ព័ត៌មានជាតិ  |  នយោបាយ

ប្រធានា​ធិបតី​​សិង្ហ​បុរី​​​ចាកចេញ​​ពី​កម្ពុជា​​​នៅ​ល្ងាច​នេះ​

11-01-2017 3:42 pm
 ចំនួនទស្សនា 109
លោក​តូ​នី តាន់ កេង​យាំ​ប្រធានាធិបតីសិង្ហបុរីអំឡុងពេលជួបពិភាក្សាជាមួយលោកហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា
 Share

​បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ប្រធានាធិបតី​សិង្ហ​បុរី​លោក​តូ​នី តាន់ កេង​យាំ​និង​ភរិយា ព្រមទាំង​គណៈប្រតិភូ​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​១១​ខែ​មករា​នេះ ដើម្បី​បន្ដ​ដំណើរ​ទៅកាន់​ប្រទេស​ឡាវ​។​

​សូមបញ្ជាក់​ថា​លោក​តូ​នី តាន់ កេង​យាំបាន​ធ្វើដំណើរ​មក​បំពេញទ​ស្សន​កិច្ច​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​៨​ខែ​មករា តប​តាម​ការអញ្ជើញ​របស់​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ប្រធានាធិបតី​សិង្ហ​បុរី បាន​ចូល​ក្រាប​បង្គំ​គាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី​និង​ចូល​ក្រាប​បង្គំគាល់ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិ​ខែ្មរ​។

​ក្រៅពីនេះ​លោក​តួ​នី តាន់ កេង​យាំបាន​ជួបពិភាក្សា​ទេ្វ​ភាគី ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផង​ដែរ​។ ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​ធ្វើ​ជា​អធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​ចំនួន​២​គឺ ទី​១. អនុស្សរណៈ ស្តីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ បណ្តុះបណ្តាល​បចេ្ចកទេស និង​វិជ្ជាជីវៈ រវាង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិទ្យាស្ថាន​អប់រំ​បច្ចេកទេស នៃ​សាធារណរដ្ឋ​សិង្ហ​បុរី និង​ទី​២. អនុស្សរណៈ រវាង​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា និង​មន្ទីរពេទ្យ Tan Tock Seng នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។

​ការបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​នេះ លោក​តួ​នី តាន់ កេង​យាំក៏​បាន​អញ្ជើញ​ទៅ​ទស្សនា គម្រោង​របស់​សាធារណរដ្ឋ​សិង្ហ​បុរី នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ក្នុង​រាជធានី​ភ្នំពេញ និង​ចុងក្រោយ ពោល​មុន​ចាកចេញ​ពី​កម្ពុជា លោក​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប​ផងដែរ​៕

ព័ត៌មានផ្សេងទៀត

 
x