ព្រឹត្តិការណ៍សំខាន់ៗ  |  ហេតុការណ៍សំខាន់

សង្គម​ដុល្លារ​​បង្ក​ការ​​ខ្លោចផ្សា​​ដល់​អ្នកក្រ​​

11-01-2017 3:40 pm
 ចំនួនទស្សនា 313
 Share

​ប្រទេស​កម្ពុជា​បាន​ទទួល​សន្តិភាព និង​មាន​ភាព​រីកចំរើន ជាង​២​ទសវត្សរ៍​មក​ហើយ ក្រោយ​ពី​ប្រទេស​មួយ​នេះ បាន​ខ្ទេចខ្ទី​ដោយសារ​សង្គ្រាម​កាលពី​អតីតកាល​។ បច្ចុប្បន្ន​កម្ពុជា បាន​ដើរ​ដល់​ចំណុច​ផ្លូវ​មួយទៀត ពោល​គឺ​ក្លាយខ្លួន​ជា​សង្គម​បែប​ស៊ីវីល័យ​។ ពលរដ្ឋ​ម្នាក់ៗ កំពុងតែ​ប្រកួតប្រជែង​គ្នា ពី​ការប្រើប្រាស់​សម្ភារ​ទំនើបៗ ដោយ​បង្ហាញ​ពី​ភាព​ឡូយឆាយ​របស់ខ្លួន​។ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ទៀត កំពុង​រស់នៅ​ក្នុង​ជីវភាព​ទីទ័លក្រ និង​ខ្លះទៀត​កំពុង​រង​ការជាន់​ជិះជាន់​ពី​អ្នកមាន​លុយ​មួយចំនួន​ផង​ដែរ​។ តើ​រឿង​នេះ​បង្កឡើង​ដោយ​កត្តា​អ្វីខ្លះ​? ជា​បន្ត​សួ​ម​ស្តាប់​បទ​វិភាគ ដោយ គួន សំបូរ​៖

សំឡេង៖

​ជាង​២​ទសវត្សរ៍​មក​ហើយ ដែល​ប្រទេស​កម្ពុជា​បាន​ជ្រក​ក្រោម​ដំបូល​សន្តិភាព​។ សន្តិភាព​បាន​នាំឲ្យ ប្រទេស​ដែល​ធ្លាប់តែ​ខ្ទេចខ្ទី​ដោយសារ​សង្គ្រាម​មួយ​នេះ ស្គាល់​នូវ​ភាព​រីកចំរើន ការអភិវឌ្ឍ និង​ភាព​ស៊ីវិល័យ​ដូច​ប្រទេស​ដទៃ​ទៀត​នៅក្នុង​តំបន់​។ សម្ភារ​ទំនើបៗ​មានដូចជា ទូរ​សព្ទ​ដៃ​គ្រប់​ប្រភេទ ទើបតែ​ចេញ​ថ្មី​បាន​ដាក់​លក់​ពាសពេញ​ប្រទេស​។ រថយន្ត​ល្អៗ​ផលិត​នៅ​ប្រទេស​អភិវឌ្ឍន៍ ត្រូវ​បើក​ទីតាំង​លក់​ពេញ​ទីក្រុង ឧបករណ៍​បច្ចេកវិទ្យា​ផ្សេងៗ កំពុងតែ​ហូរ​ចូល​ជា​បន្តបន្ទាប់​ជាដើម​។​

​ការហូរ​ចូល​សម្ភារ​ទំនើប​នេះ ធ្វើឲ្យ​អ្នក​ដែល​មាន​លុយ​ច្រើន​សប្បាយចិត្ត ក្នុង​ការទិញ​យកមក​ប្រើប្រាស់ ដើម្បី​បង្ហាញ​ថា ខ្លួន​ស័ក្តិសម​ជា​អ្នកមាន​លុយ ជា​អ្នកដើរ​ទាន់សម័យ​ទំនើប និង​ជា​មនុស្ស​បែប​ស៊ីវិល​ល័យ មាន​ប្រាក់​ចាយវាយ​សុទ្ធតែ​ដុល្លារ​។ ដោយឡែក​អ្នក​ដែល​គ្មាន​លុយ​ច្រើន ឬ​អាច​ហៅថា ជា​អ្នកក្រ ខំ​ព្យាយាម​ស្វែករក​ប្រាក់​ទិញ របស់របរ​ទាំងនោះ មកប្រើប្រាស់​នឹង​គេ ដើម្បី​កុំឲ្យ​​គេ​ថា​ខ្លួន​អន់​។ ពល​ដ្ឋ​ខ្លះ សុខចិត្ត​ខ្ចីលុយ​គេ​ទិញ ខ្លះ​ទៀត​បង់​រំ​លោះ​ដោយ​គិត​ការប្រាក់​ខ្ពស់​ក៏មាន​ដែរ​។​

​ជា​ការពិត​ណាស់ ការហូរ​ចូល​សម្ភារ​ទំនើប អាចនិយាយបាន​ថា កម្ពុជា​កំពុងធ្វើដំណើរ​ទៅ​រក​ភាព​រីកចំរើន និង​ការអភិវឌ្ឍ ដូច​ប្រទេស​នៅលើ​ពិភពលោក​អ៊ីចឹង​ដែរ​។ មួយវិញទៀត ការ​ដាក់​ទីតាំង​លក់​ផលិតផល​របស់​ប្រទេស​មហាអំណាច ក៏​អាច​និយាយបាន​ថា កម្ពុជា​មាន​សន្តិភាព​រឹងមាំ​ជាង​មុន​។ ដូច្នេះ​ហើយ​ពលរដ្ឋ​ក្នុង​សង្គម​នេះ ព្យាយាម​រក​ប្រាក់​ដើម្បី​ទិញ​សម្ភារ​ទំនើប ដោយ​មិន​ខ្វល់​ពី​គុណធម៌ និង​វិជ្ជាជីវៈ​«​សំខាន់​ខ្លួន​បានល្អ ឡូយ មិន​ខ្វល់​ការឈឺចាប់ របស់​អ្នកដទៃ​»​។​

​បើ​យើង​ពិនិត្យមើល​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទៅ បើទោះបី​កម្ពុជា​ធ្វើដំណើរ​ទៅ​រក​ភាព​រីកចំរើន តែ​ការរីកចំរើន​នេះ គេ​មើលឃើញ​ថា គឺមាន​តែ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​មួយចំនួន និង​អ្នករកស៊ី​ដែល​ជាប់​សែ​ស្រឡាយ​អ្នកមាន​អំណាច​ប៉ុណ្ណោះ​។ មន្ត្រី​ខ្លះ​បាន​យក​អំណាច ការពារ​ជំនួញ​របស់​ប្រពន្ធ​កូន​ខ្លួនឯង ប្រាក់​ដែល​គេ​បាន​មក គេ​យក​ទៅ​ទិញ​រថយន្ត​ទំនើបៗ សម្ភារ​ល្អៗ ហើយ​លុយ​ទាំង​អស់​នោះ អាច​នឹង​ជាប់​ពាក់ព័ន្ធ ការប្រព្រឹត្ត​អំពើ​ពុករលួយ​ទៀតផង​។​

​ចំណែក​ពលរដ្ឋ​ខ្មែរ ដែល​មាន​ជីវភាព​ក្រីក្រ​វិញ កំពុង​បន្ត​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​។ ជីវភាព​ខ្វះខាត​ជា​រឿង​មួយ តែ​រឿង​ពិបាក​ជាង​នេះ​ទៀត​នោះ គឺ​អ្នក​ទីទ័លក្រ​ខ្លះ ត្រូវ​រង​ការជាន់​ជិះជាន់​ពី​អ្នក​មាន​លុយ និង​មាន​អំណាច​មួយចំនួន ដោយ​បង្ក​ការ​ខ្លោចផ្សា យំ​ស្រែក​។ រឿង​រំលោភ​យក​ដីធ្លី ស្រែចម្ការ ការ បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ស្ទើរតែ​កើតមាន​ពេញ​ប្រទេស ហើយ​រឿង​នេះ ភាគច្រើន គឺ​ជា​ជម្លោះ​ជាមួយ​មន្ត្រី​អ្នកមានអំណាច និង​ក្រុមហ៊ុន​ឯកជន​។

​ពលរដ្ឋ​ខ្លះ​បាត់បង់​ផ្ទះសម្បែង ស្រែចម្ការ បង្ក​ឲ្យ​ជីវភាព​របស់​ពួកគេ​បន្ត​ធ្លាក់​ក្នុង​ភាពដុនដាប ហើយ​ពលរដ្ឋ​ខ្លះទៀត សម្រេច​ធ្វើការ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន ចោល​កូន​ចោល​ចៅ​ទៅ​ប្រទេស​​គេ ដើម្បី​តែ​ប្រាក់​។ ចំណែក​កូនៗ ទុក​ឲ្យ​រស់នៅ​គ្មាន​ភាព​កក់ក្តៅ ខ្លះ​បោះបង់​ការសិក្សា​ជាដើម​។ តើ​ទាំងអស់នេះ ដោយសារ​តែ​ឥទ្ធិពល​ទឹកប្រាក់ និង​ការរស់នៅ​មិន​ចេះ​ចែករំលែក​គ្នា របស់​​ពលរដ្ឋ​ខ្មែរ​ឬ​យ៉ាងណា​? សំណួរ​នេះ ក្នុងន័យ​ចង់​ដាស់​ស្មារតី​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ឲ្យដឹង​ពី​ជំងឺ​សង្គម​យើង​ដែល​ពិបាក​នឹង​ព្យាបាល​។​

​ជា​រួម​មក​វិញ សង្គម​មួយ​ដែល​ដណ្តើម​គ្នា​រស់ និង​ជា​សង្គម​រស់​មិន​ចេះ​ចែករំលែក​គ្នា សង្គម​នោះ​នឹង​គ្មាន សេចក្តីសុខ​ឡើយ​។ គម្លាត​អ្នកមាន និង​អ្នកក្រ ការបែងចែក​វណ្ណៈ ការរើសអើង នៅតែ​បន្ត​កើតមាន​ក្នុង​សង្គម​ដដែល​។ វប្បធម៌​ខាង​លើ​ក​នេះ នឹង​ធ្វើឲ្យ​សង្គម​ធ្លាក់​ក្នុង​ភាព​អន្តរាយ​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​ពុំខាន​។ ពីព្រោះ​អតីតកាល​ធ្លាប់បាន​កើតមាន​ហើយ​ក្នុង​សង្គម​ខ្មែរ ពោល​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៧០​។ កាល​នោះ​ប៉ុល ពត ត្រូវបាន​គេ​ស្គាល់​ថា​ជា​បងធំ​ទី​១ ជា​អ្នក​បដិវត្ត​កម្ពុជា បានប្រែក្លាយ​កម្ពុជា ជា​ប្រទេស​ដែល​គ្មាន​វណ្ណៈ គ្មាន​ការ​ចាយលុយ គ្មាន​អ្នក​មាន គ្មាន​អ្នកក្រ គឺរ​ស់​ដោយ​ស្មើភាព​គ្នា​។​

​ដូច្នេះ​ដើម្បី​ឲ្យ​សង្គម​ជាតិ​ខ្មែរ រស់នៅ​ប្រកប​ដោយ​ភាពសុខដុមរមនា​បាន ពលរដ្ឋ​ទាំង​អស់​មិន​ថា​ជា​អ្នកមាន ឬ​អ្នកក្រ ត្រូវ​រៀន​បណ្តុះ​«​វប្បធម៌​ចែករំលែក​»​។  វប្បធម៌​នេះ គឺជា​វប្បធម៌​ដ៏​ថ្លៃថ្លា​ឧត្តុង​ឧត្តម​ ការចែករំលែក​នូវ​អ្វី​ដែល​អ្នក​បាន​ចេះ​បានដឹង គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​សម្រាប់​អ្នក​ដែល​មិន​ដឹង​។ ទី​២ ពលរដ្ឋ ត្រូវតែ​ព្យាយាម​លុបបំបាត់​គំនិត​អាត្មានិយម​ចេញពី​សង្គម​យើង ហើយ​បណ្តុះ​ក្តីស្រឡាញ់​ដល់​ប្រជាជាតិ​ទាំងមូល​។ ទី​៣ ការរើសអើង​អ្នកមាន អ្នកក្រ ការបែងចែក​វណ្ណៈ និង​ការជិះជាន់​អ្នកក្រ​ដើម្បី​ផលប្រយោជន៍​ក្រុម និង​បក្សពួក​ខ្លួន មិន​ត្រូវ​ឲ្យ​កើតមានឡើយ​នៅក្នុងស​ង្គ​ម​ខ្មែរ​៕

(ដោយ គួន សំបូរ​)

ព័ត៌មានផ្សេងទៀត

 
x