សង្គម​​ស៊ីវិល​​ចង់​ឲ្យ​​រដ្ឋាភិបាល​​ជ្រោមជ្រែង​ដ​ល់​​គម្រោង​​កែ​ច្នៃ​​សំរាម​​នៅ​​ភ្នំពេញ​​ឲ្យ​​កាន់​តែ​ខ្លាំង

ដោយ៖ ធុច ធារ៉ា 11-01-2017 3:28 pm 2533

​នៅ​រាជធានី​ភ្នំពេញ​ក្នុង​មួយថ្ងៃៗ​មាន​សំរាម​ប្រមាណ​ជិត​២​ពាន់​តោន ត្រូវ​បាន​ចាក់​ស្រោច នៅ​តាម​ទីតាំង​ចាក់សំរាម​ផ្សេងៗ ដែល​បរិមាណ​នៃ​សំរាម​នេះ​បាន​ក្លាយជា​ក្ដីកង្វល់​យ៉ាងខ្លាំង ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ សំរាម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​អាច​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាជន បញ្ហា​កង្វក់​បរិស្ថាន ការបំភាយ​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិយាកាស ដែល​ប៉ះពាល់​ផ្ទាល់​ដល់​ការប្រែប្រួល​អាកាសធាតុ និង​ការកើនឡើង​កម្ដៅ​ផែនដី​ជាដើម​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ខែ​មិថុនា ឆ្នាំ​២០១៤ កន្លង​ទៅ​ក្រុមហ៊ុន​ចិន​មួយ​មាន​គម្រោង​បោះទុន​វិនិយោគ​ក្នុង​ការកែច្នៃ​សំរាម​ទៅ​ជា​ថា​ម​អគ្គិសនី ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​១២០​លាន​ដុល្លារ និង​ត្រូវការ​សំរាម​ដើម្បី​កែច្នៃ​ប្រមាណ​២០០០​តោន​ក្នុង​មួយថ្ងៃៗ​ផងដែរ​។ ក៏ប៉ុន្តែ​គម្រោង​នោះ​ហាក់​ស្ងប់ស្ងាត់​ទៅ​វិញ មិនទាន់​មាន​សកម្មភាព​អ្វី​ឡើយ​។​

លោក​មាន ចាន់​យ៉ាដា អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​និយាយថា ក្រុមហ៊ុន​មាន​បំណង​ចង់​វិនិយោគ ក្នុង​ការកែច្នៃ​សំរាម​មាន​ច្រើន ប៉ុន្តែ​នៅពេល​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​បច្ចេកទេស​នៅ​ឡើយ​………..

​សំឡេង​លោក​មាន ចាន់​យ៉ាដា​៖

​ដោយឡែក​លោក​សន ជ័យ​អ្នកសម្របសម្រួល ប្រព័ន្ធ​គណនេយ្យភាព​សង្គម បាន​ផ្ដល់​ជា​យោបល់​ថា រដ្ឋាភិបាល​ត្រូវ​សម្រួល ដល់​ការវិនិយោគ​កែច្នៃ​សំរាម​នេះ ធ្វើយ៉ាងណា​ធានាឲ្យបាន​នូវ​ភាព​ស្អាតស្អំ កុំឲ្យ​អ្នកវិនិយោ​គ​បាក់ទឹកចិត្ត ដោយសារតែ​រឿង​អាស្រូវ លុយ​ក្រោម​តុ​ជាដើម​។ សម្រាប់​លោក​យល់ថា គម្រោង​កែ​ច្នៃ​សំរាម​គឺមាន​សារៈសំខាន់​ណាស់ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល យកចិត្ត​ទុកឲ្យ​បានខ្លាំង​……

សំឡេង​លោក​សន ជ័យ​៖

ជា​ការកត់សម្គាល់ មាន​ក្រុមហ៊ុន​ជាច្រើន​ចង់​បោះទុន​វិនិយោគ​លើ​គម្រោង​កែច្នៃ​សំរាម​ទៅ​ជា​ថាមពល​អគ្គិសនី ក៏ដូចជា​ផលិត​សម្ភា​សំណង់​។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ​គម្រោង​ទាំង​នោះ​ហាក់​ស្ងាត់​សូន្យ​ទៅវិញ ខណៈ​សំរាម​នៅ​ទីក្រុង​សព្វ​ថ្ងៃ​កាន់តែ​កើនឡើង​ជា​លំដាប់​ដែរនោះ​៕

​ដោយ៖ ធុច ធារ៉ា

ព័ត៌មានផ្សេងទៀត