ព័ត៌មានជាតិ  |  សង្គម

លោក​យ៉ែម បុញ្ញា​ឫទ្ធិ ​ស្នើ​ឲ្យមាន​​ការផ្ដល់​​អត្តសញ្ញាណប័​ណ្ណ​​ដល់​ព្រះសង្ឃ​​

11-01-2017 11:32 am
 ចំនួនទស្សនា 657

​ពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទ​ត្រូវមាន​អត្តសញ្ញាណ​ប័ណ្ណ​សម្គាល់​ខ្លួន ក្នុងនោះដែរ​ព្រះសង្ឃ​ក៏​ជា​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា ដូច្នេះ​ព្រះសង្ឃ​ក៏​ត្រូវ​ទទួលបាន​អត្តសញ្ញាណ​ប័ណ្ណ​សម្គាល់​ខ្លួន​ដូច​ពលរដ្ឋ​ធម្មតា​ដែរ​។ នេះ​ជា​ការលើកឡើង​របស់​លោក​យ៉ែម បុញ្ញា​ឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​។ ជាមួយគ្នា​នេះ​ផង​ដែរ លោក​ក៏​បាន​ស្នើ​ទៅ​កាន់​ក្រសួង​ធម្មការ និង​សាសនា ត្រូវ​ពិនិត្យមើល​លើ​ចំណុច​នេះ និង​ត្រូវ​រៀបចំ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រគេន​ដល់​ព្រះសង្ឃ​គ្រប់​អង្គ​។

​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ លោក យ៉ែម បុញ្ញ​ឫទ្ធិ បានឱ្យដឹងថា ពីមុន​មាន​ការកំណ​ត់ឲ្យប្រើប្រាស់​ព្រះ​ឆាយា ឬ​ប័ណ្ណ​មន្ត្រីរាជការ ក៏​ប៉ុន្តែ​ក្រោយមក​ច្បាប់​បាន​កំណត់ឲ្យ​ប្រើប្រាស់​អត្តស​ញ្ញាណ​ប័ណ្ណ​ជា​គោល ដូច្នេះ​ត្រូវតែ​មាន​ការកែប្រែ​ទៅតាម​ច្បាប់​ដូចគ្នា​ដែរ​។

សំឡេង​លោក​យ៉ែម បុញ្ញា​ឫទ្ធិ​៖

យ៉ាងណាក្ដី​ការស្នើ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ត្រូវបាន​លោក​ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ទទួលយក​ទៅ​ធ្វើ​ការគិត​ពិចារណា ក្រោយពី​លោក​បាន​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​ចោទសួរ​ចំនួន​៣​ចំណុច​ពី​ម្សិលមិញ​នៅ​រដ្ឋសភា ជុំវិញ​រឿងរ៉ាវ​ទីតាំង​ពុទ្ធ​សាសន​បណ្ឌិត ទីតាំង​ពុទ្ធ​ក​សិក្សា និង​ប្រាក់ខែ ប្រាក់​ម៉ោង មន្ត្រី​ដែល​បង្រៀន​ក្នុង​ពុទ្ធ​ក​សិក្សា​ព្រះសីហនុ​រាជ​។

លោក​យ៉ែម បុញ្ញា​ឫទ្ធិ សង្ឃឹម​ថា​សំណើ​របស់​លោក​នឹង​ទទួលបាន​ជោគជ័យ ព្រោះថា​ច្បាប់​មាន​ការវិវត្ត ដូច្នេះ​ត្រូវ​ធ្វើ​វិសោធនកម្ម​ឲ្យ​វិវត្តិ​ទៅតាម​ច្បាប់​ដែរ​។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា អត្ត​សញ្ញាប័ណ្ណ​សម្រាប់​ព្រះសង្ឃ​នេះ មាន​អត្ថប្រយោជន៍​ជាច្រើន​ដើម្បី​បំពេញតម្រូវការ​ក្នុង​ការរស់នៅ​ដូចជា ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត និង​ដើម្បី​ខ្ចីបុល​ផ្សេងៗ​ក្នុង​ការ​បន្ត​ការសិក្សា​ជាដើម​៕

ព័ត៌មានផ្សេងទៀត

 
x