ព័ត៌មានជាតិ  |  សេដ្ឋកិច្ច​

បរា​ជ័យ​​២​​ឆ្នាំ​​ជាប់​​គ្នា​​៖​​នាំ​​អង្ករ​​ចេញ​​១​លាន​​តោន​​របស់​​កម្ពុជា​​នៅ​តែ​​ស្ថិត​​ក្នុង​​ក្តី​​ស្រ​​ម៉ៃ​​

11-01-2017 11:46 am
 ចំនួនទស្សនា 3249

​នៅ​ក្នុង​ការ​បូក​សរុប​របាយការណ៍​ប្រចាំឆ្នាំ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បានបង្ហាញ​ថា នៅ​ឆ្នាំ​២០១៦ កម្ពុជា​នាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស បាន​ចំនួន​ជាង ៥៤​ម៉ឺន​តោន គឺ​កើតឡើង ជាង ០,៧ ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៥​។ តួលេខ​នេះ​ហើយ ដែល​បញ្ជាក់ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការអនុវត្ត​គោល​នយោបាយ​នាំ​អង្ករ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ ឲ្យបាន ១​លាន​តោន ក្នុង​មួយ​ឆ្នាំ​។​

​នៅ​កម្ពុជា មាន​ក្រុមហ៊ុន​ឯកជន ចំនួន​៨៥​ក្រុមហ៊ុន ដែល​រកស៊ី​នាំ​អង្ករ​ចេញទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។ ក្នុង​នោះ​កម្ពុជា​បាន​នាំ​អង្ករ​ទៅ​លក់ មាន​ប្រទេស​ចំនួន​៦៥ គឺ​ប្រទេស​ចិន ឈរ​នៅ​លំដាប់​លេខ​១, ទី​២ ប្រទេស​បារាំង​, ហើយ​ទី​៣ ប៉ូឡូញ ជាដើម ហើយ​ថ្មីៗ​នេះ ប្រទេស​ចិន​បាន​បន្ថែម​ក្នុង​ការទិញ​អង្ករ​កម្ពុជា​ផង​ដែរ​។ បើទោះបីជា​មាន​ក្រុមហ៊ុននាំចេញ និង​ប្រទេស​ទទួល​ទិញ​ច្រើន​​ក្តី​ក៏កម្ពុជា​នៅតែ​បន្ត​បរាជ័យ​​ដដែល។ 

​លោក យ៉ង់ សាំង​កុមារ អ្នកជំនាញ​កសិកម្ម បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា មូលហេតុ​ដែល​កម្ពុជា​ប​រា​ជ័យ​ក្នុង​ការនាំ​អង្ករ​ចេញ​ឲ្យបាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ ដោយសារ​តែ​អង្ករ​កម្ពុជា​នាំ​ចេញ​លក់​ថ្លៃ​ជាង​អង្ករ​ប្រទេស​ដទៃ ដែល​ពិបាក​ក្នុង​ប្រកួតប្រជែង​ជាមួយ​គេ ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។ ម្យ៉ាងវិញទៀត លោក​ថា កម្ពុជា​នៅ​ខ្វះ​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ការបង្កបង្កើន​ផល សម្រាប់​ឲ្យ​កសិករ​ធ្វើស្រែ​ចំការ …………..

​សំឡេង​លោក​យ៉ង់ សាំង​កុមារ​៖ 

​យ៉ាង​ក៏ដោយ អ្នកជំនាញ​កសិកម្ម​រូប​នេះ​ថា ដើម្បី​គាំទ្រ​ក្នុង​វិស័យ​នាំ​អង្ករ​ចេញ រដ្ឋាភិបាល​មាន​កិច្ចការ​បី​ធំៗ គឺ​ទី​១ លើកទឹកចិត្ត​កសិករ​ឲ្យ​ផលិត​ស្រូវ​ល្អ ដែល​មាន​គុណភាព ទី​២ គាំទ្រ​ដល់​វិស័យ​ឯកជន ក៏ដូចជា​សហគមន៍ ដើម្បី​មាន​ដើមទុន​គ្រប់គ្រាន់​ក្នុងការ​ប្រមូលស្រូវ​ស្តុក​ទុក​បាន​យូរ និង​ទី​៣ រាល់​ការចំណាយ​ផ្សេង ត្រូវតែ​មាន​តម្លៃថោក ដូច​ជា​តម្លៃ​អគ្គិសនី​ជាដើម​។​

​គួរ​ជំរាបជូន​ថា កន្លងមក​រដ្ឋាភិបាល ធ្លាប់​បាន​បញ្ជាក់ថា មូលហេតុ​ដែល​បរាជ័យ​ក្នុង​ការអនុវត្ត​គោល​នយោបាយ​នាំ​អង្ករ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ ឲ្យបាន ១​លាន​តោន ក្នុង​មួយ​ឆ្នាំ ដោយសារតែ​អង្ករ​កម្ពុជា​លក់​ថ្លៃ​ជាងគេ មិនអាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ ដែល​អង្ករ​របស់​លក់​ក្នុង​តម្លៃ​ថោក​។ ជាង​នេះ​ទៅទៀត​នោះ កម្ពុជា​នៅ​ខ្វះ​ខាង​បច្ចេកទេស​ច្រើន​ក្នុង​ការផលិត​អង្ករ ដែល​មាន​លក្ខណៈ​ស្តង់ដា​៕

​ដោយ​៖ សេង បារាំង​

ព័ត៌មានផ្សេងទៀត

 
x