ព័ត៌មានជាតិ  |  សង្គម

១​ឆ្នាំ​ពលករ​ខ្មែរ​ជិត​១​សែន​នាក់​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​

11-01-2017 2:46 pm
 ចំនួនទស្សនា 807

​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា  បាន​ជួយ​សម្រួល​​ស្នើសុំ​ទិដ្ឋ​ការជូន​​ពលករ​កម្ពុជា ដើម្បី​អាច​ទៅ​ធ្វើការ​​នៅ​ប្រទេស​ថៃ​ចំនួន ៦៨,១៧៤​នាក់​។ មួយ​ឆ្នាំ​កន្លងមក​​ចំនួន​ពលករ​​មានការ​កើន​ឡើង​យ៉ាង​ខ្លាំង ដោយ​​ក្នុង​រយៈពេល​​ពេញ​មួយឆ្នាំ​២០១៦ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួយ​​សម្រួល ដោយ​ធ្វើ​កំណត់​ទូត​ស្នើសុំ​ទិដ្ឋ​ការជូន​ពលករ​ខ្មែរ ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ប្រមាណ​ជិត​១​សែន​នាក់​។ 


​របាយការណ៍​ដែល​ចេញ​ផ្សាយ​​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧​នេះ បានឱ្យ​ដឹងថា ក្រសួង​បាន​ជួយ​​សម្រួល​​ស្នើសុំ​ទិដ្ឋ​ការជូន​ពលករ​-​ពល​ការិនី​​កម្ពុជា ដើម្បី​បាន​ទៅ​ធ្វើការ​ស្រប​ច្បាប់​នៅ​​ប្រទេស​ថៃ​។ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦ គឺមាន​ចំនួន​​ពលករ​​ដែល​ត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​​ថៃ​មាន​​រហូត​​ដល់ ៩៧,១០២​នាក់​។​


​របាយការណ៍ បានឱ្យ​ដឹង​ដែរ​ថា ក្នុង​ឆ្នាំ​២០១៦​កន្លង​មក​​ស្ថាន​ឯក​អគ្គរាជទូត និង​​ស្ថាន​​អគ្គ​កុងស៊ុល​​កម្ពុជា​ប្រចាំ នៅ​​ប្រទេស​​ថៃ បាន​អន្តរាគមន៍​​ក្នុងការ​​ដំឡើង​​ប្រាក់​​ឈ្នួល​​ជូន​​ពលករ​ខ្មែរ​ស្របច្បាប់​ចំនួន​ ២៦០​នាក់​។ តែ​យ៉ាងណា​​ក៏មាន​ដែរ ពលករ​ខ្មែរ​១៣៩​នាក់ ដែល​ត្រូវ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​។ 


​ស្ថាន​ឯកអគ្គរាជទូត និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ ក៏​បាន​ជួយ​សម្រួល​មាតុភូមិ​និវត្តន៍​​របស់​ពួកគេ​ផង​ដែរ ដោយ​ក្នុង​នោះ​១១០​នាក់ ជា​ពលករ​​ដែល​រស់នៅ​និង​ធ្វើ​ការ​ស្រប​ច្បាប់ ២២​នាក់ បាន​ចូល​កាប់​​ព្រៃឈើ​ខុសច្បាប់ ២​នាក់​​បាន​ក្លែង​ត្រា​​ខុសច្បាប់ និង​៥​នាក់ រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ពី​​សំណាក់​​ថៅកែ​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត

 
x