ពេល​ថ្លែង​សុន្ទរកថា​​ចុងក្រោយ​​លោក​អូ​បា​ម៉ា​​ឲ្យ​ប្រជាជន​​ការពារ​​លទ្ធិប្រជាធិបតេយ្យ​

ដោយ៖ ពេញ ផេង 11-01-2017 12:36 pm 1811
លោក​អូបាម៉ា​ពេល​ថ្លែង​សុន្ទរកថា

​នៅ​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១០​មករា​នេះ ជា​ថ្ងៃ​ដែល​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា ថ្លែង​សុន្ទរកថា​ចុង​ក្រោយ​ទៅកាន់​អ្នកគាំទ្រ មុនពេល​លោក​បញ្ចប់​អាណត្ដិជា​ប្រធានាធិបតី​អាមេរិក​។​លោក​បាន​ធ្វើដំណើរ​ទៅ​ទីក្រុង​Chicago​នៃ​សហរដ្ឋអាមេរិក សម្រាប់​សុន្ទរកថា​ចុងក្រោយ ដោយ​លោក​អះអាង​ថា​ទីនោះ​ជា​កន្លែង​ដែល​លោក​ចាប់ផ្ដើម ដូច្នេះ​ត្រូវ​បញ្ចប់​នៅ​ទីនោះ​ដូច​គ្នា​។​Chicago​ជា​កន្លែង​ដែល​លោក​អូ​បា​ម៉ា​បាន​ប្រកាស​ពី​ជ័យជម្នះ​ដំបូង​គេ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០០៨​។​

​ក្រោម​វត្ដ​មាន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ បាន​បន្លឺសំឡេង​ស្វាគមន៍​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ដែល​កំពុង​ឈរ​លើ​វេទិកា​មុន​ពេល​ថ្លែង​សុន្ទរកថា​។​លោក​អូ​បា​ម៉ា​បាន​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ ដែល​នៅតែ​ពេញចិត្ដ​រូបលោក និង​និយាយ​ថា​ដោយសារ​តែ​អ្នកគាំទ្រ​ទើប​ធ្វើឲ្យ​លោក​អាច​ក្លាយ​ជា​ប្រធានាធិបតីអាមេ​រិក​បាន​។​អ្នក​ទាំងអស់​គ្នា​ធ្វើឲ្យ​លោក​ក្លាយ​ជា​ប្រធានាធិបតី​ដែ​ល​ល្អ​មួយរូប​។​

​នៅក្នុង​សុន្ទរកថា​ប្រមាណ​ជិត​មួយ​ម៉ោង ប្រធានាធិបតី​ដ៏​មាន​ប្រជាប្រិយភាព​លោក​បា​រ៉ាក់ អូ​បា​ម៉ា​បានលើកឡើង​ពី​ចំណុច​សំខាន់ៗ​ជាច្រើន ប៉ុន្ដែ​អ្វី​ដែល​លោក​ស្នើសុំ គឺ​លោក​សុំឲ្យ​ប្រជាជន​អាមេរិក​ត្រូវការពារ​លទ្ធិប្រជាធិបតេយ្យ​។​លោក​អូ​បា​ម៉ា​ថ្លែងថា “​លទ្ធិប្រជាធិបតេយ្យ​ទាមទារ​ឲ្យមាន​ការ​រួបរួមសាមគ្គី​ជា​មូលដ្ឋាន​។​ទោះបីជា​យើង​មាន​ចំណុច​ខុស​គ្នា​ក៏​ពិតមែន ប៉ុន្ដែ​យើង​បានរួម​គ្នា​ជា​ធ្លុង​មួយ​លើ​បញ្ហា​នេះ​។​យើង​អាច​ដួល​អាច​ក្រោកឈរ​បាន គឺ​យើង​នៅតែ​ជា​មនុស្ស​តែ​មួយ​ដែល​រួមគ្នា​។​”

លោក​បន្ដថា “​មាន​បញ្ហា​ជាច្រើន​ក្នុង​ប្រវត្ដិសាស្ដ្រ​របស់​យើង បាន​គំរាមកំហែង​ដល់​សាមគ្គីភាព​។​លទ្ធិប្រជាធិបតេយ្យ​អាច​ផ្លាស់​ប្ដូរ​នៅពេល​ដែល​យើង​ធ្វើឲ្យ​វា​ក្លាយជា​រឿង​គួរ​ឲ្យ​ភ័យខ្លាច​។​ដូច្នេះ​ក្នុង​នាម​យើង​ជា​ប្រជាជន យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ប្រឆាំង​ការឈ្លានពាន​ពី​ខាងក្រៅ យើង​ត្រូវតែ​ការពារ​ប្រឆាំងនឹង​ការធ្លាក់​ចុះ​តម្លៃ ដែល​ធ្វើឲ្យ​យើង​ស្គាល់​ខ្លួនឯង​ថា​យើង​ជា​នរណា​។​លទ្ធិប្រជាធិបតេយ្យ​ពិតជា​រង​ការគំរាមកំហែង នៅពេល​យើង​ធ្វើឲ្យ​វា​បាត់បង់​។​”

​បន្ថែម​លើ​នេះ​លោក​អូ​បា​ម៉ា​ក៏​អរគុណ​ដល់​ក្រុមការងារ​របស់​លោក​នៅ​សេត​វិមាន មិន​ថា​មានរឿង​អ្វី​កើត​ឡើង​ក៏​ដោយ ក៏​ពួកគេ​មិន​ដែល​គេចវេស​ឡើយ នៅតែ​បន្ដ​សហការ​ជាមួយ​លោក​ជានិច្ច​។​ចំពោះ​លោក​អនុ​ប្រធានាធិបតី​អាមេរិកចូ បាយ​ដិន លោក​អូ​បា​ម៉ា​ចាត់​ទុក​ដូចជា​បងប្អូន ចំពោះ​ការ​សហការ​គ្នា​ធ្វើការ​កន្លងមក​។​

​សូមបញ្ជាក់​ថា​លោក​បា​រ៉ាក់ អូ​បា​ម៉ា​បច្ចុប្បន្ន​មាន​អាយុ​៥៥​ឆ្នាំ​។​លោក​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​រយៈពេល​ពី​រអា​ណ​ត្ដិ​ស្មើនឹង​០៨​ឆ្នាំ​។​លោក​ជាប់​ឆ្នោត​ឆ្នាំ​២០០៨ និង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០​ខែ​មករា​ឆ្នាំ​២០០៩​។​លោក​បា​រ៉ាក់ អូ​បា​ម៉ា​នឹង​បញ្ចប់​អាណត្ដិ​ប្រធានាធិបតី​ទី​៤៤​អាមេរិក នៅពេល​ប្រធានាធិបតី​ថ្មី​លោក​ដូណាល់ ត្រាំ​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០​ខែ​មករា​ឆ្នាំ​២០១៧​នេះ​៕

ព័ត៌មានផ្សេងទៀត