ព័ត៌មានជាតិ  |  សង្គម

តម្រួត​ថៃ​​ព្រមាន​វែកមុខ​​រក​មេខ្យល់​​ខ្មែរ​​ដែល​ដឹកនាំ​​ពលរដ្ឋ​ខ្មែរ​​ឲ្យទៅ​ធ្វើការ​​ខុស​ច្បាប់​​នៅ​ថៃ​

11-01-2017 10:58 am
 ចំនួនទស្សនា 887
ប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិ

​ក្រុម​តម្រួត​ថៃ​ក្នុង​ខេត្ត​ស្រះកែវ សហការ​ជាមួយនឹង​យោធា​ការពារ​ព្រំដែន​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​បាន​ស្ទះ​ឃាត់​រថយន្ត​ចំនួន​២​គ្រឿង និង​ឃាត់ខ្លួន​មនុស្ស​ជាង​៤០​នាក់​សុទ្ធ​ជា​ពលរដ្ឋ​ខ្មែរ​។ បើ​តាម​ការ​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យដឹង​ថា ពលរដ្ឋ​ខ្មែរ​៤៤​នាក់ សុទ្ធ​ជា​គ្រួសារ​និង​សាច់ញាតិ​នឹង​គ្នា រស់​នៅក្នុង​ខេត្ត​សៀមរាប​។ បន្ទាប់​ពី​ឃាត់ខ្លួន ពួកគេ​បាន​សារភាពថា ពួក​គេ​ប៉ុនប៉ង​ឆ្លងដែន​ទៅក្នុង​ប្រទេស​ថៃ ដោយសារ​មាន​មេខ្យល់​រង់ចាំ​ទទួល​នៅ​ទីនោះ ដើម្បី​រក​ការងារ​ឲ្យធ្វើ​។

​ពលករ​ខ្មែរ​ម្នាក់​ក្នុងចំណោម​៤៤​នាក់​បាន​រៀបរាប់​ថា​“​ការធ្វើដំណើរ​មក​នេះ ដោយសារតែ​មាន​ការទាក់ទង​ជាមួយ​នឹ​ង​មេខ្យល់​ខ្មែរ​ម្នាក់ ដោយ​គេ​បាន​ប្រាប់ថា ឲ្យ​នាំគ្នា​ចូល​តាម​ច្រករបៀង​ឆ្លងដែន​ចូល​ទៅក្នុង​ទឹកដី​ថៃ គឺ​មាន​រថយន្ត​នៅ​ចាំ​ជាស្រេច​។ បន្ទាប់មក​គេ​នឹង​ជូន​ទៅ​ដល់​ទីក្រុង​បាងកក រក​ការងារ​អោយធ្វើ ដោយ​គ្រាន់តែ​ចំណាយ​អោយ​ទៅ​មេខ្យល់​នោះ​ក្នុង​ម្នាក់ៗ​២ ៥០០​បាត​”​។​

​លោក​ប៊ិន​ផុន រ៉​ត​សាវ៉ាត​នាយរង​ការិយាល័យ អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​តម្រួត​ខេត្ត​ស្រះកែវ​បាន​អះអាងថា “​បច្ចុប្បន្ន​តាម​ផែនការ​រដ្ឋាភិបាល​គឺ  ត្រូវ​រឹតបន្តឹង​ទៅ​លើ​ការ​លបលួច​ឆ្លងដែន​ខុស​ច្បាប់​របស់​ពលករ​ក្រៅប្រទេស និង​ចាប់​អោយបាន​មេខ្យល់​ដែល​ដឹកនាំ​ពលករ​អោយ​ចូល​ទៅ​រក​ការងារ​ធ្វើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។ លោក​បាន​សង្កត់ធ្ងន់ថា បញ្ហា​ខាងលើ​នេះ​សម្រាប់​ពលករ​ខ្មែរ​ដែល​ញាត់​ណែន​នៅក្នុង​រថយន្ត​បែបនេះ  វា​អាច​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់  ហើយ​លោក​នឹង​ធ្វើ​ការស្រាវជ្រាវ​រក​មុខ​មេខ្យល់​ទាំង​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ថៃ  ក៏​ដូច​ជា​មេខ្យល់​ដែល​ឈរ​បញ្ជា​អោយ​គេ​ដឹក​ពលករ​ទៅអោយ​ខ្លួន​នោះដែរ  ដើម្បី​នាំ​ខ្លួន​ពួកគេ​ទៅ​ដោះស្រាយ​នៅ​ចំពោះ​មុខ​ច្បាប់​”​។​

​ជា​ការកត់សំគាល់ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​តម្រួត​ថៃ​បាន​ឃាត់​និង​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ កន្លងមក​ក៏​មាន​ការឃាត់ខ្លួន​និង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ ឲ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ផងដែរ​។ គេ​នៅ​ចាំបាន​ថា​កាលពី​អំឡុង​ឆ្នាំ​២០១៥​កន្លងទៅ អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ ធ្វើការ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ ដឹក​មក​ទម្លាក់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​យ៉ាងគំហុក​។ ប៉ុន្តែ​នៅតែ​មាន​ពលរដ្ឋ​ខ្មែរ ប្រថុយ​ចំណាកស្រុក​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់ នៅក្នុង​ប្រទេស​ថៃ​ដដែល​៕


ព័ត៌មានផ្សេងទៀត

 
x