដឹកនាំរដ្ឋាភិបាលកន្លងទៅថ្មីៗនេះ បានសម្រេចផ្ដល់កន្លែងរមណីយដ្ឋានវត្តភ្នំ ដើម្បីឲ្យជនពិការ ប្រគុំតន្ត្រីស្វែងរកថវិកាពីសប្បុរសជន ដែលមានការជ្រោមជ្រែងពីរដ្ឋាភិបាល។ ចៀសវាងកុំឲ្យជនពិការ ទៅប្រគុំតន្ត្រីនៅតាមផ្លូវសាធារណៈ ធ្វើឲ្យខូចសណ្ដាប់ធ្នាប់ទីក្រុង៕
ដោយ៖សេង បារាំង