គណបក្ស​ប្រជាជន​​មិន​ចំណាយ​ពេល​​កសាង​យុវជន​​មាន​និន្នាការ​ផ្សេង​​និង​មិន​អាច​​ធ្វើ​ដន្លង​ដាច់ខាត​

ដោយ៖ ខាត់ សុធី 11-01-2017 11:29 am 14742

​​អត្ថបទ​វិភាគ​មួយ​ដែល​ត្រូវ​បាន​ចុះផ្សាយ​នៅលើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​មាន​ចំណងជើង​ថា​«​ស្ងាត់ៗ មន្ត្រី​កំពូលៗ ឆ្លៀត​ដាក់​តំណែង​ជាន់ខ្ពស់​ឲ្យ​កូន​»​ដែល​អត្ថបទ​នេះ​វាយប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​រក​តំណែង​ឲ្យ​កូន​ខ្លួន​ដើម្បី​បន្ត​វេន​។​

 

​លោក​ហ៊ុន ម៉ា​នី កូន​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ឌី វិជ្ជា កូនប្រសារ​លោកនាយក​រដ្ឋមន្ត្រី លោក​ស សុខា កូនប្រុស​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លោក​សុខ សូ​កាន កូនប្រុស​របស់​លោក​សុខ អាន រួម​ទាំង​កូន​លោក ឌិ​ត មន្ទីរ និង​កូន​លោក ជាម យៀប ផងដែរ គឺជាតំណាងរាស្ត្រនៃគណបក្សនេះ​។ ឯ​តំណែង​រដ្ឋមន្ត្រី​វ័យក្មេង​នោះ​បាន​ទៅ​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែលជា​កូនប្រុស​របស់​លោក សាយ ឈុំ អនុប្រធាន​បក្ស​។ លើសពីនេះ តំណែង​ជាន់ខ្ពស់​ខ្លះ​អាច​មាន​លើសពី ១ ក៏​មាន​ដូច​ជា​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ជា​អគ្គ​មេបញ្ជាការរង​កង​យោធពលខេមរភូមិន្ទរ​បស់​ក្រសួង​ការពារជាតិ​ផង​។​

 

​រី​ឯ​កូនប្រុស​ទាំង ៤ របស់លោក សុខ អាន ឧបនាយក​រដ្ឋមន្ត្រី​គឺ​គ្មាន​អ្នកណា​ម្នាក់​កាន់តំណែង​តូច​ទេ​ដូចជា លោក​សុខ សូកេន ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​សុខ សង្វា​រ ជា​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា លោក​សុខ ពុទ្ធិ​វុឌ្ឍ ជា​ប្រធាន​សហព័ន្ធ​ផលិត​ស្រូវ​អង្ករ​កម្ពុជា និង​លោក សុខ សូ​កាន ជា​តំណាងរាស្ត្រ​ខេត្តតាកែវ​របស់​គណបក្ស​ប្រជាជន​។​លោក​តុង សុ​ប្រាជ្ញ រិះគន់​ទៀតថា បើ​យុវជន​កូនអ្នកក្រ ឬក៏​សមាជិក​សកម្ម​របស់​គ​ណ​បក្ស​វិញ​គឺ​ខ្លះ​បាន​ត្រឹម​ទីប្រឹក្សា ឬ​ខ្លះ​ជា​ជំនួយការ​យួរ​កាបូប​ត្រុកៗ​ឲ្យ​កូនៗ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ប៉ុណ្ណោះ​។​

ឆ្លើយតប​នឹង​អត្ថបទ​នេះ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បាន​បញ្ចេញ​សារ​ជា​ចំហ ដែល​ត្រូវបាន​លោក​ផៃ ស៊ីផា​ន មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល លើក​មក​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​Facebook​របស់ខ្លួន បានបញ្ជាក់​ថា ការកសាង​ធនធានមនុស្ស​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា សំរាប់​បន្តវេន ឲ្យបំពេញ​តួនាទី ភារកិច្ច ជូន​ជាតិ និង​ប្រជាជន ត​ទៅ​ថ្ងៃមុខ និង នាពេល​អនាគត យូរអង្វែង គឺ យកចិត្តទុកដាក់​កសាង​យុវជន​គ្រប់​ស្រទាប់វណ្ណៈ​ក្នុង​សង្គម ដែល​មាន​និន្នាការ​ជឿជាក់ និង​ដើរ​តាម​កម្មវិធី​នយោបាយ គណបក្ស​ប្រជាជន តែ គណបក្ស​ប្រជាជន មិន​យកចិត្តទុកដាក់​ចំណាយ​ពេលវេលា និង ធនធាន ទៅ​កសាង​យុវជន​របស់​បក្ស​ដទៃ ប្ញុ​យុវជន​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង​ជាដាច់ខាត ។

 

​លោក​សុខ ឥសាន បញ្ជាក់ទៀតថា ការកសាង​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​គណបក្ស​ប្រជាជន គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​បក្ស គ្មាន​ជន​ណា ឬ គណបក្ស​ណា មាន​សិទ្ធិ​លូកដៃ​ចូល​បានឡើយ​។ លោក​ថា គណបក្ស​ប្រជាជន មិនអាច តែងតាំង កូន សម រង្សី ឬ​កូន កឹម សុខា ឬ កូន ចៅ អ្នកនេះ អ្នកនោះ នៃ គណបក្ស​សង្គ្រោះ​ជាតិ ឬ​ពី គណបក្ស​ផ្សេង ឬ ពី NGOs ណាមួយ​ទ្បើយ ហើយ​ក៏​រឹតតែ​មិន​អាច​ធ្វើ​ដន្លង​ជាមួយ​គ្នា​ដែរ ព្រោះ​ដើរ​ផ្លូវ​ខុសគ្នា ។ លោក​ថា​នេះ​គឺជា​គោលនយោបាយ កសាង និង​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​គណបក្ស​ប្រជាជន ដើម្បី​ធានា​រ៉ាប់រង ការងារ​ភារកិច្ច​បំរើ​ជាតិ និង ប្រជាជន​យូរអង្វែង តកូនតចៅ មិន​អាច​ឲ្យ​គណបក្ស​ណា​មក​ដណ្តើម​យក​តួនាទី​ដឹកនាំ​របស់​គណបក្ស​ប្រជាជន បាន​ជាដាច់ខាត ។

 

​សូមបញ្ជាក់​ថា​អត្ថបទ​វិភាគ​របស់​លោក​តុង សុ​ប្រាជ្ញ មិនមែន​រិះគន់​តែ​គណបក្ស​កាន់អំណាច​នោះទេ គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​បាន​ឈ្នះឆ្នោត​កាន់​អំណាច​ផង ក៏​ត្រូវ​ប៉ុន្មាន​ព្រនង់​របស់​លោក​សុ​ប្រាជ្ញ​ដែរ​។ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​រិះគន់​គណបក្ស​កាន់​អំណាច​ពី​បញ្ហា​នេះ តែ​ខ្លួនឯង បែរ​ជា​រៀបចំ​សែស្រឡាយ​កូនក្មួយ ធ្វើ​ដូច​គណបក្ស​ប្រជាជន​ដែរ ដូច​ជា​តំណាងរាស្ត្រ គង់ សុភា ដែល​ត្រូវ​គេ​វ៉ៃ​នៅ​មុខ​រដ្ឋសភា​កាលពី​ចុងឆ្នាំ ២០១៥ នោះ​គឺជា​កូនប្រុស​របស់​លោក​គង់ គាំ ជា​អតីត​អនុប្រធាន​បក្ស សម រង្ស៊ី រីឯ​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ច្បង​លោក កឹម សុខា ត្រូវ​លោក​ដាក់បញ្ចូល ឲ្យមាន​តំណែង ជា​អនុប្រធាននាយកដ្ឋាន​កិច្ចការ​សាធារណៈ​។

 

​លោក​សុ​ប្រាជ្ញ ចោទ​ជា​សំនួរ​ថា តើ​ឲ្យ​ប្រជាពលរដ្ឋ​ជឿជាក់​បក្ស​ប្រឆាំង​យ៉ាង​ម៉េច​ទៅ​? បើ​រិះគន់​បក្ស​កាន់​អំណាច​កប់ៗ​មាត់​រឿង​គ្រួសារ​និយម​ដែល​បង្កឲ្យមាន អំពើពុករលួយ​តែ​ខ្លួនឯង​ដាក់​កូនស្រី​ធ្វើ​ដូច​គេ​ដែរ​យ៉ាងនេះ​?

 

ដោយ​៖​ខាត់ សុធី​

 

ព័ត៌មានផ្សេងទៀត