ព័ត៌មានជាតិ  |  នយោបាយ

​មន្ត្រី​គណបក្សប្រឆាំង​​បង្ហើប​ថា​​ជំនួប​​ក្រោយ​ថ្ងៃ​​១១​​មករា​នឹង​មាន​ការចរចា​ដោះលែង​អ្នក​ជាប់​ឃុំ​

11-01-2017 11:31 am
 ចំនួនទស្សនា 838
 Share

​ឆ្លើយ​សំណួរ​នៅក្នុង​វេទិកា​របស់​វិទ្យុ​អាស៊ីសេរី​ថា​តើ​បញ្ហា​សេសសល់​អ្វីខ្លះ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​យក​ទៅ​ជជែក​ជាមួយ​គណបក្ស​កាន់អំណាច ក្រោយ​ថ្ងៃ​ទី​១១​មករា​? លោក​យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា គឺ​បញ្ហា​អ្នក​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​។

​លោក​ថ្លែងថា​៖ “​ពាក់ព័ន្ធ​ជាមួយ​នឹង​ការដោះលែង​អ្នក​ដែល​ជាប់​នៅ​ពន្ធនាគារ ហើយ​យើង​រងចាំ​ឲ្យ​នីតិវិធី​តុលាការ​បាន​បញ្ចប់​សព្វគ្រប់ ហើយ​នឹង​ការជជែក​គ្នា​ហ្នឹង តើ​ង​នឹង​ដោះស្រាយ​តាម​របៀប​ណា​នោះ ជា​អ្វី​ដែល​ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ពិគ្រោះ​យោបល់​គ្នា ហើយ​ជជែក​គ្នា​ត្រួសៗ​បាន​ច្បាស់​ហើយ​ដែរ​”​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ឱ្យដឹង​បន្ថែម​ថា គណបក្ស​បាន​ត្រៀម​រួច​ជា​ស្រេច​ហើយ​សម្រាប់​ជជែក​ជាមួយ​គណបក្ស​កាន់អំណាច ដោយ​រងចាំ​តែ​ក្រុម​សំឡេង​ភាគច្រើន​ជា​អ្នក​កំណត់​ថ្ងៃ​ជួប​គ្នា​តែប៉ុណ្ណោះ​។ លោក​យ៉ែម បុញ្ញ​ឫទ្ធិ ក៏​មាន​ជំនឿ​ថា វប្បធម៌​សន្ទនា​នឹង​នាំ​ឲ្យ​ការដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ទៅរក​ផល​ជា​វិជ្ជមាន​។

​ដោយឡែក លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មិន​ទាន់​បាន​ដឹង​ច្បាស់​ពី​ថ្ងៃ​នៃ​ជំនួប​រវាង​បក្ស​ទាំង​ពីរ​ដែរ​។ លោក​គ្រាន់តែ​អះអាងថា ការជួប​ចរចា​នេះ​គឺ​ដូច​អ្វី​ដែល​លោក​ស ខេង ប្រធាន​ក្រុម​តំណាងរាស្ត្រ​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា​ធ្លាប់​បាន​បញ្ជាក់​ហើយ​។​

​គួរបញ្ជាក់​ថា ក្រោយ​កិច្ចប្រជុំ​បិទទ្វារ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ កាលពី​អំឡុង​ខែ​ធ្នូ​កន្លង​ទៅ លោក​ស ខេង បាន​បង្ហើប​ឲ្យដឹងថា អាច​នឹង​មាន​ការចរចា​ដោះលែង​សកម្មជន មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល រួម​នឹង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​៕

ព័ត៌មានផ្សេងទៀត

 
x